អត្ថបទ​ទស្សនៈ​៖​ យុទ្ធសាស្ត្រ​នៃ​ការ​រក្សា​អំណាច​របស់​មេដឹក​នាំ​នយោបាយ

មេដឹកនាំកំពូល នៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត» ដែលកិច្ចប្រជុំ នេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

អត្ថបទនេះនឹងបកស្រាយអំពីយុទ្ធសាស្ត្រនយោបាយអំណាច ដែលអ្នកនយោបាយតែងប្រើប្រាស់ដើម្បីក្តោបនិងរក្សាអំណាចក្នុងល្បែងនយោបាយ​សម័យទំនើប ដោយលើកយកទិដ្ឋភាពទ្រឹស្តីនយោបាយ (political theory), មគ្គុទ្ទេសក៍នយោបាយ (political leadership) និងទ្រឹស្តីអំណាច មកឆ្លុះបញ្ចាំង។

លោក រ៉ូប៊ើត កាបឡាន (Robert Kaplan) បានលើកឡើងថា ទស្សនវិជ្ជា គឺជារឿងគួរឱ្យរំភើបសម្រាប់មនុស្សធម្មតា ក៏ដូចអ្នកជំនាញ។ ក្នុងន័យនេះ ការលើកយកទស្សនវិជ្ជានយោបាយរបស់អ្នកប្រាជ្ញមកពន្យល់ និងវិភាគពីយុទ្ធសាស្ត្រនយោបាយដើម្បីរក្សាអំណាច ជារឿងគួរសាទរនិងរីករាយ។ ទស្សនវិទូនយោបាយអ៊ីតាលី លោក ម៉ាគីវេល្លី (Machiavelli) បានគូសផ្លូវបង្ហាញយុទ្ធសាស្ត្រទូទៅនៃតោនិងកញ្ជ្រោងជាមួយភាពឥតលាក់លៀម។

ដើម្បីធ្វើឱ្យមានសុវត្ថិភាព មេដឹកនាំត្រូវតែធ្វើសកម្មភាពប្រឆាំងការយាយីរបស់សត្រូវ, ស្វះស្វែងរកមិត្តភាព, ច្បាំងដោយប្រើប្រាស់កម្លាំង, បោកបញ្ឆោតឱ្យគេស្រឡាញ់ និងធ្វើឱ្យគេខ្លាចជាជាងធ្វើឱ្យគេស្អប់, ព្រមទាំងធ្វើឱ្យទាហានគោរពនិងកោតក្រែងខ្លួន។ ចៀសវាងគ្រោះកាចកើតមានដល់ខ្លួន មេដឹកនាំត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីកម្ចាត់នរណាក៏ដោយដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួន។

ដើម្បីខ្លួនអាចក្តោបក្តាប់អំណាចបានយូរអង្វែង មេដឹកនាំត្រូវរក្សាមិត្តភាព និងពង្រីកសម្ព័ន្ធមិត្តជាមួយមេដឹកនាំដទៃទៀតដែលខ្លួនគិតថាអាចផ្តល់ផលប្រយោជន៍ដល់ខ្លួននិងពុំហ៊ានធ្វើអ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។

លោក ម៉ាគីវេល្លី បានបន្តទៀតថា៖ «មេដឹកនាំត្រូវបង្ហាញឱ្យគេឃើញថា ខ្លួនជាមនុស្សមានមេត្តាធម៌ សណ្តោសប្រោសប្រណី មានយុត្តិធម៌ មនុស្សធម៌ ស្មោះត្រង់ មានជំនឿលើសាសនា ប៉ុន្តែធាតុពិតទៅនៅពេលចាំបាច់ មេដឹកនាំអាចផ្លាស់ប្តូរផ្ទុយពីគុណសម្បត្តិទាំងនេះវិញ។»​

យោងតាមលោក ម៉ាគីវេល្លី ដែលជាអ្នកប្រាកដនិយម ថាមេដឹកនាំត្រូវយល់ដឹងនិងចេះអនុវត្តតាមយុទ្ធសាស្ត្រនយោបាយ “តោ និង កញ្ជ្រោង” ក្នុងការប្រកួតប្រជែងនយោបាយអំណាច និងអាចរក្សាអំណាចបានយូរអង្វែង។

ជាការពិត យោងតាមលោក ម៉ាគីវេល្លី «តោ» ជាសត្វកំណាចដ៏សាហាវឃោរឃៅ អាងកម្លាំងបាយដើម្បីបន្លាចសត្វដទៃ ប៉ុន្តែពុំមានល្បិចកល មិនស្គាល់ពីអន្ទាក់ដែលអាចធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងគ្រោះមហន្តរាយដល់អាយុជីវិតឬបាត់បង់អំណាចនោះទេ។ រីឯ «សត្វកញ្ជ្រោង» ជាសត្វសម្បូរល្បិចកល ពូកែភូតភរកុហក បោកបញ្ឆោត ស្គាល់និងពូកែដាក់អន្ទាក់ ប៉ុន្តែមិនអាចបន្លាចហ្វូងចចកបាន។

ហេតុដូច្នេះ មេដឹកនាំត្រូវតែជាតោកំណាចបន្លាចហ្វូងចចកផង ហើយក៏ជាកញ្ជ្រោងដ៏ពិសពុល ដើម្បីអាចយកឈ្នះសត្រូវបាន។ វាចាំបាច់ដែលមេដឹកនាំគួរធ្វើត្រាប់តាមតោនិងកញ្ជ្រោង ដើម្បីឱ្យខ្លួនជាមនុស្សពូកែលាក់ពុតត្បុត និងជាកំពូលមនុស្សលាក់បាំងខ្ពស់បំផុត។ ជាហេតុ គេមើលឃើញថា អ្នកដឹកនាំនយោបាយរមែងយកត្រាប់តាមយុទ្ធសាស្ត្ររបស់សត្វទាំងពីរនេះយ៉ាងស្ទាត់ជំនាញ។

ក្នុងន័យមគ្គុទ្ទេសក៍នយោបាយនិងទ្រឹស្តី អ្នកនយោបាយត្រូវពូកែប្រើប្រាស់យុទ្ធសាស្ត្រអំណាចរឹងនៃការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ទិញលក់ តថ្លៃ និងបំបែកបំបាក់ ដែលនយោបាយវិទូ លោក ចូសេហ្វ ណាយ (Joseph Nye) ហៅថា “អំណាចរឹងនៃជំនាញម៉ាគីវេល្លី”

យុទ្ធសាស្ត្រអំណាចរឹង រួមមាន ការបំបែកបំបាក់, បំផិតបំភ័យ, សម្លុតគំរាម, ប្តឹងផ្តល់ ចាប់ដាក់គុក, ទិញដូរដោយផ្តល់ជាតួនាទី​និងលាភសក្ការៈ ទាំងសម្ភារនិងស្មារតី។ ការតថ្លៃជាមួយដៃគូប្រជែងដោយលើកយកផលប្រយោជន៍ជាតិជាលេស ដើម្បីអូសទាញសត្រូវរបស់ខ្លួនចូលក្នុងអន្ទាក់ពីងពាង និងការបង្កើតសម្ព័ន្ធមិត្ត សំដៅបង្កើតចារកម្មក្នុងជុំរុំសត្រូវ ដើម្បីបំបែកនិងគ្រប់គ្រង (Divide and rule)។ គេមើលឃើញថា អ្នកនយោបាយសាច់ការនិយម ឬ ប្រាកដនិយម បានប្រើប្រាស់ទាំងអំណាចរឹងនិងអំណាចទន់ដើម្បីរក្សាអំណាចរបស់ខ្លួន។

ពួកគេបានប្រើប្រាស់អំណាចរឹង ដើម្បីធ្វើការគាបសង្កត់ ចាប់ដាក់គុកក្រុមគណបក្សប្រឆាំង, សហជីព, សង្គមស៊ីវិល និងអ្នកដែលមានគំនិតផ្ទុយដទៃទៀត ជាពិសេស បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលហ៊ានរិះគន់គោលនយោបាយនិង​ភាពអសកម្មនៃការគ្រប់គ្រងរដ្ឋរបស់ពួកគេ។ អ្វីដែលគួរកត់សម្គាល់មួយទៀតនោះ គឺពួកគេតែងប្រើប្រាស់វិធីសាស្ត្រទន់នានា ដូចជា ការលួងលោម បញ្ចុះបញ្ចូលពលរដ្ឋ មន្ត្រីរាជការ កម្មករ តាមរយៈការផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច, ការចុះទៅជួបប្រជាពលរដ្ឋទាំងនោះផ្ទាល់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកទាំងនោះ។

ឆ្លងតាមការអង្កេតមើលនិងវិភាគពីដំណើរវិវត្តនយោបាយចុងក្រោយនេះ គេអាចវិភាគបានថា អ្នកនយោបាយដែលស្រឡាញ់អំណាចខ្លាំង ពូកែប្រើប្រាស់យុទ្ធសាស្ត្រតោនិងកញ្ជ្រោង និងមគ្គុទ្ទេសក៍នយោបាយនៃអំណាចរឹង ដើម្បីរក្សានិងគ្រប់គ្រងអំណាចនៅក្នុងល្បែងនយោបាយអំណាច (a game of power politics) យ៉ាងស្ទាត់ជំនាញ ដែលប្រជាពលរដ្ឋសាមញ្ញពិបាកមើលឃើញពីភាពលាក់កំណួចរបស់ពួកគេ៕


ដោយបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)។
——
សូមបញ្ជាក់ថា អត្ថបទទស្សនៈនេះជាខ្លឹមសាររបស់អ្នកនិពន្ធទាំងស្រុង ដោយមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ