ផ្លែមៀន​កម្ពុជា​រំពឹងថា​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ បន្ទាប់​ពី​ស្វាយ​និង​ចេក​

នៅក្នុងឱកាសនៃការទិញផ្លែមៀនដើម្បីជួយកសិករខ្មែរ ដោយស្ថានទូតចិន និងសភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានរៀបចំឡើងនៅទីតាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង)

ភាគីចិន តាមរយៈស្ថានទូតប្រចាំ​នៅកម្ពុជា បង្ហាញក្តីរំពឹងថា ផ្លែមៀនកសិករខ្មែរនឹងក្លាយជាផ្លែឈើស្រស់ប្រភេទទី៣ ដែល​ទទួល​បាន​ការ​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសចិន បន្ទាប់ពីផ្លែចេកនិងស្វាយ។

ក្តីរំពឹងនេះធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ក្នុងឱកាស​ទិញ​ផ្លែមៀន​ជួយ​កសិករ ដោយ​ស្ថានទូត​ចិននិង​សភាពាណិជ្ជកម្មចិន​នៅកម្ពុជា ហើយពិធីនេះ​ត្រូវបានរៀបចំឡើងនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។

ស្ថានទូតចិនប្រចាំកម្ពុជា កាលពីម្សិលមិញបានឱ្យដឹងនៅលើ​ទំព័រហ្វេសប៊ុករបស់ខ្លួនថា ពិធីទិញផ្លែមៀនជួយ​កសិករ​នេះ មានការចូលរួមពីអនុប្រធានអចិន្រ្តៃយ៍សភាពាណិជ្ជកម្មចិននៅកម្ពុជា លោក Pan Dongfeng និងជាប្រធានសមាគមវិស័យកសិកម្ម ព្រមទាំងលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​បាត់​ដំបង។

ប្រភពដដែលបានដកស្រង់ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian ដោយថា ចិននិងកម្ពុជាពុះពាររាល់បញ្ហាប្រឈមនៃជំងឺវីរុសកូវីដ-១៩ បានចាប់ផ្តើមកិច្ចចរចាស្តី​ពីការនាំចេញផ្លែមៀនកម្ពុជា​ទៅកាន់​ប្រទេស​ចិន។

លោកបន្តថា ភាគី​កម្ពុជា​កំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យ​សត្វល្អិត​ដែលអាច​កើតទៅតាម​តម្រូវ​ការ។ ជាមួយគ្នា​នេះ លោក Wang Wentian រំពឹងទុកថា ផ្លែមៀនកម្ពុជានឹង​ក្លាយ​ជា​ផ្លែឈើស្រស់ប្រភេទទី៣ ដែលទទួលបានការអនុញ្ញាត​នាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេកនិងស្វាយ។

លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង​ បានថ្លែងអំណរគុណដល់ស្ថានទូតចិន​ និងសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានជួយទិញផ្លែមៀនពីកសិករក្នុងស្រុក​ តាមរយៈមន្ទីរកសិកម្មខេត្ត ដោយលោកថា នេះជាការជួយដ៏មានតម្លៃនិងទាន់ពេលវេលាបំផុតជូនដល់កសិករខេត្តបាត់ដំបង។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បាន​ស្នើដល់រដ្ឋាភិបាល​ចិន​ជួយបើក​ទីផ្សារសម្រាប់ផ្លែមៀនរបស់កម្ពុជា ខណៈផ្លែមៀនរបស់កសិករខ្មែរកំពុងជួបបញ្ហាប្រឈមកង្វះទីផ្សារនាពេលបច្ចុប្បន្ន។

ឆ្លើយតបសំណើ​នេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី ​សន្យាពន្លឿនកិច្ចការ​ងារ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បីឱ្យផ្លែមៀនរបស់កម្ពុជាបានចូលទៅក្នុងផ្សារប្រទេសចិន។ លោករដ្ឋមន្ត្រីបង្ហាញក្តីរំពឹងថា ការបើកទីផ្សារសម្រាប់ផ្លែមៀនរបស់កម្ពុជានឹងជួយឱ្យប្រជាកសិករខ្មែរមានជីវភាពកាន់តែល្អប្រសើរ និងមិនជួបបញ្ហាខ្វះទីផ្សារ​បន្តទៀត។

កាលពីពេលថ្មីៗនេះ កសិករខ្មែរដែលដាំផ្លែមៀន និង​មៀនប៉ៃលិន ឬតាង៉ែន នៅបណ្តាខេត្តជាប់ព្រំដែនថៃ ជួប​បញ្ហាកង្វះទីផ្សារ​ជាខ្លាំង ក្រោយពេលភាគីថៃប្រកាសបិទច្រកព្រំដែនមិនឱ្យពួកគេយកផ្លែមៀនទៅលក់នៅប្រទេសរបស់ខ្លួន។  

បន្ទាប់ពីមានវិបត្តិទីផ្សារលក់ផ្លែមៀននេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាផ្ទាល់ខ្លួន ដោយចាត់ឱ្យមន្ត្រីរដ្ឋាភិបាល​ចុះប្រមូលទិញផ្លែមៀនពីកសិករ យកទៅចែកជូន​កម្លាំងជួរមុខ​និងមន្ត្រី​រាជការដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

បច្ចុប្បន្ន ដំណាំមៀនដែលអាចប្រមូលផលបាននៅកម្ពុជា មាន​ចំនួន​ជិត៧ ០០០​ហិកតា លើផ្ទៃដីសរុប១៣ ៦០៨​ហិកតា ហើយបរិមាណនៃការប្រមូលផលសរុបក្នុងឆ្នាំ២០២១នេះ មានចំនួនប្រមាណ១១ម៉ឺនតោន៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ