ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣០១កន្លែងក្នុងចំណោមស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ៦៨៣កន្លែង រកឃើញមានភាពមិនប្រក្រតីនិងមិនអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោយពីសមត្ថកិច្ចបានចុះត្រួតពិនិត្យត្រឹមរយៈពេលជាង២ខែកន្លងទៅនេះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្រសួងពាណិជ្ជកម្ម លោក ផាន អូន ថ្លែងប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រោយចុះប្រតិបត្តិការត្រួតពិនិត្យភាពអនុលោមក្នុងការប្រកបអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនិងដេប៉ូនៅទូទាំងប្រទេសបានចំនួន៦៨៣ស្ថានីយនិងដេប៉ូ ក្នុងនោះ សមត្ថកិច្ចរកឃើញដេប៉ូចំនួន៣០១កន្លែងបានប្រកបអាជីកម្មមិនសុចរិតដែលមិនអនុលោមនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោក ផាន អូន មានប្រសាសន៍ថា៖ «អនុវត្តប្រកាសរួមអន្តរក្រសួងទើបថ្ងៃ១ ខែ៧ទេ រហូតមកដល់ពេលនេះ បើតាមការអនុវត្តជាក់ស្តែងដែលយើងធ្វើហ្នឹង យើង [ពិនិត្យ] បានដូចជាជាង៦០០ស្ថានីយ គឺច្រើនក្នុងរយៈពេល២ខែនេះ [ក្នុងនោះ ៣០១ដេប៉ូ រកស៊ីមិនសុចរិត]»។
នៅពេលសួរថា តើភាពមិនប្រក្រតីនិងភាពមិនសុចរិតដែលដេប៉ូជាង៣០០នោះបានប្រព្រឹត្តមានអ្វីខ្លះ? លោក ផាន អូន លើកឡើងថា ពួកគេលក់ខ្វះបរិមាណនិងគុណភាពក៏មានបញ្ហាដែរ ពោលគឺលក់ខ្វះលីត្រ និងមានករណីសាំងលាយជាដើម។
លោកបញ្ជាក់ថា៖ «ឥលូវនេះ យើងកំពុងធ្វើអំពីការមើលការខ្វះបរិមាណ ខ្វះលីត្រ ខុសនឹងបទដ្ឋានព័ត៌មានអីផ្សេងៗ ហើយយើងនឹងកំណត់គោលដៅមើលពីគុណភាព។ គាត់ខុសទាំង២ហ្នឹង [គឺខុស] ទាំងគុណភាព ទាំងបរិមាណ»។
លោក ផាន អូន សុំមិនបញ្ចេញឈ្មោះក្រុមដេប៉ូដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ទាំងនោះឡើយ ដោយថា ទោះបីជាដេប៉ូមានឈ្មោះ Brand ដូចគ្នា តែមានទាំងជនសុចរិតនិងទុច្ចរិត ដូច្នេះអ្នកប្រព្រឹត្តខុសត្រូវទទួលទោស។
ទាក់ទងនឹងចំណាត់ការទៅលើម្ចាស់ដេប៉ូដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ លោក ផាន អូន ថាអាចនឹងត្រូវប្រឈមនឹងច្បាប់អន្តរការណ៍ អាចមានការព្យួរ ឬអាចមានការស្នើសុំឱ្យបញ្ឈប់អាជីវកម្ម ជាដើម។
លោក ផាន អូន ថា៖ «នីតិវិធី យើងអនុវត្តតាមប្រកាសរួម ប្រកាសអន្តរក្រសួងលេខ៣៣៨ វិន័យអន្តរការណ៍ចំពោះបទល្មើស ដើម្បីជាការព្រមានលើកទី១។ នីតិវិធីបន្ត យើងនឹងធ្វើទៅតាមយន្តការនៃច្បាប់បានកំណត់ឱ្យ អាចមានការព្យួរ ឬអាចមានការស្នើសុំឱ្យបញ្ឈប់ ឬអាចមានការស្នើសុំឱ្យដកអាជ្ញាបណ្ណអីផ្សេងៗទៅតាមកម្រិតទោស»។
លោក ម៉េង ពុទ្ធី ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លើកឡើងថា វាជាចំណុចវិជ្ជមាននៅពេលដែលអាជ្ញាធរចុះធ្វើការផ្ទាល់ជាមួយអ្នករកស៊ីអាជីវកម្មលក់ប្រេងឥន្ធនៈទាំងនោះ ដើម្បីរកមុខអ្នកកេងបន្លំ។ យ៉ាងណា លោកសំណូមពរឱ្យសមត្ថកិច្ចចុះពិនិត្យតាមស្ថានីយប្រេងឥន្ធនៈនានាឱ្យបានញឹកញាប់ ដើម្បីជាបន្ទុកដល់អ្នកមានឥរិយាបថកេងបន្លំ ផ្លាស់ប្តូរ និងសម្រួលឱ្យបានត្រឹមត្រូវវិញ។
លោក ម៉េង ពុទ្ធី ថា៖ «[សមត្ថកិច្ចត្រូវ] ចាត់វិធានការយ៉ាងម៉ឺងម៉ាត់សម្រាប់អ្នកដែលកេងបន្លំ ព្រោះវានឹងជាគំរូទៅលើហ្គារ៉ាស់សាំងរាប់ម៉ឺនហ្គារ៉ាស់ទៀតនៅកម្ពុជា។ បើសិនជាចាប់បានហើយ តែមិនចាត់វិធានការទៅលើអ្នកកេងបន្លំទេ នោះនឹងធ្វើឱ្យពលរដ្ឋយល់ថា [អាជ្ញាធរ] បានតែថា តែមិនមានវិធានការអីឱ្យម៉ឺងម៉ាត់ […]។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លើកឡើងថា ការលក់កេងបន្លំប្រេងនេះ គឺជាប្រធានបទសំខាន់មួយ។ លោកថា ពលរដ្ឋប្រើប្រាស់ថាមពលចេញពីប្រេង សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ បែបនេះ ប្រសិនបើសាំងត្រូវបានលក់កេងបន្លំបរិមាណ ខណៈតម្លៃសាំងនៅក្នុងស្រុកក៏ថ្លៃទៀតនោះ នោះមិនត្រឹមតែប៉ះពាល់នូវសីលធម៌ប៉ុណ្ណោះទេ តែប៉ះដោយផ្ទាល់ដល់ជីវភាពរបស់ពួកគាត់ទៀតផង។
លោក ប៉ិច ពិសី ថា៖ «[…] អ៊ីចឹងបើសិនជាសាំងហ្នឹង បានន័យថា អត់គ្រប់[បរិមាណ] ហើយតម្លៃសាំងយើងដឹងស្រាប់ហើយ តម្លៃសាំងនៅក្នុងស្រុកយើងថ្លៃស្រាប់។ អ៊ីចឹងបើសិនជាយើងទិញអីវ៉ាន់ហ្នឹងថ្លៃ ហើយអត់គ្រប់ទៅទៀត ដោយសារមានការកេងបន្លំពីអ្នកលក់ មានន័យថា តម្លៃនៃការផលិតចេញផលិតផលផ្សេងៗ សេវាផ្សេងៗ ដោយប្រើប្រាស់សាំងនោះ អីវ៉ាន់ទាំងនោះ គឺថ្លៃទាំងអស់។ អ៊ីចឹងហើយបានជាការកេងបន្លំហ្នឹងមានវិសាលភាពនៃការប៉ះពាល់ធំធេងជាងត្រឹមតែរឿងអសីលធម៌អីអ៊ីចឹង»។
លោក ប៉ិច ពិសី ថាការកេងបន្លំខាងលើមិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ ពោលគឺដោយសារពលរដ្ឋត្រូវចំណាយថវិកាច្រើនលើប្រេង ដើម្បីបានបរិមាណបំពេញនូវតម្រូវការផលិតនានា។ លោកថា កត្តានេះធ្វើឱ្យពួកគាត់ពុំអាចប្រកួតប្រជែងការផលិតអីវ៉ាន់ផ្សេងៗ និងមិនអាចមានលទ្ធភាពធ្វើឱ្យផលិតផលមានតម្លៃថោកជាងប្រទេសជិតខាងដែរ បែបនេះមានផលប៉ះពាល់ធំធេងណាស់ដល់សេដ្ឋកិច្ចជាតិ។
ជាដំណោះស្រាយ លោក ពិសី ថាអាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា។ លោកថា សមត្ថកិច្ចត្រូវពង្រឹងការត្រួតពិនិត្យ តាមដានទៅលើអ្នកធ្វើអាជីវកម្មលក់ប្រេងសាំងទាំងនោះ ហើយបើរកឃើញថាមានបញ្ហា ត្រូវអនុវត្តច្បាប់ឱ្យដល់កម្រិតមួយដែលធ្វើឱ្យអ្នកប្រព្រឹត្តខុសរាងចាលនិងលែងហ៊ានធ្វើ។
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជំពូកទី១០ មាត្រា៤១ កថាខណ្ឌទី២ បានចែងថា «ក្នុងករណីទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសតាមកថាខណ្ឌទី១ ខាងលើនេះ ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ»៕