ស្ត្រីមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាក់ដោយឡែក តាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យមួយចំនួនថា ការរំលោភបំពានផ្លូវភេទឬ ការបៀតបៀនណាមួយគឺ ជារឿងមិនគួរកើតមានឡើង និងមិនអាចទទួលយកបាន។
ការលើកឡើងនេះ ក្រោយពេលមានសេចក្តីរាយការណ៍មកថា ថ្មីៗនេះ មានករណីប្រទូសកេរខ្មាស់ និងរំលោភសេពសន្ថវៈទៅលើស្ត្រី ដែលជាអ្នកធ្វើចត្តាឡីស័កពីររូប នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កញ្ញា ហា ទី វ័យ ១៩ឆ្នាំ ជាគ្រូបង្រៀនម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានមួយសប្តាហ៍នៅមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កញ្ញាក៏បានឃើញព័ត៌មានខាងលើត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរ ហើយថាបើរឿងនោះជាការពិត វាមិនគួរកើតឡើងទាល់តែសោះ។ កញ្ញាបន្តថា ក្នុងនាមជាស្ត្រី ពិតជាមានបញ្ហាលំបាកច្រើន ពិសេសពេលត្រូវធ្វើចត្តាឡីស័ក។
បញ្ហានេះ កញ្ញាសំណូមពរឱ្យមណ្ឌលចត្តាឡីស័កទាំងអស់ គួរមានបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់ និងដាច់ដោយឡែករវាងបុរស និងស្ត្រី ដើម្បីចៀសវាងករណីបំពានណាមួយកើតឡើងបន្តទៀត។
កញ្ញា ហា ទី និយាយថា៖«ខ្ញុំទើបនឹងឃើញព័ត៌មាន [ការបៀតបៀនស្ត្រី] ហ្នឹងដែរអឹចឹងហ្អាស់។ ខ្ញុំស្នើឱ្យមានបន្ទប់ទឹកត្រឹមត្រូវ និងមានរបៀបអ្នកការពារ [សមត្ថកិច្ច] ច្រើនជាងហ្នឹង។ ហើយសម្រាប់ខ្ញុំជាស្រី ក៏វាពិបាកដែរ […]»។
អ្នកស្រី សុខ ស្រីលីស វ័យ ២២ឆ្នាំ ជាពលរដ្ឋម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមណ្ឌលសាលារៀនអូអំបិល ខេត្តបន្ទាយមានជ័យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា អ្នកស្រីពុំបានដឹងពីព័ត៌មាននៃការប្រទូស្តកេរខ្មាសនៅស្រុកអូរជ្រៅឡើយ។ យ៉ាងណាអ្នកស្រីថា បើមានករណីនោះមែន វាជារឿងដែលមិនអាចទទួលយកបាន ខណៈស្ត្រីរងគ្រោះកំពុងតែលំបាកក្នុងស្ថានភាពធ្វើចត្តាឡីស័ក ដោយសារកូវីដ-១៩ រួចទៅហើយ។
អ្នកស្រី សុខ ស្រីលីស៖ «ហឺម! យ៉ាប់ណាស់អឹចឹងអី។ វា… យើងគួរឱ្យខ្លាចមែន ភ័យខ្លាចបង។ យើងទទួលយកមិនបាន អឹចឹងអីហ្អ។ អាគ្នាកំពុងអឹចឹង [ធ្វើចត្តាឡីស័ក] ទៀត បើសិនជាអឹចឹង [ត្រូវគេបៀតបៀន] ទៀត វាពិបាក។ ហើយមនុស្សខ្លះ វាឆ្លៀតឱកាសតែអឹចឹងឯង»។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ប្រាប់វីអូឌីនៅថ្ងៃ ១៤កញ្ញានេះថា ករណីនេះមិនមែនជាករណីរំលោភទេ វាគ្រាន់ទេជាករណីប្រទូសកេរខ្មាស់ ដែលបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ បានបៀតបៀនកេរខ្មាស់ទៅលើស្រ្តីម្នាក់។
លោកបន្តថា៖ « ក្រោយប្រកាសរឿងហ្នឹងភ្លាម អ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័កកូបហ្នឹង បានប្ដឹងសមត្ថកិច្ចអ្នកយាមនៅទីនោះ ហើយចាប់បុរសនោះយកទៅ […]»។
លោកបន្ថែមថា គ្រប់បណ្ដាញសង្គម Facebook មួយចំនួនមិនពិតនោះទេ រឿងរ៉ាវបានដោះស្រាយ និងចាប់ខ្លួនជនសង្ស័យ ហើយបញ្ជូនទៅដាក់ទោសតាមផ្លូវច្បាប់ហើយដែរ។
អធិការរងផ្នែកសេនាធិការអធិការដ្ឋានគរបាលស្រុកអូរជ្រៅ លោក ឱ គឹមសុន ឱ្យដឹងថា ករណីដែលនាំឱ្យមានការប្រទូស្តកេរិខ្មាសនេះ គឺបណ្តាលមកពីកន្លែងចង្អៀត គ្នាច្រើន ធ្វើឱ្យមានការប៉ះពៀរគ្នាដែលធ្វើឱ្យមានអ្នកមួយចំនួនចាត់ទុកថាជាការរំលោភបំពាន។
លោកថា៖ « តាមពិតទៅរឿងអស់នោះមិនមែនជាការរំលោភទេ គ្នា [មានមនុស្ស] រហូតដល់ ២៥នាក់ [ក្នុងមួយបន្ទប់]។ គ្រាន់តែថាលើកដៃ ដេកលក់លើកដៃបម្រាស់ទៅប៉ះពៀរ មានបងប្អូនគេឃើញអ៊ីចឹងគេប្រកាន់ថាអ្នកហ្នឹងទៅចាប់រំលោភ ឱ្យរំលោភម៉េចបើក្នុងបន្ទប់គ្នា ២៥នាក់ជាងនោះ»។
យ៉ាងណា លោកថាការស្នាក់នៅគួរតែដាក់ឱ្យស្ត្រី និងបុរសធ្វើចត្តាឡីស័កដោយឡែកពីគ្នា បើប្ដីប្រពន្ធអាចនៅជាមួយគ្នាបាន ដើម្បីកុំឱ្យមានការដាក់ប្របូកច្របល់គ្នា។
លោកថា៖ «មានអ្នកខ្លះមានសតិមិនគ្រប់ វាញៀនថ្នាំញៀនអីនៅប្រទេសថៃ បើគេចេះតែជំរុញការធ្វើចត្តាឡីស័ក ហើយចេះតែបញ្ចូលក្នុងបន្ទប់ជាមួយគ្នា អ៊ីចឹងវាសតិមិនសូវគ្រប់ វាបែកថ្នាំ វាបែកស៊ឺ និយាយមិនដឹងណាណីផង រឿងពិតវាអឹចឹង»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់វីអូឌីថា បើមានករណីខាងលើពិតមែន នោះត្រូវតែរកអត្តសញ្ញាណអ្នកប្រព្រឹត្តដើម្បីដាក់ទោសតាមច្បាប់។
លោកថា៖ «ត្រូវរកអត្តសញ្ញាណអ្នករំលោភឱ្យបាន។ […] ត្រូវប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ពីបទចាប់រំលោភ។ រកមេធាវីដែលពូកែដើម្បីដាក់បន្ទុកទៅជនជាប់ចោទមិនឱ្យប្រកែកបាន មានភស្ដុតាង មានសាក្សីជាក់លាក់»។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា យល់ថា មណ្ឌលធ្វើចត្តាឡីស័កគួរតែដាក់បន្ទប់បុរស និងស្រ្តីនៅដោយឡែកពីគ្នា។ លើសពីនេះ បន្ទប់ទឹកត្រូវមានកន្លែងបិទបាំងត្រឹមត្រូវដូចជាបន្ទប់ស្រ្តី បន្ទប់បុរសឱ្យបានល្អប្រសើរ ពិសេសត្រូវមានបន្ទប់ទឹកឱ្យបានច្រើន។
លោកបន្ថែមថា៖ «ទាក់ទងនឹងការគ្រប់គ្រងនៅលើមណ្ឌលហ្នឹង ថាតើយើងគ្រប់គ្រងរបៀបចឹង ពិនិត្យមើលអ៊ីចឹង ទីមួយគឺទប់ស្កាត់។ ទីពីរយើងការពារកុំឱ្យពួកគាត់ជួបហានិភ័យអីផ្សេងៗទាក់ទងការរំលោភលើរាង្គកាយរបស់គាត់ផង និងទៅលើមេរោគអីផ្សេងៗផង។ កុំឱ្យគាត់ថាគាត់ធ្វើចត្តាឡីស័កដើម្បីគេចពីមេរោគ បែរជាចម្លងរោគទៅវិញ។ ដូច្នេះអ្នកគ្រប់គ្រងបើបានទទួលព័ត៌មាន [ការបំពាន] បែបហ្នឹង ទោះបីពិតក្ដី មិនពិតក្ដី គួរតែធ្វើការប្រុងប្រយ័ត្នទៅ ដើម្បីសុខដុមរម្យនាគ្រួសារ [ពលរដ្ឋ] យើងទេ៕