មន្ត្រី​តុលាការ​ថា​ ការ​ចាប់​សកម្ម​ជន​​​​បរិស្ថាន​​​​ម្នាក់​​ពាក់​ព័ន្ធ​ការ​​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

មន្ត្រី​​សាលាដំបូងខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចចាប់​ខ្លួនលោក ឆន ផល្លា ដែលជាសកម្មជន​បរិស្ថាននិងដីធ្លី បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​សារ​តែ​សកម្មជនរូបនោះមិនបាន​ចូល​រួម​តាម​នីតិ​វិធី​កោះហៅ​របស់​តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ​។

ព្រះរាជអាជ្ញារងអម​​សាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី ប្រាប់ វីអូឌី នៅថ្ងៃ​ទី២១ ខែ​កញ្ញានេះ​ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួន​លោក ឆន ផល្លា កាលពី​ថ្ងៃចន្ទម្សិលមិញ ដោយ​សារ​​សកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។

លោកថា សកម្មភាពឈូសឆាយដីព្រៃនោះត្រូវបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៩ និង​២០២០ ស្ថិត​នៅភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ហើយសកម្មជនរូបនេះ​បាន​គេចខ្លួន​មិន​ទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីបានប្រព្រឹត្តល្មើសរួចហើយ។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធជាមួយរឿងហ្នឹង ខ្ញុំក៏អត់ដឹងថាយ៉ាងម៉េចដែរ ព្រោះដោយ​សារ​តែ​ការ​ចាប់​ខ្លួន​គាត់​នេះ មែនទែនទៅ តាមចៅក្រមប្រឹក្សាគាត់​បានលើកឡើងកា​លពីម្សិលមិញ គាត់​បាន​លើកឡើងថា ការចាប់ខ្លួនដោយសារតែតាមការកោះហៅរបស់ចៅក្រមស៊ើបសួរ គាត់​[លោក ឆន ផល្លា]អត់​មាន​ចូលរួម​តាមនីតិវិធី។ ដូច្នេះហើយបានចៅក្រមស៊ើបសួរ គាត់បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន»។

ព្រះរាជអាជ្ញារងរូបនេះបញ្ជាក់ថា បច្ចុប្បន្ន លោក ឆន ផល្លា ត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារ​ខេត្តរតនគិរីជាបណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ជម្រះ​​ក្តីនៅព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

លោក សំ ទិត្យសីហា មេធាវីការពារក្តីឱ្យលោក ឆន ផល្លា មានប្រសាសន៍​ថា សមត្ថកិច្ចបានហៅកូនក្តីលោកទៅប៉ុស្តិ៍នគរបាលឃុំសេដា ដើម្បី​ធ្វើបច្ចុប្បន្នភាព​កែទីលំនៅក្នុងអត្តសញ្ញាណបណ្ណ ប៉ុន្តែនៅពេលទៅដល់ប៉ុស្តិ៍នគរបាលនោះ ស្រាប់តែ​សមត្ថកិច្ចបាន​ចាប់ខ្លួនគាត់​តែម្តង។

មេធាវីចាត់ទុកការចាប់ខ្លួនកូនក្តីនេះថា ធ្វើឡើងដោយខុសនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌត្រង់មាត្រា១២ ដោយសារសំណុំរឿងនេះត្រូវបានសាលាឧទ្ធរណ៍សម្រេចបដិ​សេធ​ចោល​ម្តង​រួច​មក​ហើយ។

លោក​ថា៖ «ករណីលោក ឆន ផល្លា ត្រូវបានតុលាការសាលាឧទ្ធរណ៍ត្បូងឃ្មុំ​សម្រេចម្តងហើយ ថាគាត់អត់មានទោស! ហើយយករឿងហ្នឹងមកចោទប្រកាន់ជាលើកទី២។ អ៊ីចឹង​វាផ្ទុយនឹង​គោលការណ៍​មាត្រា១២ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ គឺអត់អាចចោទប្រកាន់គាត់ជាថ្មីលើបទល្មើសដដែលហ្នឹងបានទៀតទេ»។

បន្ថែមពីនេះ មេធាវីការពារក្តីឱ្យលោក ឆន ផល្លា អះអាងថា នឹងតស៊ូមតិតាមផ្លូវច្បាប់ ដើម្បីទាម​ទារ​ឱ្យចៅក្រមសាលាដំបូងខេត្តរតនគិរី ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនក្តីឱ្យមានសេរីភាពវិញ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក រ៉ា បូរ៉ាន់ឌី បានប្តឹងលោក ឆន ផល្លា ទៅសាលាឧទ្ធរណ៍ខេត្ត​ត្បូងឃ្មុំ ដោយចោទសកម្មជនបរិស្ថាននិងដីធ្លីរូបនោះថា កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ។

ក្រោយមក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ខេត្ត​ត្បូងឃ្មុំ លោក វ៉េង ប៊ុនធឿន បានសម្រេចចេញសាលដីកាបដិសេធចោល​ ជុំវិញពាក្យបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយចាត់ទុកបណ្តឹងនោះផ្ទុយនឹងគតិច្បាប់។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក រ៉ា បូរ៉ាន់ឌី  អះអាងប្រាប់ វីអូឌី នៅថ្ងៃនេះថា រូបលោកមិនបានដឹងរឿងចាប់ខ្លួនលោក ឆន ផល្លា នោះទេ ដោយថា លោកបានប្តូរ​ទៅកាន់​នៅខេត្តក្រចេះវិញហើយ។ ករណីនេះ លោកសុំមិនធ្វើការបកស្រាយអ្វីបន្ថែមទៀតនោះទេ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​ នី សុខា ដែលតា​មដានករណីនេះ មានប្រសាសន៍ថា សាលាដំបូងខេត្តរតនគិរី ត្រូវដោះលែងលោក ឆន ផល្លា ឱ្យមានសេរីភាពវិញ ព្រោះសកម្មជន​រូបនោះមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ហើយសំណុំរឿងនេះ​ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍ត្បូងឃ្មុំធ្លាប់បដិសេធរាល់ការចោទប្រកាន់ទៅលើ​គាត់​រួ​ច​ទៅ​ហើយ​ដែរ។

លោក នី សុខា បញ្ជាក់ថា បើសិនជាចៅក្រមសាលាដំបូងខេត្តរតនគិរី មិនដោះលែងលោក ឆន ផល្លា ឱ្យមានសេរីភាពវិញទេ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើលោក ផល្លា ត្រូវទទួលរងនូវការចោទប្រកាន់​ពីបទកាប់រុនរានដីព្រៃខុសច្បាប់ ខ្ញុំគិតថា ជាសញ្ញាមួយដែលមិនល្អទេ ហើយដែលវាជាសញ្ញាមួយ សារមួយបង្ហាញទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលគេខិតខំធ្វើការការពារ ជាអ្នកចេញមុខការ​ពារ​ធន​ធាន​ជាសម្បត្តិធម្មជាតិ​ព្រៃឈើ បែរ​ជាទទួលរងនូវការចោទប្រកាន់ទៅវិញ។ អ៊ីចឹង​ហើយវាជាសញ្ញាមួយបង្ហាញទៅដល់សាធារណ​ជន ក៏ដូចជាធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ ក៏ដូចមានការរិះគន់ទៅលើប្រព័ន្ធយុត្តិធម៌យើងដែរ»។

លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ ធ្លាប់បានប្រាប់ វីអូឌី នាពេល​កន្ល​ងមក​ថា រូប​លោក​​​បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០១៦ ប៉ុន្តែ​​ចាប់តាំងពី​ឆ្នាំ២០១៧មក លោក​​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង​ចំនួន៨ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​​មូលដ្ឋាននិង​ពលរដ្ឋ​មួយចំនួន​ទៀត​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើនិង​ការ​ទន្រ្ទាន​ដី​សហគមន៍ ប៉ុន្តែលោក​ថា ប្រមាណ៤ឆ្នាំ​មកនេះគ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​ចាត់ការ​នោះ​ឡើយ។

មិនតែប៉ុណ្ណោះ លោកថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក​ធ្លាប់ត្រូវបានមនុស្សមួយ​ក្រុម​ព្រួតគ្នាវាយដំយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខអាជ្ញាធរមូលដ្ឋាន​ក្នុងវេទិកាសាធារណៈមួយ នៅពេលដែលលោកបានចោទសួរទៅកាន់អាជ្ញាធរពាក់ព័ន្ធ​ការបណ្តែតបណ្តោយឱ្យមាន​បទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ