សង្គម​ស៊ីវិល​បារម្ភ​ពី​ស្ត្រី​បន្ត​រង​អំពើ​ហិង្សា​ផ្លូវកាយ​និង​ផ្លូវភេទ អំឡុង​វិបត្តិ​កូវីដ-១៩

យុវនារី​ម្នាក់​អង្គុយ​រៀបចំ​ការងារ​នៅក្នុង​យុទ្ធនាការ «១០០ កោដិ​សំឡេង» ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​គោលបំណង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី និង​បញ្ឈប់​អំពើ​ហិង្សា​យេនឌ័រ ប្រព្រឹត្តឡើងនៅដើមឆ្នាំ២០២០។ (USAID Cambodia​)

មន្ត្រីសង្គមស៊ីវិលបង្ហាញក្តីបារម្ភថា អំពើហិង្សាក្នុងគ្រួសារទាំង​ផ្លូវកាយ និងផ្លូវភេទ ពីដៃគូស្និតស្នាល នាអំឡុងពេលជួបវិបត្តិកូវីដ-១៩ នៅតែបន្តកើតមាន ដោយសារស្ត្រីមានការលំបាកក្នុងការស្វែងរកសេវា និងជំនួយផ្លូវច្បាប់។

ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពី អង្គការសហប្រជាជាតិ (UN) រកឃើញថា នៅកម្ពុជាស្ត្រី១នាក់ ក្នុងចំណោមស្រ្តី៥នាក់ រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ​ផ្លូវកាយនិងផ្លូវភេទ ពីដៃគូស្និតស្នាល នាអំឡុងពេលជួបវិបត្តិកូវីដ-១៩ ដោយសាររិតត្បិតការធ្វើដំណើរ ធ្វើឱ្យស្ត្រីមានការលំបាកក្នុងការស្វែងរកសេវានិងជំនួយផ្លូវច្បាប់ ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត នៅថ្ងៃអាទិត្យទី១២ ខែកញ្ញានេះ បានបង្ហាញពីក្តីបារម្ភចំពោះហិង្សាផ្លូវភេទ ផ្លូវកាយលើស្ត្រី នាអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ ។

ករណីនេះលោក សំអាត បញ្ជាក់ថា បើសិនជារដ្ឋាភិបាល ឬស្ថាប័នរដ្ឋ មិនពង្រឹងការអនុវត្តច្បាប់លើជនល្មើសឱ្យមានតម្លាភាព ដើម្បីផ្តល់យុតិ្តធម៌ដល់ជនរងគ្រោះទេ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកមានប្រសាសន៍ថា«នៅតុលាការទោះបីជាមានកូវីដ រីករាលដាលក៏ដោយ ក៏ប៉ុន្តែនីតិវិធីនៅក្នុងតុលាការនៅតែបន្តបាន។ ខ្ញុំយល់ឃើញថា ចំពោះការចូលរួមនីតិវិធី ព្រោះសិទ្ធិទទួលបាននៃសេវាផ្លូវច្បាប់ ដើម្បីទទួលបាននូវយុត្តិធម៌ ត្រូវតែគាំពារសម្រាប់ស្ត្រីដែលគាត់រងគ្រោះដោយសារការរំលោភបំពានផ្លូវកាយ និងផ្លូវភេទ»

លោកមានប្រសាសន៍បន្ថែមថា«រឿងដែលគាត់រងគ្រោះហើយ មិនទទួលបានភាពយុត្តិធម៌តាមផ្លូវច្បាប់ ជួនកាលស្ត្រីខ្លះដែលរងគ្រោះដោយសារការរំលោភផ្លូវភេទ គាត់មានភាពខ្មាស់អៀន ភាពមិនទទួលបានយុត្តិធម៌ ភាពនៃការរើសអើងមួយចំនួន ។ កាលណាមានច្រើនវាធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយអាចប៉ះពាល់ដល់ប្រព័ន្ធតុលាការ ឬប្រព័ន្ធយុត្តិធម៌ បើសិនជាស្ត្រីនូវតែមិនទទួលបានសេវាគ្រប់គ្រាន់នូវសេវាផ្នែកច្បាប់ និងផ្នែកយុត្តិធម៌ »

អង្គការសហប្រជាជាតិ (UN) បានផលិតជាវីឌីអូខ្លីផ្សព្វផ្សាយជាសាធារណៈកាលពីចុងសប្តាហ៍នេះ បានឱ្យដឹងថាដើមចមដែលនាំឱ្យមានអំពើហិង្សាលើស្ត្រី ដោយសារកត្តាបិទខ្ទប់ ការធ្វើការពីផ្ទះ ឬបាត់បង់ប្រាក់ចំណូល ការរឹតត្បិតការធ្វើដំណើរនិងការជួបជុំ ធ្វើឱ្យស្ត្រីមានការលំបាកក្នុងការស្វែងរកសេវា និងជំនួយផ្លូវច្បាប់នៅពេលពួកគេជួបនឹងអំពើហិង្សាផ្សេងៗជាដើ​ម។

UN បញ្ជាក់ថា បើគ្មានការអន្តរាគមន៍ទប់ស្កាត់អំពើហិង្សា ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ឬពីអាជ្ញាធរមានសមត្ថិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបានទាន់ពេលទេ ការបង្កហិង្សាម្តងហើយម្តងទៀត អាចនាំឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីកាន់តែធ្ងន់ធ្ងរ ហើយអាចឈានដល់ការធ្វើឃាត ឬអត្តឃាតថែមទៀតផង។

ខ្លឹមសារក្នុងវីឌីអូបញ្ជាក់ថា៖ «បើគ្មានការអន្តរាគមន៍សមស្រប មិនគោរពតាមក្រមសីលធម៌សិទ្ធិមនុស្ស និងឈលើគោលការណ៍យកជនរងគ្រោះជាមូលដ្ឋាន  យូរៗទៅនាំឱ្យផ្ទុះជាអំពើហិង្សា​ នៅពេលវដ្តនៃហិង្សានេះបន្តកើតឡើងម្តងហើយ ម្តងទៀត អំពើហិង្សាអាចកាន់តែធ្ងន់ធ្ងរនិងអាចមានគ្រោះថ្នាក់ថែមទៀត សម្រាប់វត្តអំពើហិង្សាខ្លះអាចបញ្ចប់ដោយធ្វើឃាត ឬអត្តឃាតពីដៃគូស្និតស្នាល ឬសមាជិកគ្រួសាររបស់នាងផងដែរ»

​បន្ថែមពីនេះ UN លើកទឹកចិត្តទៅអ្នកដែលបានឃើញ ឬជួបប្រទះនៃអំពើហិង្សា ឬការរំលោភបំពានគ្រប់ទម្រង់ ឬគ្រប់រូបភាព ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទាក់ទងមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈលេខ ១២៨៨ ឬស្វែងរកសេវាចាំបាច់សំខាន់ៗក្នុងការឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីពីមន្ទីរកិច្ចការនារី២៥ រាជធានី-ខេត្តក្រុង ឬក្រសួងកិច្ចការនារីតាមរយៈលេខជំនួយ ០៩៣ ៧៧៧ ៩០០ / ០៨៥ ៧៧៧ ៩០០ ។

​អគ្គនាយករងទទួលបន្ទុកវិស័យកិច្ចការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា ក្រសួងកិច្ចការនារីតែងតែយកចិត្តទុកដាក់ផ្តល់សេវាជូនអ្នករងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារតាមរយៈសារអប់រំ ឬតាមវីឌីអូអប់រំខ្លីៗជាដើម ។

លោកស្រីលើកទឹកចិត្តដល់អ្នកបានឃើញ ឬអ្នកដែលរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ ត្រូវរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឬតាមរយៈលេខទូរសព្ទដែលក្រសួងកិច្ចការនារីផុសលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួង ដើម្បីកាត់បន្ថយ ឬទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានប្រសិទ្ធភាពខ្ពស់។

លោកស្រីមានប្រសាសន៍ថា«ការផ្តល់សេវាពីចម្ងាយ និងផ្តល់សេវាដោយផ្ទាល់មានលក្ខណៈខុសគ្នារវាងអ្នកទទួលយកសេវា។ អញ្ចឹងដើម្បីងាយស្រួលដល់ការស្ទាបស្ទង់ ឬក៏ទាក់ទងនឹងការប៉ាន់ប្រមាណដល់ហានិភ័យដល់ជនរងគ្រោះ ក្រសួងបានពង្រឹងសមត្ថិភាពអ្នកផ្តល់សេវាតាមទូរសព្ទ ឬក្នុងករណីជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីជួយជនរងគ្រោះឱ្យរួចផុតពីអំពើហិង្សា»

លិខិតចំហកាលពីចុងខែឧសភា ឆ្នាំ២០២១ របស់ «អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា» បានបញ្ជាក់ថា កាស្នើសុំកិច្ចអន្ត​រាគម​ន៍​ផ្លូវច្បាប់នេះ គឺដើម្បីលើកស្ទួយស្ថានភាព​សិទ្ធិមនុស្សរបស់ស្ត្រីឱ្យ​ប្រសើរឡើងវិញ និងឈា​​នទៅលុបបំបាត់រាល់ទម្រង់នៃកា​ររើសអើង និងការប្រើអំពើហិង្សា​គ្រប់រូបភាពលើស្ត្រីនិងក្មេងស្រី។

ក៏​ប៉ុន្តែ ការជំរុញនេះត្រូវបានក្រសួងមហាផ្ទៃច្រានចោល ដោយចាត់ទុកការលើកឡើងនេះថា មិនឆ្លុះបញ្ចាំងការខំប្រឹងប្រែងអនុវត្តច្បាប់របស់ស្ថាប័នជាតិ​ទាំងមូលនោះទេ។

ក្រសួងគូសបញ្ជាក់ថា សមត្ថកិច្ចអនុវត្តច្បាប់ស្មើភាពគ្នានិង​​មិនបានរើសអើងចំពោះអ្នកមានឋានៈឬឧកញ៉ានោះទេ ខណៈកន្លងមកក៏​មានមន្ត្រីជាន់ខ្ពស់ ឬឧកញ៉ាមួយចំនួនក៏ត្រូវបានចាត់វិធានការច្បាប់ ហើយ​ពេលនេះ ពួកគេទាំងនោះ​បានក្លាយជាទណ្ឌិត ឬពិរុទ្ធជន​រួចទៅហើយដែរ។

បន្ថែមពីនេះ តាមការអនុវត្តតួនាទីភារកិច្ចវិញ ក្នុងឆ្នាំ២០២០កន្លងទៅ ទោះបីកម្ពុជា​ប្រឈមមុខ​នឹងស្ថានភាពជំងឺកូវីដ-១៩ ក៏​អាជ្ញាធរ​មា​នសមត្ថកិច្ចនិងកងកម្លាំងអនុវត្តច្បាប់ បាន​បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបាន៩០ភាគ​រយ ក្នុងនោះ​ ពាក់ព័ន្ធបទល្មើសសេពសន្ថវៈ មាន​ចំនួន​២៨០ករណី ពាក់ព័ន្ធនឹង​មនុស្ស២៩០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ