ជើង​ហោះ​ហើរ​ទី​៤​ជម្លៀស​មនុស្ស​ពី​អាហ្វហ្គា​នីស្ថាន​ទៅ​​ប្រទេស​កាតា

ទាហានតាលីបង់ជិះកង់ល្បាតនៅមុខជើងហោះហើរ កាតាអ៊ែរវ៉េ នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល អាហ្វហ្គានីស្ថាន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ (រ៉យទ័រ)

មន្រ្តីរបស់ប្រទេសកាតាមួយរូបបានឱ្យ​ដឹងថា ជើងហោះហើរពិសេសទី៤ ដែលដឹកជនស៊ីវិលពីអាហ្វហ្គានីស្ថានទៅកាន់កាតា គិតចាប់តាំងពីកងកម្លាំងអាមេរិកបានដកកាលពីខែមុន បានចាកចេញពីទីក្រុងកាប៊ុលហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹងអ្នកដំណើរជាង២៣០នាក់ ក្នុង​នោះ​មាន​​ជ​ន​ជាតិអាហ្វហ្គានីស្ថាន ជនជាតិអាមេរិក និងជនជាតិអឺរ៉ុបផ្សេងទៀត។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ជំនួយការរដ្ឋមន្ត្រីការបរទេសកាតា អ្នកស្រី Lolwah Rashid Al Khater ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថាជើងហោះហើររបស់ក្រុមហ៊ុន​អាកាសចរណ៍ កាតាអ៊ែរវ៉េ (Qatar Airways) ក៏មានដឹកពលរដ្ឋអាល្លឺម៉ង់ បែលហ្ស៊ិក អៀរឡង់ កាណាដា បារាំង អ៊ីតាលី អង់គ្លេស ហ្វាំងឡង់ និងហូឡង់ ផងដែរ។

មន្រ្តីរបស់ប្រទេសកាតាមួយរូបទៀតបន្ថែមថា ជើងហោះហើរពិសេសទី​៤ ដែលមានអ្នកដំណើរសរុបចំនួន២៣៦នាក់នេះ គឺជាជើងហោះហើរជម្លៀសដ៏ធំបំផុត គិតចាប់តាំងពីសកម្មភាពដកទ័ពរបស់អាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តបានបញ្ចប់នៅថ្ងៃទី​៣១ ខែសីហា។

មន្រ្តីដដែលបន្តថា៖ «កាតានឹងបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិនានាលើកិច្ចខិតខំប្រឹងប្រែងដែលធានានូវសេរីភាពនៃការបម្លាស់ទីនៅអាហ្វហ្គានីស្ថាន ខណៈដែលខ្លួនក៏កំពុងតែធ្វើការជាមួយភាគីមួយចំនួនទៀតនៅលើមូលដ្ឋានឆ្ពោះទៅរកការរីកចម្រើនទូទៅសម្រាប់ប្រទេសមួយនេះផងដែរ»។

ទាក់ទិននឹងការជម្លៀសនេះ បណ្ដាប្រទេសជាង៦០ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីពេលកន្លងទៅ ដោយលើកឡើងថា ជនជាតិអាហ្វហ្គានី​ស្ថាន និងពលរដ្ឋអន្តរជាតិនានាដែល​មាន​បំណង​ចង់​ចាក​ចេញ​ពី​ប្រទេសអាហ្វហ្គានីស្ថាន ត្រូវ​តែ​ទទួលបាន​ការអនុញ្ញាតឱ្យចាកចេញពីប្រទេសនេះ ខណៈដែលអាកាសយានដ្ឋាននិងច្រកព្រំដែនទាំង​ឡាយក៏ត្រូវតែបើកជានិច្ចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ