សកម្មជន​អាហ្វហ្គា​នីស្ថាន​តវ៉ា​ករណី​បិទ​ក្រសួង​កិច្ចការ​នារី​ដោយ​ពួក​តាលីបង់

អ្នកការពារសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាននិងសកម្មជនស៊ីវិលតវ៉ាប្រឆាំងនឹងក្រុមតាលីបង់ ដើម្បីការពារសមិទ្ធផលនិងការអប់រំរបស់ពួកគេនៅមុខវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Stringer/File Photo)

សកម្មជនជាស្ត្រីប្រមាណ​ជាង២០​នាក់បានតវ៉ានៅខាងក្រៅក្រសួងកិច្ចការនារី​អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីទីតាំងនេះត្រូវបានបិទដោយក្រុមសកម្មប្រយុទ្ធតាលីបង់ សម្រាប់​ដាក់ជាក្រសួងលើកតម្កើងគុណធម៌ និងការពារឧក្រិដ្ឋកម្មជំនួសវិញ។

បុគ្គលិកជាស្រ្តីមួយចំនួនបានឱ្យ​​ដឹងថា ពួកគេបានព្យាយាមត្រលប់ទៅធ្វើការនៅក្រសួងអស់​រយៈពេលជាច្រើនសប្តាហ៍ ចាប់តាំងពីក្រុមតាលីបង់បានចូលមកកាន់កាប់កាលពីខែមុន ប៉ុន្តែពួកគេ​ត្រូវបាន​ប្រាប់​ឱ្យត្រលប់ទៅកាន់ផ្ទះវិញ ខណៈដែលស្លាកសញ្ញានៅខាងក្រៅក្រសួងកិច្ចការនារី ត្រូវបាន​ជំនួស​មកវិញដោយក្រសួងលើកតម្កើងគុណធម៌ និងការពារឧក្រិដ្ឋកម្ម។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកតវ៉ាម្នាក់ អ្នកស្រី Baseera Tawana ដែលបានថ្លែងថា៖ «ក្រសួងកិច្ចការនារី ត្រូវតែបើកដំណើរការឡើងវិញ។ ការដកស្ត្រីចេញ គឺមានន័យថា ជាការដកធនធានមនុស្សចេញ»។

បាតុករមួយរូបទៀត អ្នកស្រី Taranum Sayeedi បានឱ្យ​ដឹងផងដែរថា៖ «អ្នកមិនអាចបំបិទសំឡេងរបស់ស្ត្រីអាហ្វហ្គានីស្ថានតាមរយៈការទុកឱ្យ​ពួកគេនៅផ្ទះ ដាក់កម្រិតលើពួកគេ ក៏ដូចជាការមិនអនុញ្ញាតឱ្យពួកគេទៅសាលារៀនបាននោះទេ»។

អ្នកស្រីបន្ថែមថា៖ «ស្ត្រីអាហ្វហ្គានីស្ថានសព្វថ្ងៃនេះ មិនមែនជាស្ត្រីកាលពី២៦ឆ្នាំមុននោះទេ»។

គួរបញ្ជាក់ថា ក្រុមតាលីបង់ កាលពីពេលកន្លងទៅ ធ្លាប់បានលើកឡើង​ថា ពួកគេចង់បានសន្តិភាព មិន​សងសឹកប្រឆាំងនឹងសត្រូវចាស់ៗ ហើយនឹង​គោរព​សិទ្ធិស្ត្រីក្នុងក្របខណ្ឌច្បាប់អ៊ីស្លាម។

ទោះជាយ៉ាងណា​ បណ្ដាប្រទេសនានាហាក់មិនមានការជឿជាក់លើការអះអាងនេះ​ទេ ខណៈសហរដ្ឋ​អាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានរបាយការណ៍ថា បុគ្គលិកជាស្រ្ដីរបស់អង្គការសហប្រជាជាតិ និងដៃគូជំនួយអាមេរិកមួយចំនួនត្រូវបានហាមឃាត់មិនឱ្យចូលមកក្នុងការិយា​ល័យ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ