សមាគមខ្មែរកម្ពុជាក្រោម និយាយថា ចម្លើយរបស់អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ដែលបានឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកមួយជាវីដេអូមានរយៈពេលជិត២នាទី ដោយនិយាយថា លោកមានពាក់ព័ន្ធនឹងស្ត្រី គឺអាចមានភាពមិនប្រក្រតី។
ការលើកឡើងនេះ ក្រោយពេលអតីតព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ ព្រះអង្គ ប៉ាង សុដា បានអះអាងប្រាប់ វីអូឌី កាលពីថ្ងៃចន្ទថា ព្រះអង្គមិនបានពាក់ព័ន្ធរឿងស្ត្រីអ្វីទាំងអស់ និងជាការចោទប្រកាន់ដើម្បីបំផ្លាញប្រជាប្រិយភាពរបស់ព្រះអង្គតែប៉ុណ្ណោះ។
លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីតព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម ពិតជាបាននិយាយពាក្យពេចន៍ទាំងនោះទៅកាន់សារព័ត៌មានក្នុងស្រុកមែន ពោលគឺមានទាំងវីដេអូផង។
យ៉ាងណា លោកថា អ្នកទស្សនាក៏ត្រូវពិនិត្យមើលឱ្យដិតដល់ថាតើហេតុអីបានជាគាត់និយាយទាំងមានភាពស្ទាក់ស្ទើរ និងថាការឆ្លើយដូចជាមិនលះទៅកាន់ស្ថានភាពដែលប្រព្រឹត្ត។
លោក ប៊ុន មុនី ថា៖ «ពីម្សិលមិញ ការនិយាយរបស់គាត់ហ្នឹងមើលទៅដូចជាខុស ប្រាសចាកពីសភាពដើម១៨០ដឺក្រេតែម្តង។ អ៊ីចឹងទៅ តាមដែលខ្ញុំយល់ ខ្ញុំឃើញថាប្រហែលជាមានគំនាបឬមានបញ្ហាអីមួយដែលយើងមើលឃើញថា ចម្លើយរបស់គាត់ហ្នឹងមានភាពមិនប្រក្រតី»។
តាមរយៈវីដេអូជិត២នាទី អតីតព្រះសង្ឃ ប៉ាង សុដា បានទទួលស្គាល់កំហុសថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនាពិតប្រាកដមែន ហើយលោកសម្រេចថា លោកនឹងមិនវិលទៅសាងផ្នួសជាថ្មីនោះទេ។
អតីតព្រះចៅអធិការ ប៉ាង សុដា បានចេញមកបំភ្លឺបែបនេះដល់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។ ក្នុងវីដេអូនោះ លោក ប៉ាង សុដា បានលើកឡើងថា លោកពិតជាបានប្រព្រឹត្តអសីលធម៌ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាប្រាកដមែន។
តាមរយៈវីដេអូ លោកប្រាប់ថា៖ «ដើម្បីឆ្លើយតបទៅនឹងកំហុសខ្លួនឯង គឺថាខ្ញុំសុំផ្សឹកតែម្តង ហើយក៏អត់មានការបួសមកវិញទេ។ ដោយកន្លងទៅសហគមន៍ខ្មែរកម្ពុជាក្រោមបានលើកឡើងថា ទូលព្រះបង្គំខ្ញុំបានបួសមកវិញហើយ ការពិតអត់មានទេ»។
យ៉ាងណា កាលពី២ថ្ងៃមុន ពោលគឺថ្ងៃចន្ទ ទី០៦ ខែកញ្ញា កន្លងទៅ អតីតព្រះអង្គរូបនេះធ្លាប់បានបញ្ជាក់ប្រាប់ វីអូឌី ដោយច្រានចោលនូវព័ត៌មានដែលថាព្រះអង្គមានពាក់ព័ន្ធនឹងស្ត្រី ថែមទាំងសង្កត់ធ្ងន់ថា ការចោទប្រកាន់គឺជារឿងមិនពិត។
កាលនោះ ព្រះអង្គអះអាងថា៖ «បើសិនជារឿងហ្នឹងវាពិតមែន ពួកហ្នឹងវាបះបោរហែកស្បង់ចីវរលោកហើយ ព្រោះលោកសាច់៣ជាន់ផង ឯកឧត្តមលោកផង […] ធ្វើម៉េចផ្តួលលោកឱ្យបានអ៊ីចឹង ។ល។ តែមកទល់ថ្ងៃនេះ គឺស្ងាត់ស្ងៀមល្អណាស់»។
វីអូឌី បានទាក់ទងសុំការបកស្រាយជាថ្មីនៅថ្ងៃទី០៨ ខែកញ្ញានេះ លោក ប៉ាង សុដា សុំមិនធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងចម្លើយរបស់លោកនៅក្នុងវីដេអូពីសារព័ត៌មានមួយនោះឡើយ។ យ៉ាងណា លោកប្រាប់ថា រឿងវិន័យសង្ឃ តាមពិតស្ថិតនៅលើព្រះសង្ឃដូចគ្នាជាអ្នកវាយតម្លៃ ប៉ុន្តែលោកថា ការពិតជាក់ស្តែង វាមិនដូច្នេះទេ។
លោក ប៉ាង សុដា ថា៖ «រឿងវិន័យ វានៅលើលោកសង្ឃៗគ្នាឯង ប៉ុន្តែការពិត វាអត់អ៊ីចឹងណា! អ៊ីចឹងហើយ បានវាពិបាកនោះ»។
ពេលអ្នកសារព័ត៌មានសួរពីគម្រោងបន្ត ថាតើលោកនឹងគិតបែបណាក្រោយសឹកនេះ? លោក សុដា ថាគ្រួសាររបស់លោកគ្រោងរៀបចំមេធាវីបន្តទៀត។
លោកថា៖ «ឥលូវហ្នឹង យើង [ខ្ញុំ] ថាមិនរកមេធាវីអីទៀតទេ តែគ្រួសារហ្នឹងគេថារកមេធាវីតភាគ។ អ៊ីចឹងបានថាយើងរកឆ្លើយ រកនិយាយមិនឃើញទេ ចាំមើលតាមដំណើរទៅ។ ចាំមើល២[ទៅ]៣ថ្ងៃទៀតមើល៍ ព័ត៌មានម៉េចទៀត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី្ន មានប្រសាសន៍ប្រាប់ វីអូឌី ដែរថា រឿងប្រក្រតីឬមិនប្រក្រតីចំពោះចម្លើយតាមរយៈវីដេអូនោះ គឺសំខាន់លើបុគ្គលអ្នកឆ្លើយ ពោលគឺសាម៉ីខ្លួនអ្នកឆ្លើយជាអ្នកទទួលខុសត្រូវ ព្រោះអ្នកនៅពីចម្ងាយក៏មិនដឹងដូចគ្នា។
លោកថា៖ «ពូមិនឆ្ងល់ទេអាហ្នឹង! រឿងប្រក្រតីឬមិនប្រក្រតី វាសំខាន់ម្ខាស់ខ្លួនគេជាអ្នកឆ្លើយ គេជាអ្នកទទួលខុសត្រូវ។ យើងអ្នកនៅឆ្ងាយ មើលមិនឃើញ ស្តាប់មិនឮផង ហើយចេះតែថាគេមិនប្រក្រតី? មិនអ៊ីចឹង? មានអីទៅវាយតម្លៃគេកើត?»
បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ របស់សមាគមខ្មែរកម្ពុជាក្រោម ព្រះតេជគុណ ប៉ាង សុដា ត្រូវបាននគរបាលស្រុកខេត្ត និងព្រះអនុគណស្រុក ព្រះមេគណខេត្តកំពង់ចាម បានឡោមព័ទ្ធនិងចាប់ព្រះកាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៥នាទីរសៀល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការចាប់ព្រះកាយព្រះអង្គនេះ ធ្វើឡើងក្នុងស្ថានភាពយ៉ាងតក់ក្រហល់ និងមិនមានដីកាតាមនីតិវិធីច្បាប់ឡើយ។ សមត្ថកិច្ចថ្នាក់ឃុំ ស្រុក ខេត្ត និងមន្ត្រីសង្ឃខេត្តជាច្រើនអង្គ/នាក់ បាននិមន្តនិងទៅដល់ទីតាំងវត្ត ចាប់ព្រះកាយទាំងព្រះអង្គដោយមិនបានដឹងខ្លួនជាមុន និងមិនបានត្រៀមលក្ខណៈឱ្យបានត្រឹមត្រូវ សូម្បីតែស្បែកជើងក៏គ្មានដែរ»៕









