សិស្ស​មួយ​ចំនួន​ត្រេកអរ​នឹង​ការ​វិល​ត្រលប់​មក​សាលារៀន​​វិញ ប៉ុន្តែ​នៅ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩

យុវសិស្សម្នាក់ធ្វើការវាស់កម្ដៅនិងលាងសម្អាតដៃនឹងអាល់កុល មុននឹងធ្វើដំណើរចូលទៅថ្នាក់រៀននៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សិស្សអនុវិទ្យាល័យនិងវិទ្យាល័យ​​​មួយចំនួនសាទរ​ចំពោះ​ការអនុញ្ញាតឱ្យ​ចូលរៀន​​ដោយផ្ទាល់​​នៅសាលារៀនវិញ ប៉ុន្តែ​​ពួកគេនិងឪពុកម្តាយ​​​​នៅបារម្ភពីការ​​ឆ្លង​ជំងឺ​កូវីដ-១៩នៅក្នុង​សាលា​រៀន។

គ្រឹះស្ថាន​​សិក្សា​សាធារណៈនិង​ឯកជនកម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញហើយ នៅថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២១នេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យការចូលរៀនឡើងវិញនៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាលាឯកជនមួយចំនួន ក្នុងនោះមានវិទ្យាល័យព្រះស៊ីសុវត្ថិ​ផង​ដែរ។

ការបើកសាលារៀន​នៅរាជធានីភ្នំពេញឡើងវិញនេះ បានធ្វើឡើងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

យុវតី តាយ​ ច័ន្ទម៉ូនីកា សិស្សថ្នាក់ទី៩ B1 នៃវិទ្យាល័យព្រះ​ស៊ី​​សុវត្ថិ ប្រាប់ វីអូឌី ផ្ទាល់នៅព្រឹកថ្ងៃពុធនេះថា កញ្ញា​មានក្តី​បារម្ភពីការឆ្លងជំងឺ​កូវីដ-១៩នៅក្នុងសាលា​រៀនដែរ ប៉ុន្តែនៅតែចង់មករៀនផ្ទាល់។ យ៉ាងណា យុវតីរូបនេះថា ឪពុករបស់នាងនៅមិនទាន់ចង់ឱ្យនាងមករៀននៅសាលាដោយផ្ទាល់នៅឡើយ។

យុវតីវ័យ១៥ឆ្នាំរូបនេះថា៖ «​ ខ្លាច​ [កូវីដ-១៩] ដែរ​! ប៉ា​ផ្ដាំ​មិញ​ថា​​ឱ្យ​​រក្សា​គម្លាត អត់​ឱ្យ​នៅ​ជិត​គេ​ទេ​ ព្រោះ​​​ប៉ា​ខ្ញុំ​គាត់​អត់​ចង់ឱ្យ​​​ខ្ញុំ​ចូល​រៀន​ដែរ​​​​​ តែរបៀប​ថា​ខ្ញុំ​ចង់​ចូល​រៀន ព្រោះអី​នៅ​ផ្ទះ​វា​អផ្សុក​ ហើយ​រៀន​អត់​សូវ​ចេះ​»។

យុវតីរូបនេះបន្ថែម​​ថា៖ «ប្រាប់គាត់ [ប៉ា] អ៊ីចឹង [ពីមូលហេតុដែលចង់ទៅរៀន] ដែរ! គាត់ថា គ្រូហ្នឹងអត់យល់ទេអី? ថាកូវីដ-១៩អី! ព្រោះសាលាជម្ពូវ័នអី ដូចជាឃើញផុសតិកតុកថ្ងៃមុនថាធ្វើតេស្តទៅឃើញ៥នាក់»។

យុវជន យន មេសាផានិត ​សិស្សថ្នាក់ទី១២ A នៃវិទ្យាល័យព្រះស៊ីសុវត្ថិ​​ លើកឡើងស្រដៀងគ្នាថា ឪពុកម្តាយរបស់គាត់ក៏បារម្ភពីសុវត្ថិភាពសុខភាពរបស់គាត់ដូចគ្នា។ ​យ៉ាងណា យុវជនរូបនេះថាគាត់សប្បាយចិត្តដែលបានចូលរៀនវិញ។

យុវជនវ័យ១៨​ឆ្នាំរូបនេះ បញ្ជាក់ថា៖ «គាត់ [ប៉ាម៉ាក់] ថា បើសិនជា [រៀន] នៅផ្ទះល្អជាង ដោយសារអី? កូវីដ-១៩ ស្ថានការណ៍យើងកំពុងឡើង ដែលតា [Delta]  មួយទៀត អីអ៊ីចឹង»។

យុវជនរូបនេះ​បន្តថា ខ្លួនមានការបារម្ភដែរ ដោយសារឆ្នាំនេះជាឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឬបាក់ឌុប ខណៈការរៀនអនឡាញកន្លងមក ទទួលបានចំណេះដឹងនៅមានកម្រិតនៅឡើយ។

យុវជន យន មេសាផានិត និយាយ​ថា៖ «ខ្ញុំ [រៀន] ទី​១២ រៀងភ័យដែរ [ឆ្នាំប្រឡង]។ នៅរៀងខ្វះខាតបន្តិច [សមត្ថ​ភាព​សម្រាប់ត្រៀមប្រឡង] ដោយសាររៀនអនឡាញ ពេលខ្លះយើងមើលអត់សូវយល់។ ដូច្នេះ​យើងត្រូវរៀនបំប៉នរៀងខ្លាំងដែរ»។

យុវតី ជា លីតា សិស្សថ្នាក់ទី៩ D១ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងដែរថា កញ្ញាសប្បាយចិត្តដែល​បានមករៀននៅសាលាជាថ្មី ព្រមទាំងបានជួបមិត្តភក្តិផងដែរ។ យ៉ាងណា យុវតី​រូបនេះថា ឪពុកម្តាយរបស់​គាត់មិនចង់ឱ្យគាត់មករៀននៅសាលាផ្ទាល់ទេ ដោយសារតែខ្លាច​ឆ្លងជំងឺកូវីដ-១៩។

កញ្ញាថា៖ «គាត់អត់ចង់ឱ្យមក [សាលារៀនផ្ទាល់] ដោយសារតែខ្លាចឆ្លង [ជំងឺកូវីដ-១៩]។ ខ្ញុំថា ខ្ញុំឆ្នាំប្រឡង ត្រូវការមករៀន ហេតុនេះបានគាត់ឱ្យមក។ [រៀនពីផ្ទះ] ខ្ញុំរៀនអត់ចេះផងហ្នឹង! ដោយសារតែខ្ញុំឆ្នាំប្រឡងអ៊ីចឹង ខ្ញុំត្រូវរៀននៅសាលាដែរ»។

កញ្ញា គឹម សុត្ថារី ជាគ្រូបង្រៀនមុខវិទ្យាជីវវិទ្យា ថ្នាក់ទី៩ និងទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើង​ថា គាត់សប្បាយចិត្តដែលបានវិលមកបង្រៀនសិស្សនៅសាលាដោយផ្ទាល់ជាថ្មី បន្ទាប់ពីត្រូវបង្រៀនតាមអនឡាញជាច្រើនខែ។ យ៉ាងណា កញ្ញា​ក៏មាន​ក្តីបារម្ភពីការ​ឆ្លង​ជំងឺ​កូវីដ-១៩​​ផង​ដែរ ទោះបាន​​ចាក់វ៉ាក់សាំងរួចរាល់​​គ្រប់ចំនួនដូសក៏ដោយ។

កញ្ញា គឹម សុត្ថារី ថ្លែងថា៖ «អារម្មណ៍ខ្លាច​ចេះតែខ្លាចហើយ ប៉ុន្តែធ្វើម៉េច បើកូនសិស្សឈប់យូរហើយ។ ហើយម្យ៉ាងដោយសារតែគោលការណ៍របស់ក្រសួងផង ហើយភាគច្រើនបុគ្គលិកអប់រំបានចាក់វ៉ាក់សាំងដូសជំរុញរួចហើយ អស់ហើយ ដូច្នេះហានិភ័យរៀងទាប»។

អ្នកស្រី ម៉ី ចន្ថា អាជីវករលក់ខោអាវនៅផ្សារកណ្តាល រាជធានីភ្នំពេញ ដែលត្រូវជាម្តាយរបស់យុវតី តាយ ច័ន្ទម៉ូនីកា បានលើកឡើងថា អ្នកស្រីចង់ឱ្យកូនរៀនផ្ទាល់ជាមួយគ្រូនៅឯសាលា ព្រោះ​ល្អជាងរៀនតាមអនឡាញ។ ទោះជាយ៉ាងណា គាត់ក៏បារម្ភពីសុវត្ថិភាពកូនស្រីផងដែរ ព្រោះឮថាមានករណីគ្រូបង្រៀនសាលាផ្សេងឆ្លងជំងឺ​កូវីដ-១៩ និងថាខ្លាចក្រែងមានករណីឆ្លងបន្តគ្នាពីសំណាក់គ្រូបង្រៀន និងអា​ចចម្លងពីគ្រូមកសិស្ស ជាដើម។

អ្នកស្រី ម៉ី ចន្ថា ថា៖ «បើនិយាយពីចិត្តបង ទី១ ចង់ឱ្យរៀនផ្ទាល់ជាមួយលោកគ្រូ-អ្នកគ្រូ តែក៏បារម្ភខ្លាំង ព្រោះឮព័ត៌មានថាមានគ្រូកើតកូវីដ-១៩ អីអ៊ីចឹង។ ចិត្តមួយចង់ឱ្យរៀន ចិត្តមួយក៏មិនចង់ឱ្យរៀនដែរ ព្រោះខ្លាចដែរ។ បើតាមចិត្តបង ចង់ឱ្យរៀនផ្ទាល់ជាមួយលោកគ្រូ-អ្នកគ្រូផ្ទាល់ ព្រោះចេះជាងរៀនតាមអនឡាញ។ ប៉ុន្តែក៏បារម្ភពីសុវត្ថិភាពកូន ខ្លាចឆ្លងជំងឺកូវីដ-១៩ដែរ បើទោះបីបានចាក់វ៉ាក់សាំងហើយក្តី»។

នាយករងវិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក សៅ សុខា មានប្រសាសន៍​ថា មន្ត្រីពាក់​ព័ន្ធ​បាន​មកបាញ់​សម្លាប់​មេរោគ​នៅតាម​ថ្នាក់​នីមួយៗរួចអស់ហើយ ប៉ុ​ន្តែ​នៅពេលដែលសិស្សា​នុសិស្សចូល​មក​សាលា ពួកគាត់ក៏ត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួនដែរ។

លោក​ថា៖ «ទី១ [សិស្ស] ត្រូវមានកាតចាក់វ៉ាក់សាំង ហើយប្រសិនបើគាត់អត់មានកាតចាក់វ៉ាក់​សាំង យើងឱ្យគាត់កត់ឈ្មោះ ហើយធ្វើការណែនាំគាត់ឱ្យយកកាតចាក់វ៉ាក់សាំងមកជាមួយនៅពេលថ្ងៃស្អែកឡើង។ ទី២ ត្រូវវាស់កម្តៅ បើកម្តៅលើសពី៣៧អង្សាសេ យើងឱ្យគាត់នៅរង់ចាំតាមដានសិន»។

នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ បន្ថែមថា៖ «ហើយនៅក្នុងថ្នាក់នីមួយៗ គឺយើងរក្សាតែ១៥នាក់ទេ គឺធ្វើតាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡា ដោយរក្សាគម្លាតហើយយើងរៀនតាមបណ្តុំ ដោយឱ្យ១៥នាក់រៀននៅក្នុងថ្នាក់។ ក្រៅពីនេះ នៅសល់ គឺយើងឱ្យរៀនអនឡាញ ដោយឱ្យលោកគ្រូ-អ្នកគ្រូឡាយពីថ្នាក់ទៅ ដើម្បីឱ្យសិស្សានុសិស្សយើងយកចិត្តទុកដាក់នឹងការរៀនសូត្រ។ ហើយមួយសប្តាហ៍ យើងផ្លាស់ប្តូរវេនគ្នាម្តង»។

លោក សៅ សុខា បន្តថា នៅថ្ងៃដំបូងនៃការបើកសាលារៀនឡើងវិញនេះ បរិមាណសិស្ស​​​ដែល​​បាន​​គ្រោង​​​​ទុក​​​បានមក​ចូលរៀន ១០០% និង​​​លើស​ការគ្រោង​ទុក​ទៀត​ផង​ ទើប​តម្រូវ​ឱ្យសិស្ស​​ដែលមកសាលារៀនខុសវេន ត្រូវរៀនតាមអនឡាញវិញ។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃទី​១៤ ខែ​កញ្ញា​ បាន​ឱ្យ​​ដឹង​​ថា គ្រឹះស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យនិង​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​មាន​ចំនួន​សរុប២២៧​ទីតាំង (គ្រឹះស្ថាន​សាធារណៈ ៦៨ទីតាំង និង​គ្រឹះ​ស្ថាន​​ឯកជន​​ចំនួន១៥៩​ទីតាំង) និង​មាន​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​​បម្រើ​ការងារ​ចំនួន១០ ៤៤៣នាក់ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូល​រៀន​វិញ ចំនួន១៣៩ ៥៧៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ