ក្រោយមានការចាប់ខ្លួនពលរដ្ឋ៣០នាក់ដែលទាមទារឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យពីផលប៉ះពាល់ដោយសារការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលនោះ អាជ្ញាធរបំភ្លឺថា ជាការបង្ខំចិត្ត ដើម្បីការពារខ្លួនក្រោយមានអំពើហិង្សាបង្កឱ្យសមត្ថកិច្ច១៣នាក់រងរបួស។
លិខិតចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាលបំភ្លឺថា វិធានការចាប់ខ្លួនអ្នកភូមិ៣០នាក់នោះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាប្រើហិង្សាមកលើសមត្ថកិច្ចដែលឈរជើងនៅទីនោះ របួស១៣នាក់។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានក្រុមមនុស្សប្រមាណជា១០០នាក់ បានមកប្រមូលផ្ដុំគ្នាប្រើអំពើហិង្សានិងធ្វើការជេរប្រមាថដល់សមត្ថកិច្ច ដោយបានដុតកៅស៊ូកង់ឡាននិងសម្ភារផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ចម្ពាមកៅស៊ូ គប់ដបសាំង មកលើកងកម្លាំងសមត្ថកិច្ចដែលកំពុងតែឈរជើងបំពេញការងាររក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បណ្តាលឱ្យកងកម្លាំងសមត្ថកិច្ចរបួសចំនួន១៣នាក់»។
រដ្ឋបាលខេត្តបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពនេះ កងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួននិងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន៣០នាក់ (២០នាក់ជាស្ត្រី) ដើម្បីធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
បើតាមលិខិតមួយរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ឃុំ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានប្រជាពលរដ្ឋសរុប៣៣០គ្រួសារ ព្រមទាំងមាន៤៩៨ក្បាលដី ដែលមានទំហំសរុបជាង១លានម៉ែត្រការ៉េ (១ ៦៦៣ ០៣៥) ជាកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋទាំងនោះ៕