ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទអតីតមេភូមិ និងជាអ្នកមានទ្រព្យម្នាក់ថា បានរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ហើយអាជ្ញាធរមិនអើពើក្នុងការដោះស្រាយ។
ក្នុងលិខិតមួយប្តឹងទៅអភិបាលក្រុងប៉ោយប៉ែត កាលពីដើមឆ្នាំ២០២១ បានលើកឡើងថា ប្រជាពលរដ្ឋជាង២០គ្រួសារ នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្តឹងលោក ធាប គឹមសាង ជាអតីតមេភូមិអូរឫស្សី និងបច្ចុប្បន្នជានាយកសាលាបឋមសិក្សាអូរឫស្សីលើ ថាបានរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានលួចបិទរបងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលបានឡើយ។
លោក នុត ឡាយ អាយុ៦៦ឆ្នាំ នៅភូមិអូរឫស្សី ដែលចូលរួមប្តឹងជាមួយប្រជាពលរដ្ឋដែរនោះ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្នុងភូមិនេះមានផ្លូវចាស់មួយខ្សែប្រវែងប្រហែល២០០ម៉ែត្រ ចេញពីភូមិទៅផ្លូវធំលេខ៥០ ដោយមានដីនិងផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅសងខាង។
ពលរដ្ឋរូបនេះអះអាងថា បុគ្គលឈ្មោះ ធាប គឹមសាង ដែលជាអតីតមេភូមិអូរឫស្សី និងជាអ្នកមានលុយផងនោះ បានធ្វើរបងរំលោភយកផ្លូវនោះ ទទឹងប្រហែល២០ម៉ែត្រ និងបណ្តោយប្រហែល៣០ម៉ែត្រ រយៈពេលជិត៣ឆ្នាំហើយ ខណៈផ្លូវនេះត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍នាំគ្នាកសាងជិតរួចទៅហើយ ដោយនៅសល់ប្រហែល៣០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្លូវធំ។
លោកបន្ថែមថា៖ «នៅតែ៣០ម៉ែត្រ គេបានបិទជិត មិនឱ្យយើងឆ្លងកាត់ទៅផ្លូវធំ។ តើពួកខ្ញុំជួបវិបត្តិអ្វីខ្លះ? ទី១ យើងគ្មានផ្លូវដើរទៅធ្វើការ ទៅរកស៊ី កូនចៅទៅរៀនទៅសូត្រ ឬបញ្ហាផ្នែកសុខុមាលភាព ឬបញ្ហាផ្នែកអគ្គិភ័យជាដើមហ្នឹង គឺត្រូវស្ទះ ហើយគេមិនអាចជួយសង្គ្រោះយើងបានទាន់ពេលវេលាទេ។ គាត់ធ្វើនេះ គឺធ្វើឱ្យពួកខ្ញុំស្ទះ ធ្វើឱ្យពួកខ្ញុំស្លាប់នៅថ្ងៃណាមួយ នេះបើសិនជាគេនៅតែបន្តបិទ»។
ពលរដ្ឋម្នាក់ទៀត លោក គឹម ហ៊ាន អាយុ៧០ឆ្នាំ នៅភូមិអូរឫស្សីដែរ បានលើកឡើងថា មិនមែនមានពលរដ្ឋ២០គ្រួសារនេះទេដែលត្រូវប្រើប្រាស់កំណាត់ផ្លូវនេះ គឺមានប្រជាពលរដ្ឋនៅក្នុងភូមិរាប់រយនាក់ទៀតក៏ប្រើដែរ។
លោកបន្តថា អ្នកភូមិធ្លាប់បានដាក់បណ្តឹងទៅរដ្ឋបាលក្រុងប៉ោយប៉ែតចំនួន២ដងហើយ ដើម្បីសុំអន្តរាគមន៍ដោះស្រាយនិងស្នើសុំបើកផ្លូវចាស់នោះឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយនៅឡើយ។ លោកបានដាក់ការសង្ស័យថា ករណីអតីតមេភូមិរូបនោះហ៊ានបោះរបងបិទផ្លូវសាធារណៈយកធ្វើកម្មសិទ្ធិនេះ អាចមានជាប់ពាក់ព័ន្ធអំពើពុករលួយណាមួយជាមួយអាជ្ញាធរ។
លោកបន្ថែមថា៖ «ដូចជាមានការគប់គិតគ្នាជាប្រព័ន្ធម៉េចមិនដឹង! បើពួកយើងដាក់បណ្តឹងទៅក្រុងពីរដងហើយ មិនឃើញមានចំណាត់ការផង។ គេថា ពួកយើងប្តឹងខុសមនុស្ស ថាពួកយើងប្តឹងខុសម៉េច? បើពេលមេភូមិ មេឃុំ ទៅឈូសដីធ្លី ផ្លូវអ្នកឯងជាអ្នកយកបង្គោលថ្មមកបោះបិទមិនឈូសធ្វើផ្លូវផង!»
វីអូឌី មិនអាចរកការឆ្លើយតបពីអតីតមេភូមិអូរឫស្សី លោក ធាប គឹមសាង ដែលរងការចោទពីសំណាក់ប្រជាពលរដ្ឋបានទេ នៅថ្ងៃសុក្រនេះ។
អនុភូមិអូរឫស្សី លោក កង វាសនា មានប្រសាសន៍ថា ដីដែលកំពុងមានជម្លោះនោះត្រូវបានអតីតមេភូមិលក់បន្តទៅម្ចាស់ថ្មីទៅហើយ តែលោកមិនចាំឈ្មោះ។ លោកបន្តថា ដីនោះក៏មិនមែនជាដីផ្លូវសាធារណៈ និងមិនស្ថិតក្នុងគម្រោងផ្លូវរបស់ភូមិដែរ គឺដីនោះជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
អនុភូមិរូបនេះអះអាងថា ផ្លូវសាធារណៈចាស់ គឺទល់នឹងដីដែលកំពុងមានជម្លោះនេះ មិនបានឆ្លងដល់ផ្លូវធំលេខ៥០ឡើយ។
លោកបន្ថែមថា៖ «ក្នុងភូមិនីមួយៗមានគម្រោងផ្លូវ ប៉ុន្តែគម្រោងផ្លូវនេះ វាកំបុតត្រឹមដីហិកតាគេហ្នឹងឯង ដី៣០ម៉ែត្រហ្នឹង វាសល់ពីចំណីផ្លូវដែលគេធ្វើផ្លូវធំលេខ៥០ហ្នឹងឯង។ អ៊ីចឹងយើងទៅយកដីគេមកធ្វើផ្លូវម៉េចកើត បើគេមិនព្រមផងហ្នឹង។ អ៊ីចឹងដីផ្លូវគម្រោងភូមិ គឺមកកំបុតត្រឹមដីគេហ្នឹងឯង»។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហុល បដិសេធអត្ថាធិប្បាយជុំវិញករណីនេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ អាជ្ញាធរក្រុងប៉ោយប៉ែតគួរតែចុះស្រាវជ្រាវនិងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដើម្បីចៀសវាងកើតមានបទល្មើសអ្វីផ្សេងទៀតដោយបញ្ហាដីធ្លីនេះ។
លោកបន្ថែមថា៖ «រកឱ្យឃើញថា តើអ្នកនោះយកដីផ្លូវសាធារណៈ ឬបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល? គឺនីតិវិធីរបស់អាជ្ញាធរ ត្រូវតែចុះទៅពិនិត្យមើលឱ្យច្បាស់ ថាតើដីហ្នឹងវាស្ថិតនៅក្នុងផែនទីគោលទេ ដីហ្នឹងវាស្ថិតនៅក្នុងគំនូសផ្លូវចាស់ពីមុនទេ។ អាហ្នឹងយើងត្រូវច្បាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បើមិនមែនស្ថិតនៅផែនទីគោល ឬគំនូសផ្លូវចាស់ទេ ប៉ុន្តែពួកគាត់អាស្រ័យផ្លូវហ្នឹងរហូត ហើយមិនប៉ះពាល់អី វាគ្រាន់តែចំណីក្បាលដី ហើយបិទក្បាលដីអ៊ីចឹងធ្វើឱ្យប៉ះពាល់គាត់។ យើងគិតថា អាជ្ញាធរគួរលៃលកបើកផ្លូវហ្នឹងឱ្យគាត់ធ្វើដំណើរ មិនមែនដាក់ពាក្យបណ្តឹងហើយស្ងាត់ឈឹងអ៊ីចឹងទេ»។
បើតាមបណ្តឹងរបស់ប្រជាពលរដ្ឋ គឺពួកគេសុំឱ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយ ដោយធ្វើយ៉ាងណាបើកផ្លូវនោះទទឹង២០ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ សម្រាប់ជាប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋឡើងវិញ ដោយថា ដីផ្លូវនេះគឺជាដីផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងគំនូសបង្ហាញប្លង់របស់ជំនាញសុរិយោដីរួចទៅហើយ៕









