តុលាការ​បន្ត​ចោទ​សួរ​អតីត​សមា​ជិក​បក្ស​ប្រឆាំង​២​នាក់​ពី​បទ​«រួម​គំនិត​ក្បត់»

អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ក្នុងរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ប្រមាថ និងញុះញង់ប្រព្រឹត្តិបទល្មើសជាអាទិ៍» កាលពីឆ្នាំ២០១៩។ (ឃុន វ៉ាន់ដា)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃនេះ ​នឹងបន្តចោទសួរសមាជិក​អតីត​គណបក្សប្រឆាំងពីរនាក់ គឺលោក គង់ ម៉ាស់ និងលោក ខាត់ ប៊ុនផេង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។​

លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញមេធាវីការពារក្តី លោក សំ សុគង់ ដើម្បីចូលស្តាប់ការសាកសួរបន្ថែមរបស់កូនក្តីនៅវេលាម៉ោង២រសៀលថ្ងៃនេះ។

កាលពី​​ថ្ងៃទី​១៥ ខែកក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណ​រ័ត្ន បាន​កោះហៅអតីតសមាជិកបក្សប្រឆាំងទាំង២រូបដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ​នោះមកសាកសួរ​ម្តងរួចហើយ ជុំវិញ​សំណុំរឿង «​រួមគំនិត​ក្បត់​»។

អាជ្ញាធរ​​បាន​​ចាប់​ខ្លួនលោក គង់ ម៉ាស់ នៅរាជធានី​​ភ្នំពេញ និង​ចាប់ខ្លួនលោក ខាត់ ប៊ុនផេង នៅ​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​តែមួយ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ ហើយបានបញ្ជូន​ពួកគេទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ ការចាប់ខ្លួននេះ បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់ពួកគេថា មានគម្រោង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ពាក់ព័ន្ធ​ផែនការ​វិល​ចូល​ស្រុក​របស់លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីដើម​ខែ​មករា ឆ្នាំ​២០២១​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ