សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា​ តុលាការ​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ​ ប៉ាង​ សុដា​ នៅ​ពន្ធនាគារ​ព្រៃស

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

សមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារម្សិលមិញនេះ។

លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី​ នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីត​​ព្រះចៅអធិការវត្ត​ វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ​ ខេត្ត​កំពង់​​​ចាម ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃ​ទី​១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែលោកមិនដឹងថា តុលាការចោទប្រកាន់ពីបទល្មើសនឹង​វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬចោទប្រកាន់ពីរឿងលួចមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ឬយ៉ាងណានោះទេ។

លោក ប៊ុន មុនី ចាត់ទុកការសម្រេចឃុំខ្លួនអតីតព្រះសង្ឃ​ ប៉ាង សុដា ថាជារឿងអយុត្តិធម៌ ដោយសារគាត់ធ្លាប់​បម្រើស​ង្គម​ច្រើន ជាពិសេស​លើផ្នែក​វិស័យ​សាសនា។ ករណីនេះ លោកទទូចទៅតុលាការ​គួរ​តែ​ទម្លាក់ការ​ចោទប្រកាន់លើអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម លោក ប៉ាង សុដា និងដោះលែងគាត់​ឱ្យមានសេរីភាពវិញ។

លោកទទូចដូច្នេះថា៖ «ខ្ញុំសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន​ សែន ជាដើម សុំឱ្យជួយអន្តរាគមន៍ដោះលែងគាត់ឱ្យមានសិទ្ធិសេរីភាពវិញ ដូចប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ព្រោះគាត់ជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយរូប ហើយគាត់បានបំពេញតួនាទីជួយសង្គមច្រើនកន្លងមក»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ និង​អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ នៅថ្ងៃនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣ ខែ​​កញ្ញា ឆ្នាំ២០២១ របស់សមាគមខ្មែរកម្ពុជាក្រោម ព្រះតេជគុណ ប៉ាង សុដា ត្រូវ​បាន​នគរបាលស្រុក​-ខេត្ត និង​ព្រះអនុគណស្រុក ព្រះមេគណខេត្តកំពង់ចាម បានឡោមព័ទ្ធនិងចាប់​ព្រះកាយ និងផ្សឹក ​កាលពីថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២១ ដោយចោទ​លោក ប៉ាង សុដា ថាល្មើសវិធានរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រោយពីចាប់លោក ប៉ាង សុដា ផ្សឹក រហូតដល់ថ្ងៃទី៦ ខែញ្ញា ឆ្នាំ២០២១ លោក ប៉ាង សុដា បានចេញមកបំភ្លឺដល់សារព័ត៌មានក្នុងស្រុក​ថា លោកពិតជាបានប្រព្រឹត្តអសីលធម៌ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា​ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ