ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជាង២ម៉ោង ក្រោយពីមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

អ្នកស្រី គុម្ព គឺ ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី១៩ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យពួកគេជាង២០០នាក់ ប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅព្រឹកថ្ងៃអាទិត្យនេះ ​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថាបានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

អ្នកស្រីស្នើទៅអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ខណៈបច្ចុប្បន្ននេះពួកគេកំពុងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព ដោយសារគ្មានដីសម្រាប់ធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់គ្រួសារ។

អ្នកស្រីស្នើដូចនេះថា៖ «ពួកខ្ញុំបិទផ្លូវដើម្បីចង់ឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីជូនពួកយើង ឥឡូវពិបាកណាស់ អត់មានដីធ្វើស្រែទេ  អត់មានបាយហូប ពិបាកចិត្តខ្លាចស្លាប់។ អញ្ចឹងហើយបានខំតែនាំគ្នាតវ៉ាឱ្យគេជួយដោះស្រាយ»។

លោក សុខ ភាព ដែលអះអាងថា ខ្លួនមានដីធ្លីជាង១ហិកតា កំពុងរងការប៉ះពាល់នោះ និយាយថា ក្រោយពីបិទផ្លូវជាង២ម៉ោងនេះ អភិបាលស្រុកបានចុះមកប្រាប់ពលរដ្ឋឱ្យបើកផ្លូវវិញ ដោយសន្យាណាត់ជួបតំណាងពួកគេនៅសាលាខេត្តពោធិ៍សាត់ វេលាម៉ោង៨ព្រឹកថ្ងៃទី២០ខែកញ្ញាស្អែកនេះ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋផងដែរ ។

លោក សុខ ភាព ព្រមានថា បើអាជ្ញាធរមិនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទេ នោះពួកគេនឹងបន្តតវ៉ាបិទផ្លូវ រហូតមានដំណោះស្រាយជាថ្មីទៀត។

លោកព្រមានថា«បើសិនជាគេសន្យាដោះស្រាយថ្ងៃច័ន្ទស្អែក តែបើគេអត់ដោះស្រាយឱ្យពលរដ្ឋទេ ពួកខ្ញុំនឹងនាំគ្នាបិទផ្លូវជាតិម្តងទៀត គឺបិទរហូតមានដំណោះស្រាយ»

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលស្រុកបរិបូណ៌ លោក យឹម សារិន  បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវរកវិធីដោះស្រាយជួយអ្នករងផលប៉ះពាល់ ដើម្បីកុំឱ្យពួកគេនាំគ្នាតវ៉ា ឬបិទផ្លូវ អាចនាំឱ្យមានអំពើហិង្សាកើតឡើងរវាងអាជ្ញាធរនិងពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានដំណោះស្រាយទេ យើងបារម្ភដែរទៅថ្ងៃខាងមុខ អាចមានបាតុភាពកើតឡើងបន្តទៀត ហើយអាចឈានចូលដល់អំពើហិង្សា ដែលយើងធ្លាប់ឃើញថ្មីៗដូចនៅកណ្តាលស្ទឹង នៅខេត្តកណ្តាលជាដើម។ អញ្ចឹងហើយយើងជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សសូមឱ្យមានដំណោះស្រាយឱ្យបានឆាប់រហ័ស ហើយអាចទទួលយកបានទាំងអស់គ្នា»។ បើតាមពលរដ្ឋបញ្ជាក់ថា ដីទំហំ១ ៦៦១ហិកតារបស់ប្រជាពលរដ្ឋចំនួន៥៧២គ្រួសារ នៅឃុំចំនួន៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ បានរងផលប៉ះពាល់ដោយអាជ្ញាធរខេត្តមួយនេះដកហូតយកទៅបែងចែកឱ្យ​ពលរដ្ឋផ្សេងទៀតនៅខេត្តពោធិ៍សាត់ទៅវិញ។ បញ្ហានេះ បានធ្វើឱ្យមានការតវ៉ាពីសំណាក់​អ្នកភូមិខេត្តកំពង់ឆ្នាំងជាច្រើនលើកច្រើនសារ និងធ្លាប់មានការតវ៉ារហូតឈានទៅបិទកំណត់ផ្លូវជាតិលេខ៥ថែមទៀតផង ប៉ុន្តែ​បញ្ហាដីធ្លីនេះនៅពុំទាន់​រកច្រកចេញសម្រាប់ក្រុមពលរដ្ឋទាំងនោះបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ