ឥណ្ឌូនេស៊ី​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​ថ្មី​ប្រចាំ​ថ្ងៃ​តិច​បំផុត​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ

និស្សិតម្នាក់ទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយនៅតំបន់ប៉ាឡាងការ៉ាយ៉ា (Palangkaraya) ខេត្តកាលីម៉ាន់តាន់ (Kalimantan) ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (Antara Foto/Makna Zaezar/via REUTERS)

ទិន្នន័យពីក្រុមការងារ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញ​ថា ការឆ្លងវីរុសកូវីដ-១៩ថ្មីប្រចាំថ្ងៃ​នៅក្នុងប្រទេសនេះ កាលពីថ្ងៃចន្ទម្សិលមិញ​ មានចំ​នួន១ ៩៣២ករណី ដែល​ជាតួលេខទាបបំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិ​បាល​ប្រទេស​នេះនឹង​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​នៅកោះជ្វា (Java) និងកោះបាលី (Bali)។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីទេសរដ្ឋមន្ត្រី​ទទួល​​បន្ទុក​​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ប្រទេសឥណ្ឌូនេស៊ី លោក Luhut Pandjaitan មកចុះផ្សាយ​ថា ឥណ្ឌូនេស៊ីដែលត្រូវបាន​ចាត់​ទុក​ថា​ជាប្រទេសមួយ​ក្នុងតំបន់អាស៊ីដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតមានការឆ្លងសរុបជាង៤លានករណី និងអ្នកស្លាប់ជាង១៤​ម៉ឺននាក់ ប៉ុន្តែករណីឆ្លងថ្មីបានធ្លាក់ចុះ ៩៨% ពី​កម្រិតខ្ពស់ដែលបានរាយការណ៍ក្នុងខែកក្កដាកន្លងទៅ។

ទោះជាយ៉ាងណា​ លោក Luhut Pandjaitan បានព្រមានថា ហានិភ័យនៃរលកឆ្លងថ្មីនៅតែអាចកើតមានឡើង ខណៈ​​វិធានចត្តាឡីស័កនឹងត្រូវពង្រឹងនៅគ្រប់ទីតាំងចូលមកកាន់ប្រទេសទាំងអស់។

លោកថ្លែងបន្ត​នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ហានិភ័យមួយក្នុងចំណោមហានិភ័យជាច្រើន គឺមកពីក្រៅប្រទេស ដោយសារតែចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងរបស់យើងនៅតែខ្ពស់នៅឡើយ»។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី កាលពីសប្ដាហ៍មុន ក៏បានឱ្យដឹងដែរ​ថា ខ្លួនបាននិងកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនឱសថចំនួន៦ ដើម្បី​ក្លាយ​ជាមជ្ឈ​មណ្ឌល​សកល​មួយ​សម្រាប់​ផលិត​វ៉ាក់​សាំង​​ការ​ពារ​ជំងឺកូវីដ-១៩ ខណៈក្នុង​ចំណោមប្រជាជនសរុបរបស់ខ្លួន ក្នុងនោះមានតិចជាង៣០ភាគ​រយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងគ្រប់ដូស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ