អាមេរិក​ផ្តល់​ជំនួយ​​៤​លាន​​​ដុល្លារ​បន្ថែម​ដល់​កម្ពុជា​​​សម្រាប់​ប្រឆាំង​​ជំងឺ​កូវីដ-១៩

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy​) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់​ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះ បាន​ប្រកាសផ្តល់​ជំនួយបន្ទាន់​បន្ថែមចំនួន៤លាន​ដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​នេះ បាន​ចូលរួមសន្និសីទសារព័ត៌មានមួយជាមួយក្រសួងសុខាភិបាល UNICIEF និង WHO ពាក់​ព័ន្ធនឹង​ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាននេះ លោក Patrick Murphy បានលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺកូវី-១៩ រហូតមកដល់ខែកញ្ញានេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង១៥លានដុល្លារ​ដល់​កម្ពុជា សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​មួយ​នេះ។

លោក Patrick Murphy ឱ្យដឹងថា សហរដ្ឋមេរិកផ្តល់ជំនួយមកកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ដែលមានដូចជា សម្ភារ អប់រំលើការបង្ការហានិភ័យ ការផ្សារភ្ជាប់ជាមួយ​សហគមន៍ ការការពារនិងទប់ស្កាត់ការឆ្លង ប្រព័ន្ធមន្ទីរពិសោធន៍ ជាដើម។ 

ឯកអគ្គរដ្ឋទូតរូបនេះបន្តថា ជំនួយបន្ថែម៤លានដុល្លារដែលសហរដ្ឋអាមេរិកផ្តល់​តាម​រយៈ​កម្មវិធីផែន​ការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវអនុវត្តដោយ WHO និង UNICEF ជាជំនួយដល់ការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ពលរដ្ឋដែលមានសិទ្ធិចាក់វ៉ាក់សាំង ជួយដល់ការអន្តរាគមន៍លើផ្នែកសុខភាពសាធារណៈ​ទាក់​ទង​នឹង​កូវីដ-១៩ និងពង្រឹងនូវមន្ទីរពិសោធន៍ ខណៈជំនួយនាឆ្នាំកន្លងៗមកជាជំនួយក្នុងការដោះស្រាយផលប៉ះពាល់លើសង្គមសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងអ្នកដែលរងគ្រោះជាងគេបំផុត។

លោក Patrick Murphy បានលើកឡើងថា ដំណោះស្រាយយូរអង្វែងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺការចាក់វ៉ាក់សាំង។ លោកថា​ កាលពីខែកក្កដា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងប្រភេទ Johnson & Johnson ជាង១លាន១សែនដូសមកដល់កម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។

លោកបន្ថែម​ថា៖ «សហរដ្ឋអាមេរិកផ្តល់ជំនួយជាបច្ចេកទេសបន្ថែមទៀតដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ -១៩។ ទីភ្នាក់ងារអាមេរិក លើផ្នែកសុខាភិបាលមួយចំនួនដែលខ្ញុំបានលើកឡើងខាងលើ គឺបានជួយគាំទ្រយ៉ាងធំធេងដល់ក្រសួងសុខាភិបាលនិងអាជ្ញាធរនៅប្រទេសកម្ពុជា ជាមួយនឹងការងារតាមដានស្វែងរកបុគ្គលពាក់ព័ន្ធ ពង្រឹងមន្ទីរពិសោធន៍ និងការលើកកម្ពស់ការយល់ដឹងជូនសាធារណៈ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ