ឥណ្ឌា​រឹបអូស​បាន​ហេរ៉ូអ៊ីន​ជិត​៣​តោនដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អាហ្វហ្គា​នីស្ថាន

រូបឯកសារ៖ បុរសអាហ្វហ្គានីស្ថានម្នាក់ធ្វើការនៅចម្ការដាំអាភៀន នៅខេត្តចាឡាឡាបាដ (Jalalabad) ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ (REUTERS/ Parwiz)

ក្រុមមន្រ្តីរបស់ប្រទេសឥណ្ឌា បានឱ្យ​​ដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរឹបអូសគ្រឿង​ញៀន​ប្រភេទ​​​ហេរ៉ូអ៊ីន​ជិត៣តោន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២,៧២ពាន់លានដុល្លារអាមេរិក ដែលមាន​ប្រភពដើម​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន។

ទាក់ទងនឹងការរឹបអូសហេរ៉ូអ៊ីននេះ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីមន្ត្រីមួយរូបនៅរដ្ឋ Gujarat ដែលសុំមិនបញ្ចេញឈ្មោះ​ថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះ ខណៈដែលការស៊ើបអង្កេតនានាកំពុងបន្ត។

មន្ត្រីរូបនេះបានបន្ថែមថា ហេរ៉ូអ៊ីនទាំងនោះត្រូវបាននាំចូលតាមរយៈកុងតឺន័រដោយក្រុមហ៊ុនមួយនៅភាគខាងត្បូងនៃទីក្រុង Vijayawada។

លោកបន្តថា៖ «ការស៊ើបអង្កេតដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ក៏បានរកឃើញពីការជាប់​ពាក់ព័ន្ធរបស់ជនជាតិអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ»។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន ជាប្រទេសផ្គត់ផ្គង់អាភៀនខុសច្បាប់ដ៏ធំបំផុត​របស់ពិភពលោក។ ប៉ុន្តែចាប់តាំងពីបានឡើងកាន់អំណាច ក្រុមតាលីបង់​ធ្លាប់បានលើកឡើងថា ពួកគេមានគម្រោងហាមឃាត់ការជួញដូរគ្រឿងញៀននេះ។ ទោះជាយ៉ាងណា​ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីសកម្មភាពហាមឃាត់នេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ