ទូតខ្មែរ​ណែនាំ​ដល់​​ពលរដ្ឋ​ខ្មែរ​នៅ​ឡាវ​កុំ​ទៅ​តំបន់​​ហាមឃាត់​​និង​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩

ពលរដ្ឋពាក់ម៉ាស់ការពារពីកូវីដ-១៩ នៅក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ (UNICEF)

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ អំពាវនាវដល់ប្រជាពលរដ្ឋ ពលករ និងនិសិ្សត​ខ្មែរ ដែលកំពុងរស់នៅ​និងធ្វើការនៅប្រទេសឡាវ ប្រុងប្រយ័ត្ន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ និងចៀសវាង​ទៅកាន់​តំបន់​ដែល​រដ្ឋបាល​រដ្ឋ​ធានីវៀងចន្ទន៍ហាមឃាត់ ខណៈ​ប្រទេសនេះកំពុង​មានការឆ្លងរាលដាលជំងឺផ្លូវដង្ហើម​នេះខ្លាំង។

សេចក្តីជូនដំណឹងរបស់​ស្ថានឯកអគ្គ​រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចុះ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បាន​លើកឡើងថា ផ្អែកតាម​ស្ថានភាពជំងឺកូវីដ-១៩ រីករាលដាល​ចូល​សហគមន៍​​ក្នុងរដ្ឋធានីវៀងចន្ទន៍កាន់តែមានកំណើនច្រើនឡើងនៅតាមភូមិ-ឃុំ​ និង​រោង​ចក្រ​​មួយចំនួន បង្ក​ឱ្យ​មាន​ហា​និ​ភ័យ​ខ្ពស់ដែលពិបាកគ្រប់គ្រងនិងទប់ស្កាត់​។

ករណីនេះ ស្ថានទូតខ្មែរ​ប្រចាំប្រទេសឡាវបានអំពាវនាវថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិត​ខ្មែរ​ទាំង​​អស់ មេត្តា​ជ្រាបជាព័ត៌មាន និងសូម​ប្រុង​ប្រយ័ត្ន​កុំទៅកាន់តំបន់​ដែលរដ្ឋបាល​រដ្ឋធានីវៀងចន្ទន៍​ហាម​ឃាត់ និង​បន្តអនុវត្ត​តាមវិធាន​ការ​ក្រសួង​សុខា​ភិ​បាលនិង​​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ៣កុំ ៣ការពារ ដើម្បី​បង្ការ​និងទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ-១៩ឱ្យ​មាន​ប្រសិទ្ធភាព»។

បើតាម​សេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលរដ្ឋធានីវៀងចន្ទន៍បាន​ដាក់ចេញនូវបទ​បញ្ជា​បិទ​ខ្ទប់​តឹងរ៉ឹង​មួយ​ចំនួន ដើម្បី​គ្រប់​គ្រង ការពារ និង​ទប់ស្កាត់​ការ​ឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ក្នុងនោះរួមមាន បុគ្គលិករដ្ឋ ឯកជន និងអង្គការ ត្រូវធ្វើការនៅផ្ទះ ចាប់ពីថ្ងៃទី២០ ដល់​ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១ លើកលែងតែមន្ត្រីនគរ​បាល ទាហាន បុគ្គលិក​ពន្លត់​អគ្គិភ័យ ពេទ្យ និងរដ្ឋាករទឹក និងបិទការធ្វើអាជីវកម្ម ការប្រជុំ ពិធីបុណ្យ​ប្រពៃណី សហគ្រាស រោង​ចក្រកាត់ដេរ​ និងគម្រោង​ការ​ផ្សេង​ៗ និង​មិនអនុញ្ញាតឱ្យ​លក់​ដូរ​តាមចិញ្ចើម​ផ្លូវ​ដាច់ខាត។

រដ្ឋបាលរដ្ឋធានីវៀងចន្ទន៍ ក៏ហាមការធ្វើដំណើរ​ចេញ​តាមដងវិថីនិងហាមចេញក្រៅផ្ទះ​បើមិនមាន​ករណី​ចាំបាច់ និងហាមការធ្វើដំណើរចេញចូលសង្កាត់ហានិភ័យចំនួន៧ និង​ហាម​ការ​ធ្វើ​ដំណើរ​​ចូល​​ក្រុង​វៀង​ចន្ទន៍។ ក្រៅពីនោះ អាជ្ញាធរ​រដ្ឋធានីវៀងចន្ទន៍ក៏បានបញ្ជាឱ្យ​បិទសាលា​រៀន ហាមលេងកីឡាគ្រប់ប្រភេទ និង​បិទច្រក​មួយចំនួន។

រដ្ឋបាលក្រុងវៀងចន្ទន៍ បញ្ជាក់ថា បទបញ្ជានេះនឹង​ចាប់អនុវត្តចាប់ពីថ្ងៃទី១៩ ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ហើយ​​ក្នុងករណី​ជន​ណាល្មើស​នឹងបទបញ្ជានេះ នឹង​ត្រូវ​ផាកពិន័យ​ចាប់ពី៣លាន​គីប ទៅ១០លាន​គីប។

បើតាមទីភ្នាក់ងារ​សារព័ត៌មាន AFP គិត​មកដល់ថ្ងៃចន្ទម្សិលមិញ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន១៩ ៣៩៩ករណី ក្នុងនោះមានអ្នកស្លាប់១៦នាក់ និងជាសះស្បើយវិញជិត៦ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ