អាជ្ញាធរ​រារាំង​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​ «ស្ត្រី​ថ្ងៃ​សុក្រ» នៅ​មុខស្ថាន​ទូត​អាមេរិក​

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ ឈរលើករូបប្ដីរបស់ខ្លួន តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អាជ្ញាធរសន្តិសុខខណ្ឌដូនពេញ បានរារាំងមិនឱ្យ​​ក្រុម ​«ស្ត្រី​ថ្ងៃសុក្រ» ​ដែល​​ភាគច្រើន​ជា​​ភរិយានិង​កូនរបស់អតីត​មន្ត្រី​​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ តវ៉ា​នៅមុខស្ថានទូតអាមេរិកឡើយ ដោយយកហេតុផលថា សម័យកូវីដ-១៩​ ហាមជួបជុំគ្នា។

អ្នកស្រី​ ព្រំ​ ចាន់ថា​ ភរិយា​របស់​លោក ​កាក់ កុម្ភារ ​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍ដោយអង្វរអាជ្ញាធរថា៖ «សុំតែលើក [បដា និងរូបថត] មួយសន្ទុះទេ! យើងសុទ្ធតែខ្មែរដូចគ្នា កុំហាមឃាត់សិទ្ធិខ្ញុំសព្វបែបសព្វយ៉ាងពេក! ហើយរូចថតនេះសុទ្ធតែអ្នកសកម្មជនដែលស្នេហាជាតិនិងស្រឡាញ់ជាតិ។ យើងយកមកបង្ហាញ​ ដោយគាត់អត់ទោសអត់កំហុស។ វាគ្រាន់តែជារូបថតទេ វាមិនអីទេ»។

ស្ត្រីម្នាក់ក្នុងចំណោមស្រ្តីប្រមាណជិត១០នាក់ដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា ស្វាមីនិងសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ​ មិនបាន​ប្រព្រឹត្តខុសដូចការ​ចោទប្រកាន់​របស់​​តុលាការ​នោះទេ។ ករណីនេះ អ្នកស្រីបានស្នើ​ឱ្យស្ថាន​ទូតអាមេរិកជួយ​អន្តរាគមន៍​ទៅរដ្ឋាភិបាល​កម្ពុជាឱ្យ​មានការដោះលែងសាច់ញាតិរបស់ពួកគេឱ្យ​មាន​សេរីភាពវិញ។

អ្នកស្រីថា៖ «បើ​តុលាការយុត្តិធម៌ ត្រូវដោះលែង ហើយមិនឱ្យ​ពួកខ្ញុំនៅទីនេះទេ ទាមទាររហូតបែបនេះនោះទេ! តែតុលាការហ្នឹង វាគ្មានយុត្តិធម៌សម្រាប់ពួកខ្ញុំ ដូច្នេះយើងខ្ញុំត្រូវតែលើកដើម្បីឱ្យគេ​ដឹងថា វាអយុត្តិធម៌សម្រាប់ខ្ញុំ»។

ស្ត្រីទាំងនោះក៏បានស្រែរួមគ្នាដែរ​ថា «ដោះលែងៗៗ» ខណៈពេលដែលអាជ្ញាធរមួយចំនួន​បានព្យាយាមរារាំងនិងកញ្ឆក់យកបដានិងរូបភាពដែលស្រ្តីទាំងនោះបានកាន់។

អាជ្ញាធរខណ្ឌដូនពេញ បានថ្លែងតាមមេក្រូថា៖ «សម័យនេះសម័យកូវីដ ដូច្នេះមិនអាចប្រមូលផ្តុំ​ទេ ត្រូវរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ ដើម្បីការពារការឆ្លងនូវជំងឺកូវីដ-១៩។ អាជ្ញាធរមិនអនុញ្ញាត​ឱ្យ​លើកបដាទេ ចង់តវ៉ា ត្រូវចាត់តំណាងដាក់ញត្តិ មិនត្រូវមកស្រែកឡូឡា ប្រមូលផ្តុំជេរបញ្ចោ​រអ៊ីចឹង អត់ទេ»។

អាជ្ញាធរបានបន្ថែមថា៖ «ប្រសិនបើមិនស្តាប់ការណែនាំ នឹងយកទៅដាក់ចត្តាឡីស័ក១៤ថ្ងៃ។ សម័យនេះ សម័យកូវីដ​ហើយ មិនស្តាប់ការណែនាំរបស់អាជ្ញាធរ អាជ្ញាធរនឹងអនុវត្តតាមច្បាប់»។

ស្វាមី​របស់​ក្រុម ​«ស្ត្រី​ថ្ងៃ​សុក្រ» ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់ ​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជាច្រើន​ករណី ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គមនិង​ការរិះគន់​រដ្ឋាភិបាល ដែល​ក្នុង​ចំណោម​​ការ​ចោទ​ប្រកាន់​មានបទ «ញុះញង់កុំ​ឱ្យ​​​​យោធិន​ស្តាប់​បង្គាប់»​ «ការ​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​ឬ​បង្ក​ភាពវឹកវរ​ក្នុង​សង្គម» ​រហូត​ដល់បទ ​«រួម​គំនិត​ក្បត់» ជាដើម​។​ ទោស​អតិបរមា​ដែល​ពួកគេត្រូវ​ទទួល ​គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ