លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចំពោះមេដឹកនាំកំពូលរបស់អតីតគណបក្សប្រឆាំងថា គណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតច្បាប់ ដើម្បីការពារមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលពេលអស់អំណាច ហើយរឹតតែធ្វើបានទៅទៀតនោះ គឺអាចមានសមត្ថភាពក្នុងការបង្កើតបញ្ញត្តិបន្ថែមទៀតដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលថែមទៀតផង។
ការថ្លែងដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការផ្ញើសារទៅកាន់លោក សម រង្ស៊ី ប្រធានអតីតបក្សប្រឆាំងដែលធ្លាប់លើកឡើងថា លោកនាយករដ្ឋមន្រ្តីធ្លាប់ផ្តួចផ្តើមគំនិតចង់ឱ្យអតីតគណបក្សសង្រ្គោះជាតិ ធ្វើសេចក្តីស្នើច្បាប់ការពារមេដឹកនាំជាន់ខ្ពស់ពេលចុះពីអំណាច។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងថ្ងៃចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ នៅវិមានសន្តិភាព នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីបានបបួលលោក សម រង្ស៊ី ស្បថ ប្រសិនបើពិតថាលោកជាអ្នកស្នើឱ្យអតីតបក្សប្រឆាំងធ្វើរឿងនេះមែន។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះកុំថាឡើយត្រឹមតាក់តែងច្បាប់ការពារនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកំពូលៗនៅក្នុងរដ្ឋាភិបាល សូម្បីកែរដ្ឋធម្មនុញ្ញឬបន្ថែមបញ្ញត្តិទៀត ក៏គណបក្សកាន់អំណាចអាចធ្វើបានដែរ។ លោកបន្តថា គំនិតនៃការចង់បានច្បាប់ការពារមេដឹកនាំជាន់ខ្ពស់ពេលចុះចេញពីអំណាចនេះ មិនមែនទើបកើតឡើងនៅពេលនេះទេ ពោលគឺមានការផ្តួចផ្តើមតាំងពីអាណត្តិទី១មកម៉្លេះ។
លោកបន្តថា៖ «រហូតដល់មួលបង្កាច់ខ្ញុំថា ខ្ញុំទៅបបួលគេឱ្យធ្វើច្បាប់លើកលែងទោស។ បើឯងហ៊ានស្បថណា ឱ្យឯងស្បថទាំងពូជ បើអញបានប្រព្រឹត្ត ឯងហ៊ានស្បថដែរអត់ អញប្រកាសចេញពីហ្នឹងទៅតែម្តង ថាលោក ហ៊ុន សែន ត្រូវការឱ្យមានច្បាប់លើកលែងទោសសម្រាប់មនុស្ស៣នាក់ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។ ឯងហ៊ានស្បថទេថាអញប្រមូលឯងធ្វើ ឯងជាអ្នកបបួលអញធ្វើ តែអញមិនធ្វើ។ ហើយខ្ញុំបានទទួលសំណើសុំធ្វើនេះតាំងពីឆ្នាំ៩៩ [១៩៩៩] ជំនាន់ អ៊ឹង ហួត មកទីស្តីការគណៈរដ្ឋមន្រ្តីចាស់ សូមសម្តេចជួយធ្វើច្បាប់ការពារអភ័យឯកសិទ្ធិសម្រាប់អតីតនាយករដ្ឋមន្រ្តី។ បន្ទាប់ទៅ សម្តេចក្រុមព្រះក៏បានស្នើទៀត ខ្ញុំមិនយល់ព្រម»។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងរដ្ឋធម្មនុញ្ញ អ្វីដែលគេមិនអាចកែបានឬធ្វើវិសោធនកម្មទៅរួច បើសូម្បីសភាខ្លួនឯងផងនោះ គឺខ្លឹមសារនៃច្បាប់ដែលបញ្ញត្តិអំពី «របបរាជានិយមអាស្រ័យធម្មនុញ្ញ និងមួយទៀតរបបប្រជាធិបតេយ្យសេរីពហុបក្ស»។ ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដទៃទៀត គឺគេអាចមានលទ្ធភាពកែបាន ហើយបើធ្វើវិសោធនកម្មបានហើយ ខ្លឹមសារនៃច្បាប់ដែលបញ្ញត្តិហើយនេះគឺត្រូវរក្សាទុកមួយជីវិត។
ការបង្កើតឱ្យមានកម្តៅនយោបាយជាថ្មីឡើងវិញនៅពេលនេះ នៅបន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ថាក្រោយបោះឆ្នោតឆ្នាំ២០១៣ រួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់បានច្បាប់មួយ គឺច្បាប់ការពារនាយករដ្ឋមន្រ្តី និងមេដឹកនាំកំពូលផ្សេងទៀតពេលចុះចេញពីអំណាច។
បើតាមអតីតប្រធានគណបក្សសង្រ្គោះជាតិ ប្រមុខរដ្ឋាភិបាលទៅវិញទេដែលជាអ្នកផ្តួចផ្តើមគំនិតឱ្យមានច្បាប់ការពារមេដឹកនាំជាន់ខ្ពស់នេះឡើង។
លោកបន្តថា៖ «ឱ្យខ្ញុំធ្វើច្បាប់មួយលើកលែងទោសឱ្យមនុស្ស៣នាក់នៅក្នុងជួររដ្ឋាភិបាល ឬរបបគាត់។ ទី១ គឺសូមឱ្យប្រធានព្រឹទ្ធសភា គាត់មិនបញ្ចេញឈ្មោះទេ ប៉ុន្តែយើងដឹង! ឱ្យប្រធានព្រឹទ្ធសភារួចខ្លួន ពេលណាមានរដ្ឋាភិបាលថ្មី ហើយប្រធានព្រឹទ្ធសភាហ្នឹងគឺ [លោក] ជា ស៊ីម។ ហើយទី២ គឺប្រធានរដ្ឋសភា ឱ្យរួចខ្លួនពីការកាត់ទោស កុំឱ្យមានការចោទប្រកាន់និងចាប់ខ្លួនប្រធានរដ្ឋសភាទៅកាត់ទោស។ ប្រធានរដ្ឋសភាហ្នឹងគឺ [លោក] ហេង សំរិន។ ហើយទី៣ នាយករដ្ឋមន្រ្តី កុំយកនាយករដ្ឋមន្រ្តីទៅកាត់ទោស ពេលណាប្តូរនាយករដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីហ្នឹងគឺ [លោក] ហ៊ុន សែន»។
លោក សម រង្ស៊ី បន្ថែមថា៖ «គាត់លើករឿងហ្នឹងមកមុន មានន័យថា គាត់បារម្ភហើយ។ កាលពី៨ឆ្នាំមុន គាត់បារម្ភហើយ ឥលូវនេះគាត់រឹតតែបារម្ភទៅទៀត គាត់ត្រូវសម្របសម្រួលជាមួយយើងដើម្បីចង់រួចខ្លួន។ រួចហើយគាត់ប្រាប់ទៀតថា គណបក្សប្រជាជនមិនអាចយកសេចក្តីស្នើច្បាប់ហ្នឹង មនុស្ស៣នាក់រួច អាហ្នឹងដូចគណបក្សប្រជាជនសម្រេចខ្លួនឯងអ៊ីចឹង។ គាត់ពឹងយើង គាត់ខ្ចីដៃគណបក្សសង្រ្គោះជាតិ ឱ្យគណបក្សសង្រ្គោះជាតិធ្វើសេចក្តីព្រាងច្បាប់នេះឡើង»។
នាយកប្រតិបត្តិអង្គការ និចហ្វិក លោក សំ គន្ធាមី ថ្លែងថា សម្រាប់ពេលនេះ មិនពិបាកសោះឡើយសម្រាប់ការកែប្រែអ្វីមួយ កុំថាឡើយរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋាភិបាលមានសមាជិកគ្រប់គ្រាន់សម្រាប់ដំណើរការរឿងនេះ។ ប៉ុន្តែចំពោះអ្នកជំនាញលើកិច្ចការបោះឆ្នោតរូបនេះ យល់ឃើញថា សម្រាប់ជោគវាសនាទៅថ្ងៃក្រោយទៀត មានការប្រែប្រួលយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ជុំវិញការធ្វើវិសោធនកម្មច្បាប់ ដោយសារអ្នកដឹកនាំក្នុងអាណត្តិនីមួយៗមានការយល់ឃើញខុសៗគ្នា ប្រសិនបើរកឃើញថានៅមានចំណុចខ្វះចន្លោះ។
លោកបន្តថា៖ «លោកត្រូវចាំថា អ្វីក៏ដោយ ច្បាប់ធម្មនុញ្ញស្អីក៏ដោយ គឺអាស្រ័យទៅលើតំណាងរាស្រ្ត ហើយរដ្ឋាភិបាលទេជាអ្នកស្នើ។ បក្សណាមួយដែលគាត់ឡើងតួនាទីឬកាន់អំណាចទៅ គាត់យល់ឃើញថា ច្បាប់មានការខ្វះខាតត្រង់ណា មិនសមស្របអី គឺគេធ្វើវិសោធនកម្មមកបាន»។
ទាក់ទិននឹងជម្លោះនយោបាយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា ការឆ្មក់ចូលស្តាប់កិច្ចប្រជុំអនឡាញដែលអតីតបក្សប្រឆាំងរៀបចំ គឺមិនមែនជាសញ្ញានៃការផ្សះផ្សាផ្នែកនយោបាយទេ។ បើតាមលោក ហ៊ុន សែន នេះជាការព្រមានទុកថា នៅទីណាក៏មានមនុស្សរបស់លោកដែរទេ៕












