តំណាងកម្ពុជាប្រចាំ ​អ.ស.ប ​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​របស់​បារាំង​និង​អាមេរិ​ក​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

លោក អាន សុខខឿន តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប)។

តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​(អ.ស.ប)​ លោក អាន សុខខឿន បាន​ចេញ​ប្រតិកម្ម​តបត​ទៅ​គណៈប្រតិភូបារាំង​និង​អាមេរិក​ចំពោះ​ការ​រិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ខណៈមន្ត្រីសិទ្ធិ​មនុស្ស​កម្ពុជា​យល់​ថា ការ​បន្តច្រានចោល​របស់​កម្ពុជា មិន​មែន​ជា​រឿង​ល្អ​ឡើយ។

យោង​តាម​បទ​អន្ត​រាគមន៍​​របស់​ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​នៅ​ អ.ស.ប នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៨​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ​អ.ស.ប​ កាល​ពី​ថ្ងៃទី១៥​ ខែកញ្ញា ​ឆ្នាំ២០២១​ ថា ការ​រិះ​គន់ប្រទេស​ណា​មួយ គឺ​ជា​សិទ្ធិរបស់​គណៈប្រតិភូ​គ្រប់​រូប។ តែទោះជា​បែបនេះ​ក្តី ដើម្បី​អាច​ឲ្យមាន​ភាព​ជឿជាក់​បាន ការរិះគន់​ត្រូវ​តែ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ​ មាន​តុល្យភាព​ មិន​ជ្រើសរើស​តែ​មួយ​ជ្រុង ​និង​សមាមាត្រ។

បន្ថែម​ពី​នេះ​​លោក​បានចោទជា​សំណួរ​៣​ចំណុច​ទៅកាន់​គណៈប្រតិភូ​បារាំង​ និង​សហរដ្ឋ​អាមេរិក​ ថា​ តើគណៈប្រតិភូ​ទាំងពីរ​ជឿជាក់​ថា មតិ​លើក​ឡើង​របស់​ខ្លួន​មាន​ហេតុផល​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ​តើ​គណៈប្រតិភូ​ទាំង​ពីរ​ប្រាកដ​ហើយ​ថា បទអន្តរាគមន៍​របស់​ខ្លួន​ មាន​តុល្យភាព​ និង​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង​?  និង​ថា ​តើ​គណៈប្រតិភូទាំងពី​ជឿជាក់​ថា សេចក្តីថ្លែងការណ៍​របស់ខ្លួន​មានភាព​សមាមាត្រ​ឬ​ទេ ​នៅពេល​គណៈប្រតិភូ​ទាំងពីរ​បំប៉ោង​សិទ្ធិពលរដ្ឋ​និង​នយោបាយ​ឱ្យសំខាន់​លើស​លុប​ជាង​សិទ្ធិផ្សេង​ទៀត​ ដូចជា ​សិទ្ធិរស់រាន​មាន​ជីវិត សុខភាព​ ការ​ទទួល​បាន​ម្ហូប​អាហារ ការអប់រំ និងការអភិវឌ្ឍ?

បន្ថែមលើ​ការ​ចោទ​ជា​សំណួរ​ទាំងបី​ចំណុច​ខាង​លើ​នេះ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក៏បាន​លើក​ឧទារណ៍​ពី​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​ក្រុម​អតីត​សមាជិក​បក្សប្រឆាំង​ចំនួន​ ២៦ រូប ការ​ទទួល​បានការ​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន ៧២%នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាដើម។

លោកបាន​លើក​ជា​សំណួរ​ថា៖ ​«តើ​គណៈប្រតិភូ​ទាំងពីរ​ជឿទេ​ថា​ សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មាន​ភាព​សមាមាត្រ​ឬទេ នៅ​ពេល​គណៈប្រតិភូ​ទាំងពីរ​បំប៉ោង​សិទ្ធិពលរដ្ឋ​និង​នយោបាយ​ឲ្យ​សំខាន់​លើស​លុប​ជាង​សិទ្ធិផ្សេង​ទៀត​ដូចជា ​សិទ្ធិរស់រាន​មាន​ជីវិត សុខភាព ការអប់រំ និង​ការអភិវឌ្ឍ?»។

លោក សឹង សែនករុណា មន្រ្តីស៊ើបអង្កតជាន់ខ្ពស់​នៃអង្គការ​សិទ្ធិមនុស្ស​អាដហុក​យល់​ថា ការ​បដិសេធ​ ការច្រាន​ចោលរបស់​ឯកអគ្គរាជទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ គឺ​មិន​មែនជា​រឿង​ថ្មី​នោះ​ទេ។ បន្ថែមពីនេះ​លោក​មាន​ការ​ព្រួយ​បារម្ភ​ចំ​ពោះស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ព្រោះ​ថា ​អង្គការ​សហប្រជា​ជាតិ​ និងអង្គការ​អន្តរជាតិ​នានាសុទ្ធតែ​មាន​មន្រ្តីជំនាញ​។ លើសពីនេះលោកបារម្ភ​ថា ​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ​ធ្វើ​ឱ្យ​សម្ពាធ​អន្តរជាតិ​កាន់​តែ​ច្រើនឡើង​ ដែល​ប៉ះ​ពាល់​ដល់​ជីវភាពរបស់ពលរដ្ឋ និងការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​។

លោកលើក​ឡើង​ថា​៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​ព្រោះ​សហគមន៍​អន្តជាតិ​គេ​លើក​ឡើង​មិន​មែន​អត់​មូល​ដ្ឋាន​ទេ​ គេមាន​អ្នក​ជំ​នាញ​របស់​គេ​ក្នុង​ការ​តាម​ដាន​ វាយតម្លៃ​ ទៅលើ​ស្ថាន​ភាព​ទាំង​អស់​ហ្នឹង​ដែរ​ ការ​ច្រាន​ចោល​របស់​យើង​ម្ដងហើយ​ម្ដង​ទៀត​អ្វី​ដែល​ជា​ការ​ប៉ះ​ពាល់ ​គឺ​ទៅ​លើ​ខ្លួន​ឯង​»

លោកបន្តថា៖ «គេ​អាច​នឹង​ពិចារណា​ទៅ​លើ​សម្ពាធរបស់​គេ​បន្ថែម​ទៀត​មក​លើ​ប្រទេស​កម្ពុជា​ យើង​ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ច​ សង្គម​ ឬ​ក៏នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ អាចថា​ វា​នឹង​អាច​មាន​ស្ថាន​ភាពតាន​តឹង​ នៅ​ពេល​មាន​ស្ថាន​ភាព​ហ្នឹង​ឡើង​វា​ប៉ះ​ពាល់​ទៅ​ហើយ​ជីវភាព​ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ប្រជាធិបតេយ្យ​ហ្នឹង»។​​

សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្កើត​សេចក្តីព្រាង​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១ ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​សំខាន់​ក្នុងជួរ​រដ្ឋាភិបាល​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​យោធា​ជាដើម។ សហរដ្ឋ​អាមេរិក​ដែល​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ២០១៧​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ