លោក​ រ៉ុង ឈុន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​​ ក្រោយ​វះកាត់​ភ្នែក​ខាង​ស្តាំ​រួច

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់​ថា ភ្នែក​ខាង​ស្តាំរ​បស់​លោក រ៉ុង ឈុន បានឆ្លងកាត់​​ការ​​វះកាត់រួចរាល់ហើយ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងពន្ធនាគារ។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឱ្យដឹងនៅថ្ងៃទី​២០ ខែ​កញ្ញា​នេះ​ថា ពន្ធនា​​គារ​​​ព្រៃសបានបញ្ជូនលោក រ៉ុង ឈុន ទៅ​វះកាត់ភ្នែកខាងស្តាំដែលមានភាព​ស្រវាំងនិងឈឺ​រកាំ​ជា​​យូរ​ឆ្នាំ​នោះ​ រួច​​រាល់​​​​​ហើយ​​។ អ្នកស្រី​បន្តថា អំឡុងពេលនៃការវះកាត់ភ្នែកលោក រ៉ុង ឈុន នោះ​ ស្ទើរគ្រប់ផ្នែកនៅ​​ក្នុង​​​មន្ទីរពេទ្យនិងពន្ធនាគារបាន​យកចិត្តទុកដាក់និងមើលថែគាត់​ ហើយ​ការចំណាយផ្សេងៗ រួមទាំង​​ថ្លៃ​​វះ​​​កាត់​​ភ្នែក​​ផងនោះ​ជាបន្ទុករបស់​ពន្ធនាគារ។

អ្នកស្រីបន្តថា៖ «ទាំងអស់ដែលនៅផ្នែកវះកាត់ គេបានយកចិត្តទុកដាក់ដល់គាត់ ដូច្នេះហើយបានគាត់និយាយ​ថា បានឃើញពួក​ក្រសួង​​យកចិត្តទុកដាក់​​រត់ខ្វែងដៃខ្វែងជើងក្នុងការវះកាត់ភ្នែករបស់​​គាត់ហ្នឹង។ ​​អ៊ីចឹ​​ង​​​​​​ក្នុងនាមខ្ញុំជាអ្នកឈរនៅលើចំណុចកណ្តាល ដូច្នេះខ្ញុំត្រូវតែ​​ថ្លែងអំណរគុណដល់ពន្ធនាគារនិងពេ​​ទ្យ​​ភ្នែក ​​​ក៏ដូច​​ជាក្រសួងពាក់ព័ន្ធផងដែរ»។

បើទោះជាបែបនេះក្តី អ្នកស្រី អ៊ុក ឆាយ៉ាវី បង្ហាញការសោកស្តាយដែលខាងពន្ធនាគារមិនអនុញ្ញាត​​ឱ្យ​​លោក រ៉ុង ឈុន បានសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈពេល ក្រោយវះកាត់រួច។

អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ រ៉ុង ឈុន ត្រូវបានពន្ធនាគារព្រៃស បញ្ជូនមកវះកាត់ភ្នែកខាងស្តាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី កាល​​​​ពីថ្ងៃទី១៥ ខែកញ្ញា។ មួយថ្ងៃបន្ទាប់ក្រោ​​យ​​​វះកាត់ លោក រ៉ុង ឈុន ត្រូវបានមន្ត្រី​ពន្ធនាគារបញ្ជូន​​មក​​លា​ង​​​​ភ្នែកនិងពិនិត្យសារជាថ្មីម្តងទៀត។

បើតាមអ្នកស្រី អ៊ុក ឆាយ៉ាវី បច្ចុប្បន្ន លោក រ៉ុង ឈុន ដែល​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​​ផង​នោះ​ កំពុ​ងសម្រាកព្យាបាលភ្នែកដែលវះកាត់រួចនៅក្នុងពន្ធនាគារ ហើយ​​ស្ថានភាពសុខភាពភ្នែករបស់គាត់​​ហាក់​បាន​ល្អប្រសើរ​​ជាង​​​មុន​បន្តិចហើយ។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែម​បានភ្លាមៗទេពីលោក​ នុត សវនា មន្រ្តីនាំពាក្យអគ្គនាយកដ្ឋា​​ន​​ពន្ធ​​នា​​គារនៃ​ក្រសួង​​មហា​​ផ្ទៃ នៅថ្ងៃចន្ទនេះ។

នាយក​រងអង្គការការពារសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់ឃើញថា ជារឿងដែលគួរឱ្យចម្លែកសម្រាប់សំណុំរឿងលោក រ៉ុង ឈុន នេះ បើធៀបទៅនឹងរឿងក្តីរបស់ឧកញ៉ាមួយចំនួន ដែលគ្រាន់តែមាន​ជំងឺ​ធម្មតាបែរជាទទួល​​បាន​ការ​ព្យា​បាលនៅក្នុងមន្ទីរពេទ្យយ៉ាងស្រួល។ លោកបន្តថា ថ្វីត្បិតបញ្ហានេះ​ជា​ការ​​សម្រេច​​របស់​​ក្រុម​​គ្រូពេទ្យចំពោះស្ថានភាពសុខភាពរបស់​អ្នកជំងឺ ប៉ុន្តែលោកយល់ថា លោក​​ រ៉ុង ឈុន គួរទទួលបានការមើលថែដោយម៉ត់ចត់នៅ​​ក្នុង​​មន្ទីរពេទ្យក្រោយវះកាត់ដែរ។

លោកបន្តថា៖ «ចុះឧកញ៉ាហើយនិងអ្នកមានលុយមួយ​ចំនួន ម៉េចក៏គាត់ព្យាបាលនៅនឹងមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យផ្តល់យោបល់ត្រូវតែសម្រាកនៅមន្ទីរពេទ្យ រហូតដល់តុលាការដោះលែង។ ចុះត្រឹមតែពេលវេលាសមរម្យមួយក្នុងការព្យាបាលសម្រាប់លោកគ្រូ រ៉ុង ឈុន ហេតុអីមិនផ្តល់ឱកាសឱ្យ​គាត់? ប៉ុន្តែបញ្ហានេះ វា​ជារឿង​​មួយ​ដែលយើងគិតថាវិជ្ជាជីវៈរបស់ពេទ្យ តែយ៉ាងណា ជាទង្វើទូទៅ​ដែលប្រជាពលរដ្ឋមើល​​ឃើញ គឺ​គេរិះ​គន់​តាមរបៀបហ្នឹងហើយ»។ 

លោក រ៉ុង ឈុន ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោម​​បទ​​ចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោយ​​​​​​ពី​លោកបាន​រិះគន់លើ​បញ្ហាការបោះបង្គោល​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះ​អាង​​ថា អាជ្ញាធរ​វៀតណាមបាន​រំលោភ​យកដីពួកគាត់​។

ចំណែកមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន គឺលោក សំ សុគង់ បញ្ជាក់ថា នៅពេលនេះ លោកបាន​ដាក់​​បណ្តឹង​ឧទ្ធរណ៍រួចហើយ ដោយស្នើសុំឱ្យតុលាការថ្នាក់កណ្តាលនេះសើរើឡើងវិញ និងទម្លាក់ចោលរាល់កា​​រ​​ចោទ​​ប្រកាន់ចំពោះសេចក្តីសម្រេចនានារបស់​​​​​​សាលា​​ដំបូងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ