កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០៨​ ខែកញ្ញា ឆ្នាំ២០២១ ​ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលនឹងចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់សារព័ត៌មាន វីអូឌី នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០២១ តាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​ថា ​តាម​លិខិត​អញ្ជើញរបស់​លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ​លោក​ ប៉ាន សូរស័ក្តិ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងត្រូវ​ចុះហត្ថលេខា​នៅខែតុលា ឆ្នាំ២០២១ ​នៅសាធារណរដ្ឋកូរ៉េ។

លោកបន្តថា បើសិនជាស្ថានភាពកូវីដ-១៩ នៅប្រទេសទាំងពីរ​មានភាពធូរស្រាល លោក ប៉ាន សូរស័ក្តិ នឹងដឹកនាំប្រតិភូកម្ពុជាទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះដោយផ្ទាល់នៅសាធារណរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែប្រសិនបើស្ថានភាពមិនធូរស្រាលទេ ភាគីទាំងពីរអាចពិចារណាជម្រើសចុះហត្ថលេខាតាមអនឡាញ។

លោកបន្តថា៖ «ការចរចា​មាន​លក្ខណៈ​ទៅ​មក ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មានក្រុមការងារដែល​ទទួល​បាន​សិទ្ធិ​ពី​ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម​រដ្ឋមន្រ្តីចាត់ថ្នាក់ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជា​វិស័យ​ឯកជន​ចូលរួ​មជជែកវែកញែកគ្នារកហេតុផល នឹងមានការប្រុងប្រយ័ត្នជាទីបំផុតក្នុងការដែលយើងស្នើ​សុំទៅគេនិងអ្វីដែលអាចឱ្យ​​ទៅគេ»។

លោកបន្ត​ថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ នឹងត្រូវចុះហត្ថលេខា​ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេស​ទាំងពីរ។

លោកបន្ថែមថា៖ «មកដល់ពេលនេះ​ ការនាំចេញទំនិញទៅកាន់សាធារណរដ្ឋកូរ៉េ​ ​អាចធ្វើបានតាម​ក្របខណ្ឌ​អាស៊ាន, អាស៊ានបូក១, អាស៊ានបូក៣, អង្គការពាណិជ្ជកម្មពិភពលោក។ ក្រោមក្របខណ្ឌទាំងនេះ កម្ពុជាបាន​ទទួលសម្បទានពន្ធគយពីកូរ៉េក្នុងកម្រិតមួយ។ ប៉ុន្តែក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានឹងទទួលបាន​សម្បទានពន្ធគយច្រើនជាងក្របខណ្ឌទាំងប៉ុន្មានខាងលើ។ ទំនិញសក្ដានុពលដែលកម្ពុជារំពឹងថានឹងនាំចេញទៅកូរ៉េមានកសិផល, កសិផលកែច្នៃ, វាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ, ផលិតផលកៅស៊ូ, គ្រឿងបន្លាស់, គ្រឿងបង្គុំអេឡិចត្រូនិច, ផលិតផលឧស្សាហកម្មស្រាល និងផលិតផលផ្សេងៗមួយចំនួនទៀត»។

​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាង​ភាគីកម្ពុជា-កូរ៉េខាងត្បូង ​គ្រោងចុះហត្ថលេខាម្តងរួចទៅហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារស្ថានភាពរីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង គម្រោងនេះក៏ត្រូវខកខានទៅវិញ។ ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កាលពីឆ្នាំ២០២០ ភាគីទាំងពីរ ​បានជួបចរចាគ្នាចំនួន៤លើករួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ