សមត្ថកិច្ច​បញ្ជូន​ពលរដ្ឋ​៩នាក់​​មាន​ជម្លោះ​ដីធ្លី​​នៅខេត្ត​កណ្តាលទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលរដ្ឋជាច្រើននាក់រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអះអាងថា រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ បាននាំគ្នាបិទផ្លូវលំនិងបោះតង់ដេកយាមដីស្រែ ក្រោយក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រឈូសឆាយដីស្រែពួកគេ ដែលមិនទាន់ដោះស្រាយបញ្ហាសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល អះអាងថា មានអ្នកភូមិ ៩នាក់ ក្នុងចំណោម ៣០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីចាប់ខ្លួនពួកគាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ អំឡុងពេល​ផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបានបិទផ្លូវប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែរបស់ខ្លួន។

ពលរដ្ឋដែលរងប៉ះពាល់គម្រោងសាងសង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី របស់ក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC) លោក គង់ ឃន ប្រាប់វីអូឌីនៅល្ងាចអង្គារ៍នេះថា ពលរដ្ឋចំនួន២១នាក់ ត្រូវបានដោះលែងមកផ្ទះវិញ ខណៈ៩នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ នៅល្ងាចនេះ ។  លោកបន្តថា ​ប្រជាពលរដ្ឋទាំង៩នាក់នោះ​ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទបានប្រើហិង្សាទៅលើសមត្ថកិច្ច។

លោកថា៖«​បងស្រីពេជ្រគេលើកឯកសារមក គេចោទ​ថាយើងធ្វើការឃាត់ និងវាយដំប៉ូលិស ព្រោះគេឃើញមានចបជីក និងចបកាប់អីហ្នឹង ​ហើយប្រជាជនអ្នកស្រី ហើយចបជីក ចបកាប់​ គ្នាទៅជីកបង្គោលរបង ស្រែ ទៅការពារដីយើង​ហ្នឹង ជីកបង្គោលដំានៅមុខផ្ទះគាត់ហ្នឹង។ ដល់ពេលមានបញ្ហាយកចបហ្នឹងទៅដាក់បន្ទុក​ ហើយពួកវាបានវាយប្រជាជនបែកមុខ បែកមាត់ហ្នឹង ​ម៉េចមិនមើល​ ហើយចូលវាយគ្នាក្នុង​ផ្ទះ វាយបែកកញ្ចក់ផ្ទះខ្ទិចមានភស្តុតាងហើយអត់មានលើកឡើង​ផង។ ស្រាប់តែលើកឡើងដាក់សម្ពាធប្រជាពលរដ្ឋស្លូតត្រង់តែតវ៉ាទាមទារដីខ្លួនឯង​»។

លោកបន្តថា មូលហេតុដែលនាំឱ្យពលរដ្ឋផ្ទុះការតវ៉ាខ្លាំង ដោយសារ អាជ្ញាធរបានបិទផ្លូវប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែពួកគាត់  បើទោះប្រជាពលរដ្ឋសុំអង្វរឱ្យអាជ្ញាធរបើកផ្លូវក៏ដោយ។ លោកបន្ថែមថា ការដែលប្រជាពលរដ្ឋទាមទារឱ្យអាជ្ញាធរបើកផ្លូវនោះ ដោយសារ ពួកគាត់នាំគ្នាហាមមិនឱ្យក្រុមហ៊ុនឈូសឆាយដីស្រែក ខណៈក្រុមហ៊ុនOCIC មិនទាន់បានដោះស្រាយសំណងជូនពួកគាត់នៅឡើយ។

លោកថា៖«ពួកគាត់សុំអង្វរទៅមើលដីស្រែកុំឱ្យក្រុមហ៊ុនឈូស ប៉ុន្តែឥឡូវក្រុមហ៊ុនឈូសរលាយ ​មិនទាន់ឱ្យប្រាក់ពួកគាត់ ហើយទៅជាដាក់កំហុសមកលើប្រជាពលរដ្ឋទៅវិញ ហើយឥឡូវប្រជាពលរដ្ឋនៅម្ដុំហ្នឹងមួយផ្ទះអត់មានអ្នកណាហ៊ាននៅផ្ទះទេ រត់គេច ហើយស្រែភ្លឺគេឈូសអស់ទៀត»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ឃឹម ម៉ាលី លើកឡើងថា ពួកគាត់មិនបានយកចកជីកទៅប្រើអំពើហិង្សា និងធ្វើឃាត ដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ ។ អ្នកស្រីបន្តថា ចកជីកនោះពួកគាត់យកទៅជីដាំបង្គោលរបង ខណៈអាជ្ញាធរចេះតែរំកិលរបាំង ដោយពួកគាត់ថា ការរំកិលនេះ នឹងចូលដល់ក្នុង​ផ្ទះរបស់ពួកគាត់ ទើបនាំគ្នាយកចបជីកទៅបោះបង្គោលធ្វើជារបងតែម្ដង។

អ្នកស្រីថា អាជ្ញាធរបានការពារក្រុមហ៊ុនOCIC ដោយរារាំងប្រជាពលរដ្ឋមិនឱ្យទៅមើលដីស្រែទើបពលរដ្ឋផ្ទុះកំហឹងដែរ ដុតសម្អាត សំបកកង់​បែបនេះ។

អ្នកស្រី ឃឹម ម៉ាលី«បើគេឈូសដីយើងហើយ តើក្នុងចិត្តយើងទ្រាំម៉េចដែរ  យើងទ្រាំមិនបានទេ យើងខឹងពេកក៏ប្រមូលសំរាម កៅស៊ូ  បាវស្រូវអីហ្នឹង ក៏ប្រមូលដុត ដើម្បីឱ្យផ្សែងហ្នឹង ហ៊ុយទៅលើគាត់តែប៉ុណ្ណឹងទេ តែគាត់បែរជាដាក់ទុយយោរទឹកបាញ់ពន្លត់ភ្លើង ហើយបាញ់ប្រជាពលរដ្ឋខ្ញុំទៀត។ សួរថា ពួកខ្ញុំខឹងទេ អ៊ីចឹងពួកខ្ញុំខឹងក៏តបដៃទៅវិញ ហើយតបដៃទៅវិញក៏អត់មានដូចគាត់ដែរ ។ [អាជ្ញាធរ]គាត់មានទាំងកំាភ្លើងបាញ់ឱ្យពួកខ្ញុំខ្លាច បាញ់កាំភ្លើងផ្សែងឱ្យយើងចេញទឹកភ្នែក ហើយគាត់មកវាយប្រជាពលរដ្ឋដូចជាក្របីអ៊ីចឹង ហើយធាក់ទ្វា បាក់ និងបែកកញ្ចក់ កាយបាវស្រូវទម្លាក់ពេញផ្ទះ និយាយរួមដូចគាត់ប្លន់ម៉ង់។ ចំណែកផ្ទះខ្ញុំ [អាជ្ញាធរ]គាត់កុំព្យូទ័រកូនខ្ញុំ ម៉ាស៊ីនព្រីនរបស់កូនខ្ញុំ នាឡិកា ម៉ូតូអស់២៧គ្រឿង និងគោយន្ត២ គ្រឿង»

វីអូឌី មិនអាចសុំការឆ្លើយតបពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលលោក ឯក ស៊ុនរស្មី ដែលជាអ្នកកាន់សំណុំរឿងនេះបានឡើយនៅថ្ងៃទី១៤ខែកញ្ញានេះ។

យ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ទទូលឱ្យអាជ្ញាធរដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ ដោយមិនត្រូវបញ្ជូនទៅតុលាការ និងឃុំខ្លួនពួកគាត់ឡើយ។

លោក វណ្ណ សុផាត«តុលាការគឺជាប្រព័ន្ធយុត្តិធម៌ដ៏ស្អាតស្អំ មិនគួរប្រឡូប្រឡាក់ជាមួយនឹងជម្លោះហ្នឹងទេ គួរតែធ្វើយ៉ាងម៉េច ដើម្បីធ្វើការណែនាំគាត់ទៅប្រជាពលរដ្ឋគាត់ស្រួលទេ ពេលណាណែនាំគាត់ទៅ គាត់អត់មានអាវុធណា គាត់ដៃទទេហ្នឹង។ អ៊ីចឹងរឿងបញ្ហាអស់ហ្នឹង គួរតែដោះលែងគាត់ឱ្យមានសេរីភាព ហើយបើសិនជាមានបញ្ហាអីកើតឡើងទៀត អាហ្នឹងយើងគួរតែដោះស្រាយគ្នាដោយសន្តិវិធី»។

ក្រុមអ្នកតវ៉ាធ្លាប់លើកឡើង​អំឡុងពេលតវ៉ាក្នុងពេលកន្លងទៅថា ការផ្តល់សំណងត្រឹម ៨ដុល្លារ ក្នុងមួយ​​ម៉ែត្រការ៉េនេះ គឺមិនអាចទទួលយកបានទេ ខណៈដីនៅក្បែរនោះ មានតម្លៃរហូតដល់ ២០ ទៅ ៣០ ដុល្លារ ក្នុងមួយម៉ែត្រ។ ពលរដ្ឋទាំងនោះ បន្តថា​ ការ​ផ្តល់សំណងត្រឹម​ ៨ដុល្លារនេះ ក៏មិនអាចទៅដោះដូរ ឬទិញលក់ នៅកន្លែង​​ផ្សេង​​បាន​​ដែរ​​។

 កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋបានចេញលិខិតចំហរមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ