សកម្មជន​រត់​ភៀស​ខ្លួន​ចេញ​ពី​ហុងកុង​ រៀបរាប់​ពី​ទុក្ខ​លំបាក​ពី​​ប្រទេស​ដែល​ខ្វះ​លទ្ធិ​ប្រជា​ធិបតេយ្យ

លោក Lam Wing Kee ជាម្ចាស់ហាងសៀវភៅមួយកន្លែងដែលទើបចាកចេញពីហុងកុងក្រោយមានកម្ដៅនយោបាយ។ (A24 News)

ប្រជាពលរដ្ឋជាច្រើននៅទីក្រុងហុងកុង បានសម្រេចភៀសខ្លួនទៅកាន់បណ្ដាប្រទេសអឺរ៉ុបនិងប្រទេស​ជិតខាង​ផ្សេងទៀត បន្ទាប់ពីការផ្ទេរអធិបតេយ្យភាពទៅឱ្យ​​​ចិន ស្រប​ពេល​ដែល​គោលនយោបាយ​ជាប្រព័ន្ធរបស់អាជ្ញាធរដែលកំពុងតែកាន់អំណាចបានបំបិទសំឡេងរិះគន់ និង​មានការរំលោភសិទ្ធិមនុស្ស ជាដើម។ ពលរដ្ឋហុងកុងត្រូវបង្ខំចិត្តភៀសខ្លួនចេញ ដោយសារតែភាពភ័យខ្លាចក្នុងការក្លាយទៅជាជនរងគ្រោះនៃការសងសឹកទាំងនេះ​ដោយអាជ្ញាធរសន្តិសុខ។

ទាក់ទិននឹងករណីនេះ សកម្មជន អ្នកនយោបាយ និងសិល្បករល្បីៗមួយចំនួន បានរៀបរាប់អំពីទុក្ខលំបាករបស់ពួកគេបណ្ដាលមកពីកង្វះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ដែលនាំឱ្យពួកគេនិងអ្នកផ្សេងទៀតសម្រេចរត់គេចចេញពីការជិះជាន់នៅហុងកុង ដើម្បីស្វែងរកសេរីភាព នីតិរដ្ឋ និងតម្លៃ​ប្រជាធិបតេយ្យក្នុ​ងប្រទេសដទៃទៀត។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News ម្ចាស់ហាងលក់សៀវភៅមួយកន្លែង លោក Lam Wing Kee បានឱ្យ​ដឹងថា៖ «ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលហុងកុង​បានស្នើច្បាប់​ធ្វើ​បត្យាប័ន​ [Extradition Law Amendment Bill] ដែលធ្វើឱ្យ​​ខ្ញុំចាប់ផ្តើមមានការព្រួយបារម្ភអំពីសុវត្ថិភាព​របស់ខ្ញុំ។ សេចក្តីស្នើច្បាប់នេះនឹងអនុញ្ញាតឱ្យហុងកុងធ្វើបត្យាប័នជនសង្ស័យ​ឧក្រិដ្ឋជនដែលមានដូចជារូបខ្ញុំ ទៅកាន់ប្រទេសចិនដីគោក។ ដូច្នេះហើយ ខ្ញុំមិនអាចបន្តនៅទីនោះបានទេ ដោយសារតែវាមាន​ការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន។»

លោក​បន្តថា៖ «ដំបូងឡើយ ខ្ញុំមិនបានគិតអំពីការផ្លាស់មកកាន់តៃវ៉ាន់នោះទេ។ មិត្តភក្តិរបស់ខ្ញុំមួយចំនួននៅប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងកាណាដា បាន​ហៅខ្ញុំឱ្យ​​ផ្លាស់ទៅទីនោះជាមួយពួកគេ។ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ មិត្តរបស់ខ្ញុំនៅតៃវ៉ាន់បានទាក់ទងតាមរយៈទូរសព្ទមកកាន់ខ្ញុំ ហើយហៅខ្ញុំ​ឱ្យ​មកតៃវ៉ាន់។ ជាចុងក្រោយ ខ្ញុំសម្រេចផ្លាស់មកកាន់ទីនេះ ពីព្រោះខ្ញុំអាចបន្តធ្វើការនៅក្នុងឧស្សាហកម្មសៀវភៅរបស់ខ្ញុំបាន»។

លោក Lam Wing Kee បានបន្តទៀតថា៖ «ខ្ញុំបានមកកាន់ទីនេះក្នុងដំណើរអាជីវកម្មក្នុងអំឡុងទសវត្សរ៍ទី​៩០។ ខ្ញុំបានលក់សៀវភៅដែលផលិតដោយអ្នកបោះពុម្ពផ្សាយក្នុ​ងស្រុកនៅទីនេះ​ទៅកាន់​ហុងកុង។ ដើម្បីបន្តអាជីពរបស់ខ្ញុំនេះ ខ្ញុំបានសម្រេចចិត្តបើកហាងលក់សៀវភៅឡើងវិញ ដូច្នេះ​ហើយខ្ញុំសម្រេចចិត្តផ្លាស់ទៅតៃវ៉ាន់»។

លោ​កបានបន្ថែមថា៖ «ជាការពិតណាស់ អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺការរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដូចជាតៃវ៉ាន់។ ដូច្នេះ អ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់ខាងលើនេះ គឺជាហេតុផលដែលខ្ញុំសម្រេចជ្រើសរើសផ្លាស់ទៅកាន់តៃវ៉ាន់»។

សិល្បករមួយរូប លោក Kacey Wong បានថ្លែងឱ្យ​ដឹងផងដែរថា៖ «ខ្ញុំចាំបានថា ក្នុងអំឡុងការតវ៉ាប្រឆាំងនឹងច្បាប់បត្យាប័ននេះនៅខែមេសា ឆ្នាំ២០១៩ ខ្ញុំបានស្លៀកពាក់ដូចទៅនឹងប៉ូលិសចិនជាមួយមិត្តភក្តិរបស់ខ្ញុំ ដោយកាន់ជាមួយនឹងដំបងប៉ូលិស ហើយព្យាយាមបំភ័យអ្នកតវ៉ាហុងកុង ដោយព្យាយាមធ្វើជាចង់ចាប់ខ្លួនពួកគេ ប៉ុន្តែពួកគេមិនខ្លាចនោះទេ»។

លោកបន្តថា៖ «ត្រលប់មកកាន់ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីសមាជិកសភាហុងកុង៥៣នាក់ត្រូវបានចាប់ខ្លួន ខ្ញុំហាក់ដូចជាមានការភ្ញាក់រឭក។ សម្រាប់ខ្ញុំ នោះគឺជាការដាស់ស្មារតីដ៏ធំមួយដើម្បីបង្ហាញថា ហុងកុងនឹងលែងមានច្បាប់និងបទបញ្ជាដែលយើងធ្លាប់បានដឹងថានឹងមានការរីកចម្រើនទៀតហើយ។ នេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តចាកចេញពីហុងកុង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ