តុលាការ​ខេត្ត​ស្ទឹងត្រែង​​កំពុង​សាកសួរ​អ្នក​កាសែត​៩​នាក់​ពី​បទ​​​កំហែង​​​យក

អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់» ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ (រូបភាពផ្សព្វផ្សាយដោយហ្វេសប៊ុកផេក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា)

តុលាការខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែកញ្ញានេះ កំពុងសាកសួរអ្នកកាសែតចំនួន៩នាក់ ក្រោមការចោទប្រកាន់ពីបទ«កំហែងយក»។

អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ សាងហាក់ បានប្រាប់ វីអូឌី នៅមុននេះបន្តិច​ថា កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនអ្នកកាសែតចំនួន៩​នាក់ទៅ​កាន់តុលាការ​ខេត្ត​​​នៅព្រឹកមិញនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទកំហែងយក។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើតុលាការសម្រេចយ៉ាងណានោះ​ គិតត្រឹមរសៀលថ្ងៃនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ច្បាស់បញ្ចប់ការសាកសួរនៅពេលណាដែរ ព្រោះអីគ្នាច្រើនដែរ! រឿងហ្នឹងទើបទទួលបានព្រឹកមិញម៉ោង១០ ដល់អ៊ីចឹង[ព្រះរាជអាជ្ញា]កំពុងសួរដែរ»។

គួរជម្រាបជូនថា យ៉ាងហោចណាស់ អ្នកកាសែត​អនឡាញចំនួន៩នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារ ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើបា​ន​ប្តឹង​​ប​ក​ពីបទ «​កំហែងយក ឬជំរិតទារប្រាក់»

ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD កាលពីថ្ងៃពុធ​ថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយបានទារប្រាក់ចំនួន៤ ០០០​ដុល្លារ។

តែយ៉ាងណា លោកថា ក្រោយពីទារប្រាក់មិនបានសម្រេច អ្នកសារព័ត៌មានទាំងនោះបានទូរសព្ទប្រាប់​​កង​រាជអាវុធហត្ថ​ប្រចាំ​ខេត្ត​នេះឱ្យមានវិធានការផ្លូវច្បាប់ ប៉ុន្តែ​ពេលកងកម្លាំងអាវុធហត្ថទៅពិនិត្យ​រកឃើញថា នៅលើរថយន្តនោះ​ជាប្រភេទឈើដែលរុះពីផ្ទះចាស់ៗដែល​ពលរដ្ឋលក់​ឱ្យ និង​មាន​លិខិត​អនុញ្ញាត​ពីរដ្ឋបាល​ព្រៃ​ឈើ។

ករណីនេះ ម្ចាស់រថយន្តដឹកឈើបានប្តឹងចោទប្រកាន់ទៅលើ​អ្នកសារព័ត៌មាន​ទាំង​នោះ​​វិញពីបទឃាត់រថយន្តទុក ដើម្បីជំរិតទារប្រាក់ពី៤ ០០០​ដុល្លារ ទៅ៥ ០០០​​ដុល្លារ​ និងត្រូវបាន​កង​រាជ​អាវុធ​ហត្ថ​ខេត្តស្ទឹងត្រែងចាប់ខ្លួនបាន​ជាបន្តបន្ទាប់។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា «ខេមបូចា» លោក ណុប វី មាន​ប្រសាសន៍​ថា អាជ្ញាធរនិង​​មន្ត្រី​តុលាការ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើអង្គហេតុ​ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចោទប្រកាន់លើក្រុមអ្នកសារព័ត៌​មាន​ទាំង​នោះ ដើម្បី​កុំឱ្យប៉ះពាល់​ដល់​សេរីភាព​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «គួរតែពិនិត្យមើលថា មូលហេតុអ្វីបានជាអ្នកសារព័ត៌មានគាត់តាមឡានដឹកឈើ! ហើយចំណុចមួយទៀត ខ្ញុំទទូចដល់​អាជ្ញាធរមូលដ្ឋានឱ្យពិនិត្យអំពីឈើដែលដឹកនោះ តើវាជាផ្នែកមួយពាក់ព័ន្ធជាមួយនឹងបទល្មើសទេ ឬមួយក៏វាជាឈើដូចជាម្ចាស់ឈើគាត់បានអះអាងមែន? វាជាជាងគ្រាន់តែធ្វើកិច្ចការងារចោទប្រកាន់ជាមួយអ្នកសារព័ត៌មាន ព្រោះខ្ញុំមើលទៅអ្នកសារព័ត៌មាន​ក្លាយទៅជាគោលដៅមួយ​របស់អាជ្ញាធរមូលដ្ឋាន ឬបុគ្គលមួយចំនួនដែលរកស៊ីខុសច្បាប់នោះ»។

លោកមានប្រសាសន៍បន្ថែមថា៖ «វាជាផ្នែកមួយពាក់ព័ន្ធជាមួយនឹងការគំរាមកំហែងដល់អ្នកសារព័ត៌មានដែរ។ យើងដឹងហើយ អ្នកសារព័ត៌មានដែលហ៊ានប្រមាញ់ទាក់ទងនឹងជាមួយនឹងបទល្មើសព្រៃឈើ ឬមួយក៏អ្នកសារព័ត៌មានដែល​ហ៊ាន​ទៅធ្វើសេចក្តី​រាយ​ការណ៍​នៅទីកន្លែងកើតមានបទល្មើស ហើយក្នុងករណីដែលអាជ្ញាធរចេះតែធ្វើសកម្ម​ភាព​ប្រឆាំង​អ្នក​សារ​ព័ត៌មាន វានឹងធ្វើឱ្យអ្នកសារព័ត៌មានផ្សេងទៀតលែងហ៊ានចុះទៅយកព័ត៌មាននៅទីកន្លែងដែលមានករណីបទល្មើសព្រៃឈើ ឬក៏បទល្មើសផ្សេងៗទៀត»។

ក្នុងឆ្នាំ២០២១នេះ គិតពីខែមករា ដល់ខែកញ្ញានេះ ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា «ខេមបូចា» បានកត់ត្រា​ករណីបៀតបៀននិងគំរាម​កំហែងទៅ​​លើអ្នកសារព័ត៌មានចំនួន៣៨ករណី លើអ្នកសារព័ត៌មានចំនួន៥៨នាក់ ក្នុង​នោះមា​នស្ត្រី៤នាក់ ដែលភាគច្រើនជាករណីចាប់ឃុំខ្លួននិងការប្រើអំពើហិង្សា។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយឈរនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេស​និងដែនដីនៅ​​លើ​ពិភព​លោក។ 

សេរីភាពសារព័ត៌មានដែលអង្គការនេះ​វាយតម្លៃ បង្ហាញ​​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នា​ចាប់តាំងពី​ឆ្នាំ២​០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០ និង​​​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ