ហ្វីលីពីន​នឹង​ចាប់​ផ្តើម​បើក​សាលារៀន​ឡើង​វិញ​ក្នុង​ដំណាក់​កាល​សាកល្បង

យុវតីម្នាក់ជាសិស្សថ្នាក់កម្រិតវិទ្យាល័យម្នាក់ បំពេញកិច្ចការសាលារបស់នាង ខណៈសាលារៀនបិទទ្វារក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ -១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ (រ៉យទ័រ)

រដ្ឋមន្ត្រីក្រសួងអប់រំហ្វីលីពីន បានឱ្យ​ដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតី​របស់ខ្លួន ​លោក ​Rodrigo Duterte បានអនុញ្ញាតឱ្យមានការបើកថ្នាក់រៀនឡើងវិញ នៅក្នុងតំបន់ទាំងឡាយដែលត្រូវបានកំណត់​ថាមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩ ខណៈ​សាលារៀន​ប្រមាណ​ជា១២០ នឹង​ចូលរួម​ក្នុង​ដំណើរការបើកសាកល្បងនេះ។

ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៧នៅទូទាំងពិភពលោកដែលបាន​បិទសាលា​រៀន​ទាំង​ស្រុង​ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយអង្គការយូនីសេហ្វ​ (UNICEF)​ ដែលជា​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងអប់រំហ្វីលីពីន លោកស្រី Leonor Briones មកចុះផ្សាយ​​ថា ការសិក្សាក្នុងថ្នាក់រៀននេះ ក៏នឹងត្រូវមានការយល់ព្រមពីសំណាក់​ឪពុកម្តាយ​និងអាណាព្យាបាលរបស់សិស្សផងដែរ។

ជាមួយគ្នានេះដែរ ការបើកដំណើរការថ្នាក់រៀនសាកល្បងនេះនឹងគ្របដណ្តប់លើសាលារដ្ឋចំនួន១០០ និង​ស្ថាប័ន​ឯកជន​ចំនួន​២០ ដោយត្រូវកំណត់ទំហំសិស្សចំនួន១២​នាក់សម្រាប់ថ្នាក់មត្តេយ្យ ១៦នាក់សម្រាប់ថ្នាក់ទី១ដល់ទី៣ និង២០នាក់ក្នុងមួយថ្នាក់នៅកម្រិតវិទ្យាល័យ។

លោកស្រី Leonor Briones បន្ថែមថា ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលសាកល្បងនេះដែរ នឹងចាប់ផ្តើមនាពេលខាងមុខ ដោយអាស្រ័យទៅលើការត្រៀមខ្លួននិងរៀបចំរួចរាល់របស់សាលារៀននានា។

គួរបញ្ជាក់ថា ហ្វីលីពីន ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួន​ករណី​ឆ្លងនិងស្លាប់ច្រើន​បំផុតលំដាប់ទី២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈ​តួលេខឆ្លងក្នុងប្រទេសមានសរុបជាង២លានករណី និង​ស្លាប់បាត់​បង់​ជីវិ​តជាង៣ម៉ឺននាក់ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ