UN ​ត្រូវ​ការ​ថវិកា​ប្រមាណ​៦០០​លាន​ដុល្លារ​ ដើម្បី​បញ្ចៀស​វិបត្តិ​នៅ​អាហ្វហ្គា​នីស្ថាន

យន្តហោះជម្លៀសជនភៀសខ្លួនអាហ្វហ្គានីស្ថានរបស់អាមេរិក C-17 Globemasters នៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Department of Defense)

អង្គការសហប្រជាជាតិ នឹងរៀបចំសន្និសីទមួយនៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទនេះ ក្នុងកិច្ចខិត​ខំប្រឹង​ប្រែង​ ដើម្បីស្វែងរកថវិកាជាង៦០០លានដុល្លារ សម្រាប់ជួយដល់អាហ្វហ្គានីស្ថាន ខណៈដែល​ពួកគេព្រមានពីវិបត្តិមនុស្សធម៌ដែលអាចកើតមានឡើងនៅក្នុងប្រទេសមួយនេះ បន្ទាប់ពីក្រុម​តាលីបង់ចូលកាន់កាប់អំណាច។

មុនពេលក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុលយកមកគ្រប់គ្រងកាលពីខែមុន ចំនួនប្រជាជនអាហ្វហ្គានីស្ថានពាក់កណ្តាល ឬប្រមាណ១៨​លាននាក់រួចទៅហើយដែលបានពឹងផ្អែកលើជំនួយ ខណៈដែលតួលេខនេះរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារតែគ្រោះរាំងស្ងួត កង្វះខាតសាច់​ប្រាក់ និងស្បៀងអាហារ។ នេះបើតាមការលើកឡើងរបស់មន្ត្រី និងក្រុមជំនួយនានារបស់អង្គការសហប្រជាជាតិ។

ការបញ្ចប់ភ្លាមៗនូវជំនួយបរទេសក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចនៅអាហ្វហ្គានីស្ថាន និងជ័យជម្នះជាបន្តបន្ទាប់របស់តាលីបង់ បានដាក់ជាសម្ពាធកាន់តែខ្លាំងលើកម្មវិធីរបស់អង្គការសហប្រជាជាតិ។

ទាក់ទិននឹងករណីនេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres បានឱ្យ​​ដឹងថា អង្គការរបស់លោកបច្ចុប្បន្នកំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិរូបនេះ ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រកន្លងទៅថា៖ «នៅពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមិនមានលទ្ធភាពសូម្បីតែការបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួន»។

គួរបញ្ជាក់ថា សន្និសីទធ្វើឡើងនៅទីក្រុងហ្សឺណែវដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទនេះ នឹងមាន​ការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់អង្គការ​សហប្រជាជាតិមួយចំនួន រួមមាន លោក Antonio Guterres នាយក​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ​ហៅ​កាត់​ថា ICRC លោក Peter Maurer ព្រមទាំងតំណាងរដ្ឋាភិបាលរាប់សិបនាក់ផ្សេងទៀត រួមទាំងរដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ លោក​ Heiko Maas ផងដែរ។

ថវិកាមួយភាគបីនៃទំហំទឹកប្រាក់ចំនួន៦០៦លានដុល្លារដែលស្វែងរកតាមរយៈសន្និសីទនេះ នឹងត្រូវ​ប្រើប្រាស់ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ខណៈពួកគេបានរ​កឃើញថា ៩៣% នៃជនជាតិអាហ្វហ្គានីស្ថានចំនួន១ ៦០០នាក់ ដែលបានស្ទង់មតិនៅខែសីហានិងកញ្ញា មិនទទួលបានអាហារគ្រប់គ្រាន់នោះទេ។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក ដែលជាទីភ្នាក់ងារមួយទៀតរបស់អង្គការសហប្រជាជាតិ ក៏កំពុងតែស្វែងរកការគាំទ្រដល់មណ្ឌលសុខភាពរាប់រយកន្លែងដែលប្រឈមនឹងការបិទទ្វារនៅអាហ្វហ្គានីស្ថានផងដែរ បន្ទាប់ពីម្ចាស់ជំនួយនានាបានដកខ្លួនចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ