រដ្ឋា​ភិបាល​គ្រោង​អនុញ្ញាត​ឱ្យ​បើក​ផ្សារ​ទាំង​អស់​ឡើង​វិញ ដោយ​អនុវត្ត​តាម​ស្តង់ដារ​សុវត្ថិភាព​

អាជីវករចាប់ផ្ដើមដំណើរការលក់ដូរជូនអ្នកមកផ្សារឡើងវិញ នៅម្ដុំផ្សារទួលទំពូង ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល គ្រោងអនុញ្ញាតឱ្យបើកផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស ប៉ុន្តែត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសុវត្ថិភាព ដែលក្រសួងទេសចរណ៍កំពុងរៀបចំ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី២២ ខែកញ្ញានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបង្គាប់ឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារនេះសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាល បានពិនិត្យឃើញថា ដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរ​ស្រាល និងដើម្បីជំរុញដំណើរការសេដ្ឋកិច្ច និងសង្គមទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី។ ប៉ុន្តែក្រសួងថា ការបើកដំណើរការឡើងវិញនេះ តម្រូវឱ្យផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ ដែល​ផ្តោត​ទាំង​ទៅលើ​វិធាន​សុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ និងទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

គួរជម្រាបជូនថា នៅរយៈពេលជាច្រើនសប្តាហ៍មកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩​ នៅ​កម្ពុជា ជា​មធ្យមជាង ៦០០នាក់​ នៅក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី២១ ខែ​កញ្ញា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅកម្ពុជា​សរុប ១០៥ ៣៤៤ នាក់ ស្លាប់ ២ ១៤០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧ ១៥៨ នាក់ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ