ធនាគារ​ពិភព​លោក​​ តែងតាំង​អនុ​ប្រធាន​ថ្មី​ជា​ស្ត្រី​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela V. Ferro) ដែលជា​សេដ្ឋ​វិទូ និង​ជាអ្នក​ដឹកនាំជាន់ខ្ពស់មួយរូបនៃធនាគារពិភពលោក។ (worldbank.org)

ធនាគារពិភពលោក (World Bank) បានប្រកាសតែងតាំងអនុប្រធានថ្មីប្រចាំតំបន់អាស៊ីបូពា៌និងប៉ាស៊ីហ្វិក គឺជាស្ត្រីដែលមានបទពិសោធន៍ការងារជាង៣ទសវត្សរ៍នៅតំបន់អឺរ៉ុប អាមេរិកឡាទីន និងតំបន់ជាច្រើនផ្សេងទៀត។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela V. Ferro) ដែលជា​សេដ្ឋ​វិទូ និង​ជាអ្នក​ដឹកនាំជាន់ខ្ពស់មួយរូបនៃធនាគារពិភពលោក ពេលនេះមានតំណែងថ្មីជា​អនុប្រធាន​នៃធនាគារនេះ ទទួលបន្ទុក​​តំបន់​អាស៊ីបូពា៌ និង​ប៉ាស៊ីហ្វិក។ លោកស្រី មានសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យ Stanford University និងសញ្ញាបត្រវិស្វកម្មមួយទៀតពីសាកលវិទ្យាល័យ Technical University of Lisbon ប្រទេសព័រទូហ្កាល់។

មុននឹងទទួលតំណែងនេះ លោកស្រី ហ្វេរ៉ូ មានបទពិសោធន៍ច្រើនតាមរយៈការងារជាង៣ទសវត្សរ៍នៅតំបន់អឺរ៉ុប, អាមេរិកឡាទីន និងការ៉ាអ៊ីប, អាហ្វ្រិក និងមជ្ឈិមបូពា៌ និងនៅអាស៊ីខាងត្បូង អមជាមួយតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតនៅក្នុងស្ថាប័នធនាគារពិភពលោក។

តំណែងជាន់ខ្ពស់ដែលលោកស្រីធ្លាប់កាន់មុននេះ គឺមាន​ឋានៈជាអនុប្រធានទទួលបន្ទុកគោលនយោបាយប្រតិបត្តិការ និងកម្មវិធីតាមប្រទេស ដែលក្នុងនោះ លោកស្រីជាអ្នកមើលការខុសត្រូវលើអន្តរាគមន៍ឆ្លើយតបទ្រង់ទ្រាយធំបំផុតរបស់ធនាគារពិភពលោក ទៅនឹងការរាតត្បាតជំងឺកូវីដ-១៩។ លោកស្រីក៏មានកេរ្តិ៍ឈ្មោះលេចធ្លោដោយសារ​ស្នាដៃការងារសំខាន់មួយ​ចំនួន​ទៀត ដូចជា ភាពជាអ្នកដឹកនាំបែបយុទ្ធសាស្ត្ររបស់លោកស្រី, ការសម្រេចបានសមិទ្ធផលល្អៗ​ក្នុងកម្មវិធីនៅតាមប្រទេស, និងប្រវត្តិស្នាដៃក្នុងការបង្កើតភាពជាដៃគូប្រកបដោយផ្លែផ្កាជាមួយបណ្តាប្រទេសជាអតិថិជន និង​ដៃគូអភិវឌ្ឍន៍​នានា។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela V. Ferro) បានមានប្រសាសន៍ថា៖ «ធនាគារពិភពលោកជាដៃគូយូរអង្វែងនៅក្នុងតំបន់អាស៊ីបូពា៌ និងប៉ាស៊ីហ្វិក ហើយធនាគារនៅតែរក្សាការប្តេជ្ញាចិត្តជួយតំបន់នេះឱ្យរើបឡើងវិញនៅក្នុងពេលដ៏សែនលំបាកនេះ។ ក្នុងនាម​ជាអនុប្រធាន​នៃធនាគារទទួលបន្ទុកតំបន់អាស៊ីបូពា៌ និងប៉ាស៊ីហ្វិក ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីពង្រឹង​ភាពជាដៃគូជាមួយ​បណ្តា​ប្រទេសនិង​ដៃគូអភិវឌ្ឍន៍នានានៅក្នុងបេសកកម្មថ្មីនេះ»។

នៅក្នុងតួនាទីថ្មីនេះ លោកស្រី ហ្វេរ៉ូ នឹងមើលលើការគ្រប់គ្រងទំនាក់ទំនងរបស់ធនាគារពិភពលោក ជាមួយប្រទេសចំនួន២៦, បុគ្គលិកជាង១ ០០០នាក់ និង Portfolio Programs (កម្រងកម្មវីធី) ដែលមានទឹកប្រាក់សរុបប្រមាណជា៤០ប៊ីលានដុល្លារ​អាមរិក សម្រាប់តំបន់​អាស៊ីបូពា៌ និងប៉ាស៊ីហ្វិកទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ