៧​ខែ​ដើម​ឆ្នាំ​នេះ​ ពលរដ្ឋ​ខ្មែរ​ជាង​៧០០​នាក់​​ប្រថុយ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ​រក​ការងារ​ធ្វើ​

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ពលរដ្ឋខ្មែរជាង៧០០នាក់បាន​​លួ​ចឆ្លងដែនដោយខុសច្បាប់​ទៅ​រកការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេសថៃ​ទាំង​ប្រថុយ​ប្រថាន ហើយត្រូវអាជ្ញាធរ​ថៃនិង​កម្ពុជាចាប់​ខ្លួន​បាន​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ២០​២​១ ដោយបញ្ហានេះ សង្គមស៊ីវិលថានៅបន្តកើតមានជាហូរហែ តែអាជ្ញាធរខេត្តជាប់ព្រំដែនថាមាន​ការថយចុះ។

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយនៅថ្ងៃទី១៦ ខែកញ្ញា ស្តីពីបញ្ហាប្រឈមរបស់ពលករចំណាកស្រុកខ្មែរ អំឡុងផ្ទុះការរាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០​២១។ 

ក្នុងរបាយការណ៍កម្រាស់៤០ទំព័រនោះ អង្គការរកឃើញថា មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់ចំណាកស្រុកទៅ​ធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសថៃ ដើម្បីរកការងារធ្វើដោះស្រាយបញ្ហាជីវភាពនិងបំណុល ហើយក្នុងនោះមាន៧​៤​១នាក់ត្រូវបានអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួន​។  

ប្រភពដដែលបន្ថែមថា ក្នុងចំណោមនោះគឺមានជិត៥០ភាគរយត្រូវរងការផាកពិន័យ និងការស៊ើបអង្កេតបញ្ជូ​នទៅចាត់ការបន្តតា​មនី​តិវិធីច្បាប់ ដែលធ្វើឱ្យពួកគេត្រូវរងគ្រោះបន្ថែមលើការគ្មានការ​ងារ​ធ្វើ គ្មានចំណូល បំ​ណុល ហើយរងទុក្ខលំបាករាងកាយនិងសុខភាពថែមមួយកម្រិត។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌលអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា លើកឡើងថា បញ្ហាចំណាកស្រុកដោយប្រថុយប្រថាននេះនៅតែបន្តកើតមានស្ទើររាល់ថ្ងៃ ជាពិសេសតាមច្រករបៀងរវាងខេត្តបាត់ដំបង និងបន្ទាយមានជ័យរបស់កម្ពុជា ជាមួយខេត្តស្រះកែវ និងច័ន្ទបូរីរបស់ថៃ។

លោក​កត់សម្គាល់ឃើញថា ក្នុងរយៈពេលជាង១ខែចុងក្រោយ មានការចូលរួមពីមេខ្យល់ថៃ និងទំនោរថ្មីសម្រាប់ពលរដ្ឋខ្មែរដែលស​ម្រេចឆ្លងដែនទៅរកការងារធ្វើ។

លោកថា៖ «ការធ្វើដំណើរត្រលប់ទៅថៃនេះ គឺបើប្រៀបធៀបទៅប៉ុន្មានខែមុននេះ គឺហាក់បីដូចជាមានទំនោរថ្មី ហើយទំនោរហ្នឹ​ងប្រហែ​លជានៅក្នុងសារព័ត៌មានថៃដែលគេចុះហ្នឹង រកឃើញថា អ្នកដែលចាប់បានហ្នឹងភាគច្រើនគឺគាត់ទទួលបានការចាក់វ៉ាក់សាំង ខ្លះ​២ដងអីអ៊ីចឹងទៅ»។ 

យ៉ាងណា លោកថា មូលហេតុដែលនាំឱ្យពួកគេធ្វើចំណាកស្រុក ដោយសារតែភាពក្រីក្រ គ្មានដីស្រែចម្ការ មិនអាចរកកា​រងារសមរម្យ និងជំពាក់បំណុល ជាដើម។   

លោក ឌីថេ ហូយ៉ា បន្ថែមថា​៖ «មានពលរដ្ឋខ្មែរដែលត្រលប់ទៅថៃវិញហ្នឹង គេប្រើពាក្យរហូតដល់ថា មិនសុខចិត្តឱ្យដេកដាច់ក្រ​ពះទេ ទោះបីជាថាប្រឈមនៃការឆ្លង ក៏ឆ្លងអីអ៊ីចឹងទៅ។ មានន័យថា គាត់បារម្ភការដាច់ក្រពះជាងការដែលឆ្លងកូវីដ»។ 

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សៀម ប៊ុនរិទ្ធី លើកឡើងថា កន្លងមក ករណីលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃឆ្លងកាត់តាមខេត្តនេះ​ បានកើតមានម្តងមួយគ្រា ក្នុងរូបភាព​ទៅជា​ក្រុមតូចៗដោយ​ខ្លួនឯងហើយមានមេខ្យល់នៅថៃចាំទទួល។ 

យ៉ាងណា​ លោកថា ចាប់ពីខែសីហាមក ករណីទាំងនេះមិនបានកើតឡើងទៀតនោះទេ ដោយសារមា​ន​ការ​បង្រ្កាបនិង​ការដាក់ពង្រាយកម្លាំងនគរបាលតាមច្រករបៀង ដើម្បីទប់ស្កាត់ពលករខ្មែរត្រលប់ពីប្រទេ​សថៃដែ​លចង់​គេចការធ្វើចត្តាឡីស័ក។  

លោក ប៊ុនរិទ្ធី បញ្ជាក់ថា៖ «មួយរយៈប៉ុន្មាននេះ អត់មានផង អត់មានករណីហ្នឹងផង»

ដោយឡែក អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី ថ្លែងថា ពលរដ្ឋខ្មែរដែល​ចំណាកស្រុកទៅប្រ​ទេ​សថៃ និងត្រលប់ពីប្រទេសនេះវិញ គឺនៅតែកើតមាន ប៉ុន្តែករណីទាំងនោះត្រូវបានសមត្ថកិច្ចព្រំដែនទប់ស្កាត់បានជាហូរហែនិងបញ្ជូនឱ្យមកធ្វើចត្តាឡីស័ក។

យ៉ាងណា លោកស្រីមិនអាចបញ្ជាក់ពីចំនួនករណីដែលបង្ក្រាបបាននោះទេ។

លោកស្រី រស់ សុផានី និយាយថា៖ «ដូចជាមិនច្រើនទេបង បើក្នុងករណីដែលថាគាត់ត្រលប់ទៅវិញ ភាគច្រើនគឺខាងកម្លាំងសមត្ថកិច្ចរបស់យើងនៅតាមបន្ទាត់ព្រំដែន គឺចាប់គាត់បាននៅនឹងព្រំដែនកម្ពុជាយើង»។ 

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ធថារិទ្ធ បានទេ នៅថ្ងៃទី១៦ ខែកញ្ញា។

តាមរបាយការណ៍ស្រាវជ្រាវដដែលឱ្យដឹងថា ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០​នាក់បានត្រលប់​មក​ស្រុកកំណើតវិញ នៅអំឡុងខែមិថុនា​ និងកក្កដា ឆ្នាំ២០២១ ដែលជាពេលវេលាប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា៕


សេចក្ដីកែតម្រូវ៖ កថាខណ្ឌចុងក្រោយ «[…] ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០​ពាន់នាក់ […]» ទៅជា «[…] ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០​នាក់ […]»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ