តុលាការ​​ផ្តន្ទា​ទោស​​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​៧​រូប​​ដាក់​ពន្ធនា​គារ​ម្នាក់ៗ​​១៨​ខែ​និ​ង​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដោយ​កំបាំងមុខលើ​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ​ចំនួន​១៨ខែ និងពិន័យប្រាក់២​លានរៀល​ដូចគ្នា ក្រោមបទចោទប្រកាន់ «ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះបានបើកសវនា​ការ​កំបាំង​មុខ​កាល​ពីថ្ងៃទី​​២៦ ខែ​សីហា ឆ្នាំ២០២១ ដោយ​មិន​មានវត្តមាន​​​អតីត​សកម្ម​ជន​បក្សប្រឆាំង និងមេធាវី​ចូលរួមទេ។ ប៉ុន្តែចៅក្រមបានសួរដេញដោល​ប្រធានការិយាល័យស៊ើបអង្កេតនិង​អនុវត្ត​នីតិ​វិធី​នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិម្នាក់ ក្នុងអំឡុងពេលសវនាការនោះ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា នៅថ្ងៃនេះ​ បាន​ប្រកាស​សាល​ក្រមផ្ដន្ទា​ទោស​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ១៨ខែ ហើយពិន័យប្រាក់២លានរៀលដូចគ្នា និងបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអ្នកទាំង៧រូបមកដាក់ពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា បើសិនជាតុលាការបានចេញសាលក្រមនិងដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននោះ សមត្ថកិច្ចនឹងអនុវត្ត បើទោះបីជាបុគ្គលនៅក្រៅប្រទេសក៏ដោយ។

លោកថា៖ «ចំពោះជនល្មើសដែលមានសាលក្រមផ្ដន្ទាទោស ហើយរត់គេចខ្លួនហ្នឹង ​រដ្ឋសាម៉ីត្រូវប្រើប្រាស់គ្រប់មធ្យោបាយ​ការទូតឬ​កិច្ចសហការ​ក្នុងវិស័យ​ព្រហ្មទណ្ឌ​ជាមួយ​បណ្ដា​ប្រទេស​ជាមិត្ត ដើម្បី​ធ្វើ​ម៉េច[ចាប់]​ជនល្មើស​​មកផ្ដន្ទាទោសតាម​អំណាច​សាលក្រមរដ្ឋសាម៉ីហ្នឹង។ នីតិវិធីនាំយកជនល្មើសមកផ្ដន្ទាទោសដែលរត់គេចខ្លួនទៅប្រទេសដទៃហ្នឹង តាមរយៈកិច្ចព្រមព្រៀង​តាមវិស័យ​ព្រហ្មទណ្ឌ តាមរយៈការទូតកិច្ចសហការប្រទេស​ជាមិត្ត ក៏ដូចជាក្នុងតំបន់»។

អតីតសកម្មជនបក្សប្រឆាំងទាំងនោះមាន​ដូច​ជា ឈ្មោះ រិន រដ្ឋ​, រុ​ន ចន្ធី, ម៉ៅ​ វិបុល, ស៊ឹម សុភា និង​ នាង សុឃុន ដែល​បច្ចុប្បន្នកំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ខណៈ​ឈ្មោះ ពេជ្រ សំបូរ កំពុង​​រស់​​នៅ​​ប្រទេស​បារាំ​ង និង​ព្រះសង្ឃ នូ សុធា នៅប្រទេសកាណាដា។

លោកមេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា លោក​​​ទទួល​​បាន​​ការ​ពឹង​ពាក់​​ដោយ​​ផ្ទាល់​​មាត់ ប៉ុន្តែ​ចំពោះ​លិខិតផ្លូវ​​ការ​​​នោះ លោកថានៅមិនទាន់ទទួលបានឡើយ ដែល​ករណីនេះបានធ្វើឱ្យលោកខកខាន​​ចូល​រួម​សវនាការ​នាពេលកន្លងមក។

លោកថា៖ «គ្រាន់តែគាត់ពឹងពាក់ដោយផ្ទាល់មាត់ លិខិតហ្នឹង គាត់បានផ្ញើមកហើយ ប៉ុន្តែ​មិន​ទាន់​មក​ដល់ដៃ​ខ្ញុំ។ បើតា​មគាត់​ផ្ញើ​មក គឺ​គាត់​មក​ផ្ញើ​តាំង​ពីថ្ងៃ​ទី​២៣ ខែ​សីហា មុនសវនាការ​ប្រហែល​៣​ថ្ងៃ ប៉ុន្តែ​មិនទាន់​មក​ដល់​ដៃ​ខ្ញុំ។ ​ណាមួយព័ត៌មានហ្នឹង គាត់ទើបដឹងមុខសវនាការ​ប្រហែលជា៣ទៅ៤​ថ្ងៃ​ប៉ុណ្ណោះ»។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក រិន រដ្ឋ ចាត់​ទុក​សាលក្រមផ្ដន្ទាទោសពួកគាត់​នៅថ្ងៃនេះថាជារឿង​នយោបាយ ហើយ​រូប​លោក​ក៏​មិន​ប្ដឹង​ជំទាស់​ទៅ​នឹ​ងសេច​ក្ដីសម្រេច​របស់​សាលា​ដំបូងដែរ។

លោកថា៖ «ខ្ញុំយល់ថា រឿងនេះជារឿងនយោបាយ ទោះបីជាខ្ញុំប្ដឹងជំទាស់ទៅដល់ណាក៏មិនឈ្នះ មិន​អាចផ្ដល់​យុត្តិធម៌​ឱ្យខ្ញុំដែរ។ បើសិន​ជា​​ទទួលបានយុត្តិធម៌មកវិញ ទាល់តែមាន​ការចរចា​នយោបាយណាមួយ អា​ហ្នឹងខ្ញុំជឿជាក់ថា រូបខ្ញុំនឹងមានយុត្តិធម៌ឡើងវិញ ព្រោះប្រព័ន្ធតុលាការរបបលោក ហ៊ុន សែន [រដ្ឋាភិបាល] ​សព្វថ្ងៃ​ គឺសូម្បីប្រជាពលរដ្ឋ ក៏ពួកគាត់លែងរំពឹងនឹងប្រព័ន្ធតុលាការនេះដែរ»។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត​​ លោក ម៉ៅ​ វិបុល លើកឡើងថា រូបលោកនឹងមិនប្ដឹងជំទាស់សាលក្រមនេះទៅសាលា​ឧទ្ធរណ៍ទេ ដោយ​យល់ថា សំណុំរឿងរបស់ពួកគាត់​ជារឿងនយោបាយ។

អតីត​គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលចេញ​សាល​ដីកា​រំលាយ​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​នោះ មន្ត្រីជាន់ខ្ពស់១១៨​រូប​ក៏​ត្រូវ​បាន​ហាម​ឃាត់ មិន​ឱ្យធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។  

អតីតមេដឹកគណបក្សប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនចោទ​ប្រកាន់​ពី​បទ «ឃុបឃិត​ជាមួយ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល» ខណៈសវនាការ​លើ​សំណុំរឿង​របស់​លោក និង​សកម្មជន​ជាង​១០០នាក់​ផ្សេង​ទៀតដែល​រងការចោទប្រកាន់ពី «រួមគំនិតនិងញុះញង់» ត្រូវពន្យារ​ពេល​ចាប់​តាំង​ពី​មានការ​រីក​រាល​ដាលកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ