សមាគមអាដហុក អះអាងថា សមត្ថកិច្ចស្រុកលំផាត់ ខេត្តរតនគិរី បានចាប់ខ្លួនសកម្មជនដីធ្លីនិងបរិស្ថាន លោក ឆន ផល្លា នៅព្រឹកថ្ងៃចន្ទនេះ ទាំងមិនបង្ហាញដីកា។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនលោក ឆន ផល្លា នៅម៉ោងជាង១១ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។
តែយ៉ាងណា លោកមិនទាន់ដឹងមូលហេតុពិតនៃការចាប់ខ្លួនលោក ឆន ផល្លា ទេ ដោយគ្រាន់តែដឹងថា មុនការចាប់ខ្លួនសកម្មជនការពារដីធ្លីរូបនេះ មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេដា បានជូនដំណឹងឱ្យលោក ឆន ផល្លា ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីកែសម្រួលអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនៅពេលខាងមុខ។
លោកថា៖ «ទៅដល់ប៉ុស្តិ៍សេដាហ្នឹង បានគេធ្វើការចាប់ខ្លួន! ហើយការចាប់ខ្លួននេះ បើតាមសាច់ញាតិរបស់គាត់ម្នាក់និងប្រពន្ធរបស់គាត់ផ្ទាល់ហ្នឹង បាននិយាយថា ការចាប់ខ្លួនហ្នឹងអត់មានបង្ហាញដីកាចាប់ខ្លួនអីទេ! គឺនៅពេលដែលលោក ឆន ផល្លា ទៅដល់ប៉ុស្តិ៍ភ្លាម គឺចាប់ខ្លួនវាយខ្នោះដាក់ឡានយកទៅតែម្តង»។
VOD មិនអាចទាក់ទងអធិការស្រុកលំផាត់ ដើម្បីបញ្ជាក់ករណីចាប់ខ្លួននេះបាននៅឡើយទេ។
បើតាមមន្ត្រីសមាគមអាដហុក លោក ឆន ផល្លា បានធ្វើសកម្មភាពនានាដើម្បីការពារដីធ្លីនិងបរិស្ថានចាប់ពីឆ្នាំ២០១៧មក ហើយកន្លងមក លោកក៏ធ្លាប់បានប្តឹងមន្ត្រីមួយចំនួនទៅតុលាការ ពាក់ព័ន្ធការរំលោភដីសាធារណៈរបស់រដ្ឋ និងបទល្មើសព្រៃឈើនៅតំបន់នោះ។ ក្រោយមក នៅអំឡុងឆ្នាំ២០២០ លោកក៏ត្រូវបានគេព្រួតវាយនិងបណ្តេញចេញពីភូមិផងដែរ៕