លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ដោយថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​ លោក ហ៊ុន សែន បានថ្លែងថា តុលាការបានចេញដីកា​រួច​ហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយ​​​គោល​ការណ៍​៦ចំណុច ​គាំទ្រ​អតីត​បក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ​យកតាមលំនាំប្រទេសភូមា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

លោកនាយករដ្ឋមន្ត្រីថ្លែង​ថា៖ «ខ្ញុំបានជាបង្ហើប​ទៅ​ហើយ អាហ្នឹងមានដីកា​ចាប់ខ្លួន មើលយកវាមកសួរមើល៍! អា៦ចំណុចជាលក្ខខណ្ឌសម្រាប់​បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ហ្អែងលើកទឹកចិត្ត​បង្កើត? ហ្អែងបង្កើត ហ្អែងគុក! មិនមែនត្រឹមតែគុកទេ ដែលហៅថាចលនាឧទ្ទាម គេបាញ់ផង! គេឃើញ គេបាញ់! មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមបញ្ជាក់ឱ្យហើយអារឿងក្រប​ខណ្ឌនយោបាយផ្សេង អាចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា»។

តែយ៉ាងណា ៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២០ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារនៅលើហ្វេសប៊ុក​របស់លោកថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូ​វការសម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២១ លោកកត់សម្គាល់ថា ការបកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគ​អំពីសេណារីយ៉ូ ៦​ចំណុច កាលពីថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា «ជាការវិភាគបែបសេណេរីយ៉ូ» ហើយ​ការបកស្រាយនេះ​មានលក្ខណៈ​សមហេតុផល និង​អាចទទួល​យក​បាន។

ករណីនេះ លោកបានគូសបញ្ជាក់ថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ឋា​ភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវ​ឱ្យ​​​ស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាច​សុំការ​អត្ថាធិប្បាយបានទេ​ជុំវិញសារ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រីនេះ។

អ្នកវិភាគសង្គម លោក​បណ្ឌិត សេង សារី ក៏ពុំអាចសុំការអត្ថាធិប្បាយ​បានដែរនៅថ្ងៃនេះ។

នាយករងអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សាទរចំពោះសារ​​អំពាវ​​នាវ​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​ឱ្យ​បញ្ឈប់​ការតាម​ចាប់​ខ្លួន​អ្នក​វិភាគ​បញ្ហាសង្គម​រូបនេះ។ លោក​បន្តថា ក្រោ​យពីអ្ន​កវិភាគ លោកបណ្ឌិត​ កែម ឡី ត្រូវ​បាន​គេបាញ់​សម្លាប់​មក មាន​អ្នកវិភាគ​តិច​តួច​ណាស់ដែល​នៅ​បន្តចូល​រួម​វិភាគ​ទាន​គំនិតសម្រាប់ជាមូលដ្ឋានពិចារណា ដើម្បីដោះស្រាយបញ្ហាសង្គម។

លោកថា៖ «ចំណុច​នេះ​ហើយ​ដែលពីមុនមកយើងតែងតែអំពាវនាវ បានន័យថា ទទូច​ដល់​តុលាការសូមឱ្យ​ពិនិត្យ​ពិចារណា​ថាអ្វីជាសេរីភាពក្នុងការផ្តល់គំនិតនិងការបញ្ចេញមតិ! អ្វីជាបទល្មើស!​ មុន​ឈានដល់​ការចោទប្រកាន់នោះ»។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ថា មតិរិះគន់ រួមទាំងការវិភាគបែបវិទ្យាសាស្ត្រ ជាធាតុចូលដ៏សំ​ខា​ន់សម្រាប់ជំរុញដល់តម្លាភាពនិងយុត្តិធម៌សង្គម។

បន្ថែមពីនេះ លោកក៏បាន​លើកទឹកចិត្តឱ្យលោក​ សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវដល់​ភរិយា កូន និងឪពុកម្តាយរបស់លោក​បណ្ឌិត សេង សារី កុំឱ្យ​មានការព្រួយបារម្ភពីរឿងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ