អាជ្ញាធរ​បញ្ជូន​មន្ត្រី​នគរបាល​ដែល​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹក​​នេះ

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ខណ្ឌ៧មករា​ម្នាក់ទៅតុលាការនៅព្រឹកថ្ងៃសុក្រ​​នេះ ក្រោយបង្កឱ្យ​​ស្ត្រីម្នាក់រងរបួស​​ត្រង់​ក្បាលធ្ងន់ធ្ងរក្នុងពេល​ចុះ​ពិនិត្យ​បទល្មើសចរាចរណ៍។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា មាន​ប្រសាសន៍​ថា មន្ត្រីនគរបាលដែលវាយកញ្ញា ងន ស្រីនិច្ច កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃសុក្រនេះ។

លោក​បន្តថា ការបញ្ជូនទៅតុលាការនេះ ក្រោយរក​ឃើញ​ថា​ ​លោក ​ម៉ាត់​ ​ពិសី​ ​មន្ត្រី​ផ្នែកកងអន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ បាន​យក​អាយ​ឌី (ID) ឬ អាយកូម​ ​វាយក្បាល​ស្ត្រីម្នាក់ឱ្យ​រង​របួសធ្ងន់ធ្ងរ​​។​

យ៉ាងណា លោក សាន សុខសីហា ថាមន្ត្រីនគរបាលរូប​​នេះបានច្រានចោលចំពោះការចោទប្រកាន់ និងបានអះអាងថា ខ្លួនគ្រាន់តែបានរត់ទៅស្ទាក់ម៉ូតូរបស់​ជនរងគ្រោះតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ព្រឹកមិញហ្នឹង សមត្ថកិច្ចជំនាញគេបានបញ្ចូនមន្ត្រីបង្កទៅតុលាការហើយ។ នីតិវិធីបន្តយើងមិនមានអីសម្រេចកើតទេ ព្រោះនីតិវិធីបន្តគឺជាការងាររបស់ខាងតុលាការ។ ព្រោះសមត្ថកិច្ចយើងបានត្រឹមតែបញ្ជូនទាក់ទងការងារហ្នឹង ដោយសារតែភាគីសងខាងមិនមានការសម្រុះសម្រួល មិនមានការឯកភាពគ្នា»។

គួរបញ្ជាក់ជូនថា ការបញ្ជូនខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករាឈ្មោះ ម៉ាត់ ពិសី ទៅតុលាការនេះ ធ្វើឡើង​ក្រោយ​ពី​មាន​​បទបញ្ជាពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ឱ្យ​ស៊ើបអង្កេតនិងមាន​ចំណាត់​ការ​លើរឿង​នេះ។ ចំណាត់ការនេះក៏បានធ្វើឡើង​​​បន្ទាប់ពីមានការរិះគន់ជាច្រើន​ពីសាធារណជន ជុំវិញ​សកម្ម​ភាពមិនល្អរបស់មន្ត្រី​នគរបាលរូបនេះដែល​យកអាយកូមវាយក្បាលស្ត្រីម្នាក់ជិះម៉ូតូគេចពីគោលដៅ​ត្រួតពិនិត្យច្បាប់ចរាចរណ៍។

ទាក់ទងសំណុំរឿងនេះ ស្ត្រីរងគ្រោះបានស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធរកយុត្តិធម៌ដល់ខ្លួន និងទាម​ទារ​​សំណង​ជំងឺចិត្តឱ្យបានសមរម្យទៅនឹងកិត្តិយសក្នុងនាមជាស្ត្រី និងម៉្យាងដើម្បីយកប្រាក់ទៅព្យាបាលក្បាលដែលរងរបួសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ