រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងមក​ទស្សនកិច្ចនៅ​កម្ពុជា​​នៅ​​ថ្ងៃ​ស្អែក

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មកដល់ទីក្រុងប៉េកាំង​ ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង ទទួលស្វាគមន៍ដោយលោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១​នេះ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ឱ្យដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​​នេះ លោក វ៉ាង យី នឹង​ចូល​ជួប​សម្តែងការគួរសមជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពិសារ​អាហារ​ការងារ​ពេល​ព្រឹក​ជាមួយ​អតីត​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ហោ ណាំហុង ផងដែរ។

ក្រៅ​ពី​នេះ រដ្ឋមន្ត្រីការបរទេស​ចិន ក៏​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេសកម្ពុជា​លោក ​ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បញ្ហា​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ការ​អប់រំ សន្តិសុខ​និងការពារ​ជាតិ ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម​រវាងប្រទេស​ទាំងពីរ​។

ប្រភព​ដដែល​បាន​បន្តថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ាង យី ក៏​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ជាផ្លូវការ​នូវ​ពហុកីឡាដ្ឋានជាតិ​មរតកតេជោ ដែល​នឹង​ក្លាយ​ជាទីតាំង​ដ៏សំខាន់​មួយ សម្រាប់​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹង​ត្រូវធ្វើជា​ម្ចាស់ផ្ទះ។ បន្ថែម​លើ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ាង យី ក៏​នឹង​ធ្វើជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខាលើឯកសារ​ទ្វេរភាគី​ដ៏សំខាន់​មួយ​ចំនួន។ ប៉ុន្តែក្រសួង​ការបរទេស​កម្ពុជា នៅ​មិន​ទាន់​បញ្ជាក់ថា តើ​ជា​ឯកសារ​សំខាន់ៗ​អ្វីខ្លះ​នៅ​ឡើយ​ទេ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ចាត់ទុកដំណើរ​ទស្សនកិច្ចផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេសចិន​លោក វ៉ាង យី មក​កាន់​កម្ពុជា​លើក​នេះ នឹង​បន្តពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេសទាំង​ពីរ ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាសកល​ដែល​កំពុង​កើត​មាន។ កាលពី​ដើម​សប្តាហ៍​នេះ ទូរទស្សន៍រដ្ឋចិន CGTN បាន​ផ្សាយ​ថា ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាង យី នឹង​ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា សិង្ហបុរី វៀតណាម និង​ប្រទេសកូរ៉េខាងត្បូង ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​លើកឡើង​​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​​មួយ​នាទីក្រុង​ប៉េកាំង ប្រទេសចិន​ថា ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចនៅ​ក្នុងប្រទេស​អាស៊ាន​និង​អាស៊ីនេះ​លោក វ៉ាង យី នឹង​​ធ្វើ​ការ​​ទំនាក់​ទំនង​​​ជា​យុទ្ធសាស្ត្រស៊ីជម្រៅជាមួយ​គ្រប់ភាគី ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់​ និង​ផ្លូវ» និង​ជំរុញការ​កសាង​​សហគមន៍​​​ដែល​មាន​អនាគតរួមគ្នា​សម្រាប់​មនុស្ស​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ