សង្គម​ស៊ីវិល​ចង់​ឱ្យ​​​តុលាការ​អនុញ្ញាត​ឱ្យ​​លោក​ រ៉ុង​ ឈុន​ បាន​ការ​ព្យាបាល​​នៅ​ក្រៅ​ពន្ធនាគារ​​​ដូច​​ឧកញ៉ា​មួយចំនួន

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចង់​ឃើញ​តុលាការនិងពន្ធនាគារអនុវត្តច្បាប់​ចំពោះ​លោក រ៉ុង ឈុន ឱ្យដូចទៅនឹងបុគ្គលដែលមានឥទ្ធិពលនិង​ឧកញ៉ាមួយចំនួនដែល​អាចទទួលបាន​សេវាព្យាបាល​នៅ​ក្រៅពន្ធនាគារ ដើម្បីឱ្យក្រុមគ្រួសាររបស់គាត់​អាច​មាន​លទ្ធភាព​មើលថែនិងព្យាបាលឱ្យបានដិតដល់។

នាយករង​អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ស្ថានភាព​ជំងឺ​របស់​លោក រ៉ុង ឈុន ពេលនេះ តុលាការនិង​ភាគីពា​ក់ព័ន្ធផ្សេង​ទៀតគួរពិចារណាផ្តល់សេរីភាពឱ្យគាត់ ដើម្បីទទួលការព្យាបាលមួយ​ដ៏​ត្រឹម​ត្រូវ។

លោកបន្តថា ការអនុវត្តដូច្នេះក៏វាមិនខុសអ្វីទៅនឹងនីតិវិធីដែរ ព្រោះជនជាប់ចោទក៏ត្រូវបានការការពារដោយច្បាប់។ ម្យ៉ាងវិញទៀត លោកថា ​សិទ្ធិមួយចំនួន រួមទាំងសិទ្ធិទទួលបាន​សេវាព្យាបាល​ដោយ​ត្រឹម​ត្រូវ គឺ​មិនអាច​ត្រូវបានជនណាម្នាក់រំលោភបំពានឬដកហូតបានឡើយនៅអំឡុងពេលជាប់ឃុំនេះ។

លោកបានថ្លែងនៅថ្ងៃសុក្រនេះ​ថា៖ «ការយល់ឃើញរបស់ខ្ញុំ ស្ថានភាពជំងឺលោកគ្រូ រ៉ុង ឈុន ហ្នឹងក៏ធ្ងន់ធ្ងរ ហើយ​​ចាំ​បាច់​​ត្រូវ​​​ការពេលវេលាក្នុងការព្យាបាលក្រោយការវះ​​កាត់។ បញ្ហានេះ គួរមានការ​​អនុញ្ញាត​ឱ្យ​​គាត់​មាន​​ការព្យាបាលគ្រប់គ្រាន់។ បើទោះបីជាជនជាប់ចោទក៏ដោយ ក៏លោកនៅមានសិទ្ធិទទួលបានសេវាសុខភាពដូចពលរដ្ឋដទៃយ៉ាងដូច្នេះដែរ»។

ដោយឡែក នាយិកា​ប្រតិបត្តិ​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក​ស្រី ចក់ សុភាព ក៏​​​ឯ​​ក​​​​ភាពដែរថា ជំងឺភ្នែក របស់លោក រ៉ុង ឈុន គួរត្រូវបានមើលថែពីក្រុមគ្រួសារឱ្យបានដិតដល់និងត្រឹមត្រូវបំ​​ផុត​​។ លើស​​ពី​​នេះ​​ទៀត លោក​ស្រីក៏ចង់ឃើញការអនុវត្តច្បាប់ឱ្យមាន​ភាពស្មើគ្នានៅកម្ពុជាដែរ ​រវាងបុគ្គល​ដែលមានឥទ្ធិពលឬសិទ្ធិអំ​​ណាចនៅក្នុងសង្គម ​ជាមួយនឹង​ពលរដ្ឋ ដើម្បី​​ចៀស​​​វាង​​ការ​​រិះគន់ចំពោះការអនុវត្តច្បាប់ថាមានស្តង់ដារពីរ​។

លោក​​ស្រីបន្តថា៖ «​ស្ថានភាពទាំងអស់ហ្នឹង គឺត្រូវតែយកមកអនុវត្តដូច​គ្នាចំពោះពលរដ្ឋដទៃ​​ដែរ។ វា​​មិន​​មែន​​ថា ក្នុងករណីដោយសារគាត់ជាឧកញ៉ាឬក៏គាត់មានឋានៈ​ជាមន្រ្តីរាជការសំខាន់ៗ​​​ហ្នឹង​​គាត់​​អាច​​ទទួល ប៉ុន្តែសម្រាប់ពលរដ្ឋទូទៅនិងសម្រាប់ស​​កម្មជនអីហ្នឹង​មិនអាច​​ទទួលបាន។ ​​ដូច្នេះ​​ នេះ​​ជាការអនុវត្តសិទ្ធិដែលគេហៅថា របៀបស្តង់ដារពីរ​ ឬក៏ស្តង់ដារ​ច្រើនហ្នឹង»។

ការលើកឡើងរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើឡើង បន្ទាប់ពីមន្រ្តីនាំពាក្យ​​នៃ​​អគ្គនាយកដ្ឋានពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែ​កញ្ញា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្នែកខាងស្តាំរបស់លោក រ៉ុង ឈុន មានអាការធ្ងន់ធ្ងរ ដោយរង់ចាំការ​​សម្រេច​​ពី​​ក្រុម​​គ្រូពេទ្យ ដើម្បីកំណត់ថ្ងៃវះកាត់។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេ​ញ កាត់​​ទោស​​កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» បន្ទាប់ពីលោកត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស បានរយៈពេល​ប្រមាណ១៣ខែកន្លងទៅនេះ។

លោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា ពេលនេះសាច់​​​ញាតិកំពុ​ងពិគ្រោះយោបល់ជាមួយមេធាវី ដើម្បីរកមធ្យោបាយស្នើទៅតុលាការឱ្យ​មាន​ការ​ដោះ​​លែង​គាត់​​បាននៅក្រៅឃុំ ងាយស្រួលក្នុងការមើលថែនិងព្យាបាល។ លោកបន្តថា ភ្នែកខាងស្តាំរបស់គាត់នេះមានបញ្ហាជាយូរមកហើយ និងទទួលបានការព្យាបាល​​ពី​​ក្រុម​​​គ្រូ​​ពេទ្យជាប្រចាំផងដែរនៅមុនពេលជាប់ឃុំនេះ។

លោកបន្តថា៖ «បច្ចុប្បន្ននេះ ខាងខ្ញុំអត់បានធ្វើសំណើអ្វីនៅឡើយទេ កំពុងពិនិត្យជា​​មួយមេធាវី​​នៅ​ឡើយ ​​ដើម្បីយើងធ្វើនីតិវិធីយ៉ាងម៉េចអាចស្នើសុំឱ្យគាត់បាននៅក្រៅឃុំ ដើម្បីសម្រាកព្យាបាល»។

បើតាមលោក រ៉ុង វិជ្ជា ស្ថានភាពភ្នែកបច្ចុប្បន្នរបស់លោក រ៉ុង ឈុន ដែលកំពុងជាប់​​ក្នុងពន្ធនាគារព្រៃស គឺមានអាការរលាកនិងហើមត្របកភ្នែកខាង​​ស្តាំខ្លាំង ដែលទាមទារឱ្យ​មាន​ការ​​តាម​ដាន​និងព្យាបាលឱ្យ​បាន​ម៉ត់ចត់បំផុត។

ទាក់ទងរឿងនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់ថា ករណីលោក ​រ៉ុង ឈុន នេះ តុលាការបានចេញសេចក្តីសម្រេចរួចទៅ​ហើយ ហើយ​​បើ​​សិន​ជនជាប់ចោទមិនពេញចិត្តទៅនឹងសេចក្តីសម្រេចនេះទេ អាចមានសិទ្ធិធ្វើបណ្តឹង​​ឧទ្ធ​​រណ៍​​បន្តទៀតបាន។

លោក​ថា៖ «មានសាលក្រមហើយ គេនឹងអនុវត្តសាលក្រមនេះ។ ហើយបើគាត់មិនពេញនឹង​​​សា​ល​​ក្រម​​​ហ្នឹងយ៉ាងម៉េច នៅក្នុងអំឡុង​ពេលនេះ គាត់មានសិទ្ធិប្តឹងឧទ្ធរណ៍ហ្នឹង គាត់ប្តឹងឧទ្ធរណ៍ទៅ»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីលោក នុត សវនា មន្រ្តីនាំពាក្យនាយកដ្ឋាន​​ពន្ធ​​នាគារនៃក្រសួងមហាផ្ទៃ និងលោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បាន​ទេ ​នៅថ្ងៃ​​សុក្រ​​នេះ​​។ 

បើទោះជាបែបណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស លើកឡើងថា ការ​​​អនុវត្តច្បាប់បច្ចុប្បន្ន​ ហាក់​មិនមានភាពស្មើគ្នានៅឡើយរវាងពលរដ្ឋនិងអ្នកមានលុយ​មានអំណាច​​​ ដែលបញ្ហានេះបង្កើ​ត​​​​ឱ្យមានការរិះគន់ជាហូរហែ។

ពួកគេបន្តថា មានសំណុំរឿងព្រហ្មទណ្ឌមួយចំនួនប្រឆាំងនឹងបុគ្គល​​ដែលមាន​​ឥទ្ធិ​​ពលនិងឧកញ៉ាខ្លះ ដូចជា អតី​​តអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត, អតីតម្ចាស់ក្លឹបកម្សាន្តដ៏ធំនៅបឹងត្របែក ឧកញ៉ា គិត ធាង និងម្ចាស់ខុនដូ៩៩៩ នៅជិតពេទ្យរុស្ស៊ី លោកឧកញ៉ា ថោង សារ៉ាត់ ជាដើម ត្រូវបានគេ​​​សង្កេត​​ឃើញថា អ្នកទាំងនោះអាចទទួលបានសេវានិងជម្រើសនៃការព្យាបាលនៅខាងក្រៅ ក្នុងពេល​​អំឡុង​​ពេលពួកគេជាប់ពន្ធនាគារ។

លោក អំ សំអាត នាយករងអង្គការលីកាដូ លើកឡើងពីបញ្ហានេះថា លោក រ៉ុង ឈុន គួរ​​ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដើម្បីមានជម្រើសក្នុងការព្យាបាលនិងវះកាត់ភ្នែករបស់គាត់ បើ​​ធៀបទៅនឹងទណ្ឌិត​​ដែល​​មាន​​បុណ្យសក្តិនិងទ្រព្យធន​ស្តុកស្តុមទាំងនេះ ព្រោះវេជ្ជបណ្ឌិតបាន​​​បញ្ជាក់​​ហើយថា អាការ​​រោគ​​របស់គាត់​មានស្ថានភាពធ្ងន់ធ្ងរ។

សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ជា​ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេ​ញ កាត់ទោសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» បន្ទាប់ពីលោកត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសបានរយៈពេលប្រមាណ១៣ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ