បទ​វិភាគ​៖​ តើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ពិត​ជា​ពឹង​ផ្អែក​ទៅ​លើ​ចិន​តែ​មួយ​ឬ​យ៉ាង​ណា?

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

«បើមិនឱ្យ​ខ្ញុំពឹងចិន តើឱ្យ​ខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?» នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានលើកឡើងជាថ្មីទៀតនៅចំពោះមុខទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ​ក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​ លោក ប្រាក់ សុខុន ក៏បានលើកឡើងនៅ​ចំពោះមុខលោក វ៉ាង យី ក្នុងឱកាសធ្វើសន្និសីទកាសែតរួមគ្នា ដោយអះអាងថា ការអភិវឌ្ឍកម្ពុជាគ្រប់វិស័យមិនអាចកាត់ផ្តាច់ពីការគាំទ្រ​រ​បស់ចិនបានទេ ព្រោះគ្មានប្រទេសណាដែលជួយកម្ពុជាដូចប្រទេសចិននោះឡើយ។

លោក ប្រាក់ សុខុន ក៏មិនភ្លេចឡើយក្នុងការថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការបន្ដជួយឧបត្ថម្ភដល់កម្ពុជាទៅតាមមាគា៌ផ្ទាល់របស់ខ្លួន និងបានផ្ដល់ជំនួយឧបត្ថម្ភខាងផ្នែកអភិវឌ្ឍន៍គ្រប់កាលៈទេសៈទាំងអស់។

សំណួរត្រង់ថា តើការអភិវឌ្ឍនៅកម្ពុជាគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន ពិតជាសមិទ្ធផលរបស់ចិនតែមួយឬយ៉ាងណា? ហើយថាតើកម្ពុជាក្រៅពីចិន ពិតជាគ្មានប្រទេសណាផ្សេងអាចជួយពិតមែនដែរឬទេ?

អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា សម្រាប់ជនផ្តាច់ការឬ​កុម្មុយនីស្ត តែងចូលចិត្តការសរសើរ ភាពបញ្ចើចបញ្ចើ បញ្ជោរគ្នាទៅវិញទៅមក គឺ​មិនចោលឡើយ។

សម្រាប់លោកបណ្ឌិត មើលឃើញថា ទំនាក់ទំនងរវាង​កម្ពុជា-ចិននៅមិនទាន់បង្ហាញថា កម្ពុជាអាចរីកចម្រើន​គ្រប់វិស័យនោះដែរ ត្បិតគ្រាន់តែវិស័យកសិកម្មមួយប៉ុណ្ណោះក៏កម្ពុជានៅជួបបញ្ហាប្រឈមជាច្រើន ពិសេស​បញ្ហាទីផ្សារតែម្តង។  

យ៉ាងណា លោកទទួលស្គាល់ថា ក្នុងរយៈពេលចុងក្រោយ ទំនាក់ទំនងជាមួយចិន​ក៏បានធ្វើឱ្យវិស័យមួយចំនួន​​នៅកម្ពុជា មានការ​​លូតលាស់ខ្លាំង ប៉ុន្តែក៏បង្កើតឱ្យមានវិសមភាពសង្គមកាន់តែខ្លាំងដែរ។

លោកបន្តថា៖ «មួយរយៈចុងក្រោយនេះ យើងទទួលស្គាល់ថា នៅពេលរដ្ឋាភិបាលមានទំនាក់ទំនងសហការជិតស្និទ្ធជាមួយចិនហ្នឹង។ យើងឃើញថាមានវិស័យ​ខ្លះវាលូតឡើងខ្ពស់ ក៏ប៉ុន្តែអ្វីដែលខ្ញុំសង្កេតហ្នឹង គឺ​សង្កេតឃើញថា នៅពេលចិនចូលមក អ្នកមានជាសេដ្ឋីនៅកម្ពុជា​កើតច្រើន ប៉ុន្តែអ្នកក្រហ្នឹងក៏ច្រើនដែរ ដោយសារអី? ដោយសារវិសមភាពសង្គម ដោយសារតែគម្លាតដែលធ្វើឱ្យមានភាពឃ្លាតគ្នាឆ្ងាយដាច់​រវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា»។

លោកបណ្ឌិត សេង សារី បានធ្វើការប្រៀបធៀបរវាងជំនួយអភិវឌ្ឍន៍របស់ចិននិងរបស់ប្រទេស​លោកសេរី ថាហាក់មានភាពផ្ទុយគ្នាស្រឡះ ដោយថា ជំនួយរបស់ចិននៅមិនទាន់មានភាពចាស់ទុំ ហើយជំនួយទាំងនោះក៏​តែង​បង្កឱ្យមានការរំលោភសិទ្ធិមនុស្ស បង្កើតឱ្យមានការមិនពេញចិត្តពីសំណាក់ពលរដ្ឋមូលដ្ឋាន ខណៈជំនួយរបស់ប្រទេស​​លោកសេរី មានភាពចាស់ទុំក្នុងការអភិវឌ្ឍជាងចិន ត្បិតមានការចូលរួមពីគ្រប់ភាគី និងមានចីរភាពជាង ទោះបីជាមានភាពយឺតយ៉ាវជាងចិនក៏ពិតមែន។  

ទោះបីជាបែបនេះក្តី លោក​កត់សម្គាល់ថា ក្នុងរយៈពេលខ្លី ទំនាក់ទំនងជាមួយចិនបានធ្វើឱ្យកម្ពុជាមានសន្ទុះខ្លាំងលើផ្នែកសេដ្ឋកិច្ច​​ ប៉ុន្តែរយៈពេលវែង កម្ពុជាក៏រងផលប៉ះពាល់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ចុងក្រោយ ខ្ញុំមើលឃើញថា បើយើងមើលពីមុំសេដ្ឋកិច្ច យើងឃើញថា រយៈពេលខ្លី កម្ពុជាហាក់ដូចជាស្ទុះកើននៅក្នុងកំណើនសេដ្ឋកិច្ច ប៉ុន្តែនៅក្នុងរយៈពេលវែង យើងឃើញថា ក៏មានផលប៉ះពាល់ច្រើនដែរ។ បើយើងមើលតែក្រុងព្រះសីហនុមួយជាឧទាហរណ៍ យើងឃើញថា ឥលូវនេះ ពលរដ្ឋមានអារម្មណ៍ថាក្រុងព្រះសីហនុហ្នឹងលែងជាទឹកដីរបស់ខ្លួនទៅហើយ។ នៅពេលដែលខ្លួនចូលទៅដល់ទីក្រុងហ្នឹង មានអារម្មណ៍ថា ដូចជាយើងនៅប្រទេសផ្សេងអ៊ីចឹង ដែលវាធ្វើឱ្យបាត់បង់នូវអត្តសញ្ញាណ ឬក៏បាត់បង់នូវភាពជាជាតិនិយមរបស់ពលរដ្ឋ»។  ​

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់៤ខែដើមឆ្នាំ២០២១នេះ ទំហំ​ពាណិជ្ជ​កម្មរវាងកម្ពុជា-ចិន​ មានកំណើន​ជិត២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ ០០០​លានដុល្លារ។ ​

ក្នុងរបាយការណ៍នោះបញ្ជាក់ថា​ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានប្រមាណ៤២៤​លាន​ដុល្លារ​អាមេរិក ពោលគឺកើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣០០​លានដុល្លារ​។ ប៉ុន្តែ​សម្រាប់ទំហំពាណិជ្ជកម្មនាំចូលពីចិនមកកម្ពុជាវិញ មានចំនួន​ជាង២​ ៥០០លាន​ដុល្លារអាមេរិក គឺកើនឡើងជាង១៦%។

ដោយឡែក របាយការណ៍​ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅដើមឆ្នាំ២០២១ ​បង្ហាញថា នៅឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​ គិត​ជា​ទឹកប្រាក់​សរុប​​​ជាង៨ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់ចុះ ៥% ​ធៀបនឹងឆ្នាំ២០១៩។ ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ចិន ​គិត​ជា​ទឹកប្រាក់​មាន​ជាង១​ ០០០​លាន​ដុល្លារ​អា​មេ​រិ​កប៉ុណ្ណោះ ខណៈ​កម្ពុជា​នាំ​ចូលពីចិន​មក​វិញ​ មាន​ដល់​ទៅ​ជាង​៧​ ០០០​​លាន​ដុល្លារ​ ពោលគឺខុសគ្នារហូតដល់៦ដង។

ដោយឡែក ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ​បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជិត៥ ០០០លានដុល្លារ (៤ ៩៣៨លានដុល្លារ​) កើនឡើងជាង ៤០ភាគ​រយ (៤០,១៨%) បើប្រៀប​​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ប្រភពដដែលបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំទឹកប្រាក់ជាង៤ ៦៨៦លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ជាង២៥១លានដុល្លារប៉ុណ្ណោះ។ ​

​ចំណែកកាលពីឆ្នាំ២០២០វិញ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន​ជាង៥ ០០០​លានដុល្លារ (៥ ៥០៩លាន​ដុល្លារ​) ​ដោយក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកជាង៥ ០០០​លានដុល្លារអាមេរិក (៥ ២៥៨លានដុល្លារ) ​​ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ។

ទិន្នន័យនេះបង្ហាញថា អាមេរិកនៅតែជាទីផ្សារនាំចេញធំរបស់កម្ពុជា ខណៈកម្ពុជាដែលជាប្រទេសតូចនោះបានប្រែក្លាយទៅជាទីផ្សារធំនៃការនាំចូលរបស់ចិនទៅវិញ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា​ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក កម្ពុជាទទួលបានជំនួយអភិវឌ្ឍន៍និងភាពអនុគ្រោះជាច្រើន ពិសេសពីបណ្តាប្រទេសលោកសេរី។ ប៉ុន្តែក្រោយពេលស្ថានភាពនយោបាយនៅកម្ពុជាអាប់អួ គួបផ្សំទំនាក់ទំនងការបរទេស​ផ្លាស់ប្តូរនៅក្រោយឆ្នាំ២០១២ ទំនាក់ទំនងកម្ពុជា-ចិនក៏កាន់តែស្អិតល្មួត ហើយកម្ពុជាក៏ទទួលបានជំនួយច្រើនពីចិន ទាំងជំនួយឥតសំណង និងជំនួយមានសំណងឬប្រាក់កម្ចីផងដែរ។

បន្ថែមពីនេះ ក្រោយព្រឹត្តិការណ៍រំលាយបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេ​កាលពីឆ្នាំ២០១៧ កម្ពុជាក៏ចាប់ផ្តើមងាកទៅរកចិនកុម្មុយនីស្តកាន់តែខ្លាំង ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះបាត់បង់ឱកាសទទួលបានជំនួយឬភាពអនុគ្រោះពីប្រទេសលោកសេរីទៀតផង។

បើទោះបីជាកម្ពុជាទទួលបានជំនួយច្រើនពីចិនក្នុងរយៈពេលចុងក្រោយក៏ដោយ ប៉ុន្តែលោកបណ្ឌិត ប៉ា ចន្ទរឿន ប្រាប់ឱ្យអ្នកដឹកនាំត្រូវមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនិងជំនួយរបស់ចិន​។

លោកមានប្រសាសន៍ថា៖ «ហើយជំនួយចិននេះ កម្ពុជាក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។ ទីមួយ គឺដោយសារតែរបៀបទម្រង់នៃការអភិវឌ្ឍរបស់ចិនក្នុងការផ្តល់ជំនួយនិងការអភិវឌ្ឍ រៀងខុសប្លែកពីបស្ចិមប្រទេសតិចដែរ។ ការអភិវឌ្ឍរបស់ចិនហ្នឹងមិនសូវជាផ្តោតទៅលើគណនេយ្យភាព តម្លាភាពនៅក្នុងការអភិវឌ្ឍប៉ុន្មានទេ។ ដូច្នេះ កម្ពុជាក៏ត្រូវប្រយ័ត្នប្រយែងរឿងហ្នឹង ធ្វើម៉េចកុំឱ្យការអភិវឌ្ឍហ្នឹងទៅជាការបង្កើតបញ្ហាថ្មី ដូចជាករណីការរំលោភបំពានដីធ្លី ឬក៏ការបំផ្លិចបំផ្លាញធនធានធម្មជាតិ»។

ក្រៅពីជំនួយចិនដែលត្រូវប្រុងប្រយ័ត្ន លោក ប៉ា ចន្ទរឿន ក៏ទាមទារឱ្យកម្ពុជាត្រូវប្រុងប្រយ័ត្នចំពោះប្រាក់បំណុលដែលជំពាក់ចិនផងដែរ។

លោកបន្ថែមថា៖ «ទី២ កម្ពុជាក៏ត្រូវប្រយ័ត្នដែរទាក់ទងទៅនឹងរឿងបំណុលជាមួយចិនហ្នឹង ធ្វើម៉េចកុំឱ្យកម្ពុជាហ្នឹងក្លាយទៅជាប្រទេសដែលមានចិន​ជាម្ចាស់បំណុលធំពេក ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានភាពពឹងពាក់ទៅលើចិនកាន់តែធំជាងមុន។ ហើយប្រទេស​មួយចំនួនដែលសហការអភិវឌ្ឍជាមួយចិនហ្នឹង ក៏បានប្រឈមមុខក្រោយគម្រោងអភិវឌ្ឍន៍ដែរ ដូចជា ករណីកំពង់ផែទឹកជ្រៅនៅប្រទេសស្រីលង្កា និងគម្រោងមួយចំនួនទៀតនៅប្រទេសប៉ាគីស្ថានអីជាដើម។ នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងចិនហ្នឹង ក៏ត្រូវពិនិត្យមើលពីជំហររបស់ខ្លួនដែរ។ កម្ពុជាធ្វើម៉េចកុំឱ្យបាត់ជំហរ ធ្វើឱ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាច គេមើលឃើញថា​ កម្ពុជាហ្នឹងផ្អៀងខ្លាំងទៅរកចិន ដែលធ្វើឱ្យបាត់បង់ទំនាក់ទំនងការទូត ទំនាក់ទំនងការបរទេស ​វាធ្វើឱ្យប៉ះពាល់ទៅដល់ភាពជាដៃគូក្នុងការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាទៅទីផ្សារដទៃទៀត ពិសេសសហគមន៍អឺរ៉ុបនិងអាមេរិកផងដែរ»។

ឯកសារ​សង្ខេបជាស្ថិតិ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ចែកចាយ​កាល​ពីខែមករា ឆ្នាំ២០២១ បង្ហាញ​ថា «បំណុល​សាធារណៈ​ក្រៅ​ប្រទេស» ឬ បំណុលដែលកម្ពុជាជំពាក់បរទេស​ បានកើន​ឡើង​ជិត១០ ០០០លានដុល្លារអាមេរិក (៨ ៨៥៩លានដុល្លារ​) គិតត្រឹមដំណាច់ឆ្នាំ២០២០។

ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់ គឺ​ចិន​ជា​ម្ចាស់បំណុល​ធំ​ជាង​គេ​ ដែលមាន​អត្រារហូតដល់​ ៤៥% ស្មើ​នឹង​ជិត៤ ​០០០​​លាន​​ដុល្លារអាមេរិក។

ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល ​មានប្រសាសន៍ថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ១៩៩១ មកទល់ពេលបច្ចុប្បន្ន ប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួយកម្ពុជាកាត់បន្ថយភាពក្រីក្រ។

លើសពីនេះ លោកថា ប្រទេសទាំងនោះក៏បានជួយ​លើក​​កម្ពស់វិស័យអប់រំ វិស័យសុខាភិបាល អភិបាលកិច្ចល្អ ជាពិសេសលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យ តាមរយៈជំនួយមនុស្សធម៌ និងធ្វើជាដៃគូពាណិជ្ជកម្ម ដូចជា USAID ពីរដ្ឋាភិបាលអាមេរិក ការអនុគ្រោះពន្ធ GSP ពីរដ្ឋាភិបាលអាមេរិក ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបជា ដើម។

លោកបន្តថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិន​ក៏បានវិនិយោគទុនចូលកម្ពុជាដែលមានកំណើនខ្ពស់ជាងគេ​ ទាំងផ្នែកពាណិជ្ជកម្ម និងភាពជិតស្និទ្ធលើដៃគូភូមិសាស្ត្រនយោបាយ។ ជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ មកទល់ពេលបច្ចុប្បន្ន គឺបានជួយកម្ពុជាស្ទើរគ្រប់វិស័យ។

លោកបន្តថា៖ «បញ្ហាចំពោះមុខ គឺមេដឹកនាំនយោបាយខ្មែរ ជាពិសេសគណបក្សកាន់អំណាច បាននិងកំពុងរំលោភលើស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ តាមរយៈការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរ ប្រព្រឹត្តអំពើពុករលួយ និងអំណាចប្រមូលផ្តុំ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់អស់ឱកាសអភិវឌ្ឍន៍​ខ្លួនឱ្យកាន់តែល្អប្រសើរខ្ពស់»។

លោក ទូច វិបុល កត់សម្គាល់ថា ទំនាក់ទំនងជាមួយប្រទេសចិនមានសារៈសំខាន់។ ប្រទេសចិនបានផ្តល់ឱកាស​​ដល់កម្ពុជាក្នុងការអភិវឌ្ឍខ្លួន ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយពីទំនាក់ទំនងជាមួយប្រទេសចិននេះ ទៅជាការពង្រឹងអំណាចផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ជាដើម។

យ៉ាងណា លោកថា កម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសចិន សហរដ្ឋអាមេរិកនិងប្រទេសលោកសេរីជុំវិញពិភពលោក ដើម្បីទទួលបានទីផ្សារទូលំទូលាយ ស្រូបយកការវិនិយោគទុនឱ្យបានកាន់តែច្រើន និងដើម្បីរក្សាគោលការណ៍អព្យាក្រឹត្យភាពរបស់កម្ពុជា។ លើសពីនេះ កម្ពុជាត្រូវតែពង្រឹងការអនុវត្តនីតិរដ្ឋ ដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីកម្ពុជាមានឱកាសពង្រឹងធនធានមនុស្សដែលជាសសរទ្រូងរបស់ជាតិ៕


អត្ថបទទាក់ទង

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ដើម្បីណែនាំលោកវរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធាថ្មី​របស់សហរដ្ឋអាមេរិក ដោយបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នា ដើម្បីប្រឆាំងនឹងមេរោគរាតត្បាត និងសារៈសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាត្រូវមានអធិបតេយ្យ​ភាព ឯករាជ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

អ្នក​ឃ្លាំ​មើល​ថា​ជំនួប​​លោក​ ហ៊ុន​ ម៉ាណែត​ និង​មន្ត្រី​​​យោធា​​អាមេរិក​ ជា​​សញ្ញា​វិជ្ជ​មាន​​​នៃ​​ដំណើរ​​​ការ​​ប្រជា​​ធិប​តេយ្យ​

អ្នកតាមដានសង្គមមួយចំនួនមើលឃើញថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ា​ណែត ជាមួយ​​​អនុព័ន្ធយោធាសហរដ្ឋអាមេរិក ជាសញ្ញាវិជ្ជមានមួយឈាន​ទៅបើក​លំ​​ហ​ប្រជាធិបតេយ្យមុន​ការបោះឆ្នោតមកដល់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ