លោក​ ហ៊ុន សែន​ ព្រមាន​បញ្ញវន្ត​ដែល​និយាយ​រិះគន់​រដ្ឋា​ភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ ​នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមា​នធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិន​ការវិភាគ​នោះ​​បាន​បន្សល់ទុកនូវបទល្មើស។

ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ។

ក្នុងពិធី​នោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាននិយាយចំៗថា អ្នកវិភាគ​ លោក​បណ្ឌិត មាស នី មិន​ដែល​វិភាគ​ឃើញ​ល្អពីរដ្ឋាភិបាលក្នុងទំនាក់ទំនង​ជាមួយប្រទេសចិនទេ ហើយថា ការវិភាគ​នេះមិនបានឆ្លុះបញ្ចាំងពីផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​គោល​នយោបាយ​ការបរទេស​នៃទំនាក់ទំនងជាមួយចិនឡើយ​។

លោកព្រមានថា ការវិភាគបែបនេះគួរប្រុងប្រយ័ត្ន ហើយ​​បើការវិភាគ​ត្រូវបានរកឃើញថាបានបន្សល់​ទុក​នូវ​បទ​ល្មើស។

មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា តុលាការបានចេញដីកា​រួច​ហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយ​គាំទ្រ​គោល​ការណ៍​៦ចំណុច​គាំទ្រ​អតីត​បក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ​ថ្មីយកតាមលំនាំប្រទេសភូមា។

កាលពីពេល​កន្លងទៅ អតីតមេដឹកនាំបក្សប្រឆាំងដែលនិរទេសខ្លួនទៅក្រៅប្រទេស រួមទាំងលោក សម រង្ស៊ី ផង ធ្លាប់បានអំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រការបង្កើតរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មួយដូចប្រទេសភូមា ដើម្បីស្វែងរកដោះស្រាយបញ្ហាជាតិ ខណៈបក្សកាន់អំណាចនៅតែបន្តផាត់​អតីតបក្សប្រឆាំង​ចេញពីឆាកនយោបាយជាង៤ឆ្នាំមកនេះ នៅតែគ្មានសញ្ញាណា​មួយ​ឈាន​ទៅរក​ការ​បង្រួបបង្រួម​ជាតិឡើងវិញនោះ។

លោកនាយករដ្ឋមន្ត្រីថ្លែង​ថា៖ «ខ្ញុំបានជាបង្ហើប​ទៅ​ហើយ អាហ្នឹងមានដីកា​ចាប់ខ្លួន មើលយកវាមកសួរមើល៍! អា៦ចំណុចជាលក្ខខណ្ឌសម្រាប់​បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ហ្អែងលើកទឹកចិត្ត​បង្កើត? ហ្អែងបង្កើត ហ្អែងគុក! មិនមែនត្រឹមតែគុកទេ ដែលហៅថាចលនាឧទ្ទាម គេបាញ់ផង! គេឃើញ គេបាញ់! មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមបញ្ជាក់ឱ្យហើយអារឿងក្រប​ខណ្ឌនយោបាយផ្សេង អាចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា»។

លោកនាយករដ្ឋមន្ត្រីបាន​ព្រមានបែបនេះថា៖ «កុំថារដ្ឋាភិបាល ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក! ឱ្យតែហ៊ានចូលទៅក្នុង​ហ្វេសប៊ុក ហើយមិនបានដកចេញ ហើយ​វានៅកន្លែងហ្នឹង​ហើយ ចាត់ទុកជាបទល្មើសជាក់ស្តែង។ ម៉ោង១២យប់​ក៏ចាប់ដែរ ​និយាយគ្នាឱ្យហើយ! កុំថា ហ៊ុន សែន ផ្តាច់​ការ​! តែអានេះជារឿង​គ្រប់គ្រងរដ្ឋ»។

បើទោះបីជានាយករដ្ឋមន្ត្រីមិនបញ្ចេញ​ឈ្មោះបណ្ឌិតរូប​នោះ​ក៏ពិតមែន ប៉ុន្តែលោកបង្ហើបថា ពេល​នេះ​ បណ្ឌិតរូប​នោះ កំពុងស្នាក់នៅទីក្រុងបាងកក ប្រទេសថៃ។ តែយ៉ាងណា គេដឹងថា បញ្ញវន្តមួយ​ដែល​បាន​វិភាគរិះគន់រដ្ឋាភិបាល គឺអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី។

បន្ថែមពីនេះ លោកបានព្រមានផងដែរទៅលើបណ្ឌិតដែលបានរិះគន់លោកមិនគួរនិយាយនូវពាក្យ​ថា «បើមិនឱ្យខ្ញុំពឹងចិនទៅពឹងអ្នកណា?» ដែលពាក្យ​នេះ ​លោ​ក​ថា លោក​អាច​និយាយបាន​ដូចគ្នានៅពេលដែលលោកចុះទៅសម្ពោធស្ពានដែលជួយដោយប្រទេសជប៉ុន ដោយ​ថា «បើមិន​ឱ្យ​លោក​ពឹង​ជប៉ុន ទៅពឹងនរណា?»

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកបណ្ឌិត សេង សារី បានថ្លែង​ថា នាយករដ្ឋមន្ត្រីអាចយល់​ច្រឡំ​ទៅលើគោលគំនិត​នៃការវិភាគរបស់លោក។ លោក​ពន្យល់​ថា ការវិភាគ​របស់លោក​កន្លង​ទៅ ជា​ការវិភាគបែប​សេណារីយ៉ូ មិនមែនមាន​ន័យ​ថា លោ​កគាំទ្រគំនិត​ផ្តួច​ផ្តើម​ក្នុង​​ការ​បង្កើត​រដ្ឋាភិបាលបង្រួមបង្រួមជាតិដោយ​លោក សម រង្ស៊ី ហើយប្រ​ឆាំ​ងទៅនឹងរដ្ឋាភិបាលរបស់​លោក ហ៊ុន សែន នោះទេ។

លោកគូសបញ្ជាក់ថា អ្វីដែលលោកលើកឡើង វាគ្រាន់តែជាលក្ខខណ្ឌថា បើលោក សម រង្ស៊ី ចង់​​​បង្កើ​ត​រដ្ឋាភិបាលបង្រួមបង្រួមជាតិបាន​ លុះតែមានលក្ខខណ្ឌ៦ចំណុច​។​ ករណីនេះ លោកយល់​ថា ការចោទប្រកាន់រូប​លោក​​​ពីសំណាក់​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះអាចជាការទទួល​​​ព័ត៌មានមិនពិតពីបុគ្គលណាម្នាក់​។

មួយវិញទៀត លោកក៏ចង់បញ្ជាក់ផងដែរថា ការវិភាគជា​ទស្សនៈយល់ឃើញ មិនមែនត្រូវមួយរយភាគរយទេ ហើយ​ពិសេសជាងនេះ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ ការមាន​គំនិត​ផ្ទុយក៏មិនមែន​ជាកំ​ហុស​ដែ​​រ វាគ្រាន់ជាទស្សនៈមួយ​​ប៉ុណ្ណោះ។

លោក សេង សារី បន្ថែមថា ករណីរឿងពិតដែលចិនជួយឬក៏ពឹងចិនដែលមិនគួរនិយាយជាទស្សនៈ​វិភាគ លោកមើលឃើញថា កម្ពុជាអាចនឹងខាតបង់ពីការទាញប្រយោជន៍ពីប្រទេសលោក​សេរីដែលកំពុងតែប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេស​ចិន បើ​មេដឹកនាំ​កម្ពុជានៅតែបន្តលើក​ឡើង​នូវសារ​នេះដដែលៗនោះ។

លោកថា៖ «នេះជាការយល់របស់ខ្ញុំ ជាការវិភាគរបស់ខ្ញុំ មិនមែនមានចេតនាប្រឆាំងជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីទេ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា​ សង្គ​​​​ម​​ប្រជាធិបតេយ្យ សំឡេងរិះគន់​ត្រូវ​បាន​គេចាត់​ទុក​ជា​ធាតុ​ចូល​ដ៏សំ​ខាន់ក្នុងការ​ជំរុ​ញ​ត​ម្លា​ភាពនិង​យុត្តិធម៌សង្គម ដែល​សិទ្ធិនេះ​ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា បើការ​រិះគន់​ណាមួយខុស រដ្ឋាភិបាលអាចបំភ្លឺវិញតាមប្រព័ន្ធផ្សព្វផ្សាយឬតាមជម្រើសផ្សេងៗ ដោយ​​មិនគួរចាត់ទុក​ការយល់ឃើញផ្ទុយពីខ្លួនថាជាកំហុសត្រូវចាប់ចងនោះទេ ដើម្បីកុំឱ្យមានការរិះគន់រដ្ឋាភិបាលថា មតិផ្ទុយត្រូវបានបិទខ្ទប់ មិនអនុលោមទៅតាមរដ្ឋធម្មនុញ្ញ។

លោកថា៖ «ក្នុងសង្គមប្រជាធិបតេយ្យហ្នឹង វាចាំបាច់ណាស់នៅក្នុងការធានានូវសេរីភាពបញ្ចេញមតិពីគ្រប់និន្នាការ ពីគ្រប់នយោបាយសង្គមទាំងអស់ហ្នឹង ដើម្បីរួមចំណែកគ្នាក្នុងការកសាងសង្គមជាតិ»។

អ្នកវិភាគសង្គម លោក គឹម សុខ យល់ថា ការវិភាគជាទស្សនៈយល់ឃើញរបស់បុគ្គលនីមួយៗផ្អែក​ទៅលើទិដ្ឋភាពជាក់ស្តែងដែលបានកើតឡើងក្នុងសង្គម ហើយថា សិទ្ធិនេះត្រូវបានធានាដោយច្បាប់ជាតិនិងអន្តរជាតិដែលកម្ពុជាទទួលស្គាល់ ។ លោកយល់ឃើញដែរថា បើសិទ្ធិនេះប្រឈមនឹងការចាប់ចង នោះ​ឆ្លុះបញ្ចាំងថា​ ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ប្រឈម​នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ។

លោកថា៖ «ស្ថានភាពប្រទេសកម្ពុជាសព្វថ្ងៃ គឺប្រជាធិបតេយ្យបែប ហ៊ុន សែន ដែលមានតែលោក ហ៊ុន សែន ម្នាក់គត់ដែលនិយាយអ្វីក៏បាន ធ្វើអ្វីក៏បាន ហើយកម្លាំងតស៊ូនយោបាយនិងកម្លាំងតស៊ូសង្គមកាន់តែគ្រោះថ្នាក់ធំ ប្រសិនបើមិនរកវិធីធ្វើការរួបរួមជាមួយគ្នា»។

លោក គឹម សុខ បង្ហាញការព្រួយបារម្ភដែរ​ថា ប្រទេសមួយបើកាលណាមិន​គោរពរដ្ឋធម្មនុញ្ញ ជា​សញ្ញាប្រាប់ថា ប្រទេសនោះកំពុងជួបវិបត្តិ ហើយបើគ្មាន​អ្វី​កែលម្អ​ទេ ទ្រព្យសម្បត្តិ​​​ជាតិ​នឹងក្លាយ​ជាឧបករណ៍ការពារអំណាចរបស់អ្នកនយោបាយ៕


អត្ថបទទាក់ទង

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

បទ​វិភាគ​៖​ តើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ពិត​ជា​ពឹង​ផ្អែក​ទៅ​លើ​ចិន​តែ​មួយ​ឬ​យ៉ាង​ណា?

«បើមិនឱ្យ​ខ្ញុំពឹងចិន តើឱ្យ​ខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?» នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានលើកឡើងជាថ្មីទៀតនៅចំពោះមុខទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ​ក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ