ADB៖ រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនិងកំណើនសេដ្ឋកិច្ច

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

នាយិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានជំរុញ​​ដល់​រដ្ឋាភិបាលកម្ពុជា បន្ត​ពង្រឹង​ប្រព័ន្ធគាំ​ពារ​សង្គម​របស់​ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអប់រំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច។

ការលើកឡើងរបស់នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ លោកស្រី Sunniya Durrani-Jamal ធ្វើឡើងស្រប​ពេលធនាគារនេះ បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាកើនត្រឹមជិត ២ភាគរយ(១,៩%)នៅក្នុងឆ្នាំ២០២១ ខណៈឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញ នៅកម្រិតជាង ៥ភាគរយ(៥,៥%)។

លោកស្រី Sunniya Durrani-Jamal បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ​ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញានេះថា​ ការ​បិទខ្ទប់ និងការផ្អាកដំណើរការ​រោងចក្របណ្តោះអាសន្ន ដែលបណ្ដាលមកពីការអូសបន្លាយនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក ក្នុងនោះរួម​មាន ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង កាលពីអំឡុងដើមឆ្នាំ២០២១កន្លងទៅ។

លើសពីនេះ លោកស្រីថា បើយោងតាមការធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១នេះ  វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើងជាង១ភាគរយ(១,៥%) បើទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសដែលបានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យកសិកម្មក្ដី ប៉ុន្តែផលប៉ះពាល់ជាទូទៅនោះ មានកម្រិតនៅឡើយ។  ករណីនេះ បានធ្វើឱ្យ​ការនាំចេញក្នុង​វិស័យកសិកម្ម បានកើនឡើងជាង៣០ភាគរយ(៣០,៣%) ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការនាំចេញ កសិផលក្រៅពីអង្ករមានកំណើនរឹងមាំ។

ជាងនេះ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ក្នុងឆមាសទីមួយឆ្នាំ២០២១ មានកម្រិតទាប ជាងពេលមុនមានជំងឺរាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ២០២០ក៏ដោយ ខណៈផលិតកម្មផ្សេងទៀត បានបន្តលូតលាស់ ក្នុងនោះ វិស័យសំណង់ក៏បានចាប់ផ្តើមងើបឡើងវិញ ជាមួយនឹងការនាំចូល សម្ភារៈសំណង់កើនឡើងជាង ២៣ភាគរយ(២៣,៥%) ។

តែយ៉ាងណា ADB ថា សម្រាប់តម្រូវការក្នុងស្រុក ដូចជា​ ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើង​នៃជំងឺកូវីដ-១៩ និងការបិទខ្ទប់នានា ស្របពេលការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិនៅតែមាន ក្នុងនោះ ឆមាសទី១​នៃឆ្នាំ២០២១ ភ្ញៀវអន្តរ​ជាតិ ក៏បានធ្លាក់ចុះជាង៩១ភាគរយ(៩១,៣%) ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២០ ដែលកំណើនវិស័យសេវាកម្មនេះ ត្រូវបានព្យាករថា នឹងធ្លាក់ចុះមិនដល់១ភាគរយផង(០,៦%) នៅឆ្នាំ២០២១។

នាយិកាADBប្រចាំប្រទេសកម្ពុជាដដែល បន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ និងធ្វើឱ្យ​មាន​និរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា​ ត្រូវបន្តពង្រឹងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន និង​លើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអប់រំផងដែរ។

លោក​ស្រីបន្ថែមថា៖ «កំណែទម្រង់បន្ត ក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។ ការធ្វើកំណែ​ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យ​ប្រសើរ​ឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ»។

លើសពីនេះ លោកស្រីថា ចំពោះកំណែទម្រង់បន្ត ក៏ចាំបាច់ផងដែរ សម្រាប់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា​សម្ព័ន្ធឌីជីថល ដែលការធ្វើកំណែទម្រង់នេះ  ជាការលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសទៀតផង។

លោកស្រីបន្ថែមថា៖ «កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករនៅកម្រិត ៥.៣% ក្នុងឆ្នាំ២០២១ ដោយអាស្រ័យ​នឹងលទ្ធភាពក្នុងការបង្កើន ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង និងការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។ រាជរដ្ឋាភិបាល បានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះ រួមមានការផ្តល់វ៉ាក់សាំង និង ការព្យាបាលជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)»។

​នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ដើម្បី​ជំរុញសេដ្ឋកិច្ចកម្ពុជាទៅមួយជំហ៊ានទៀតបាន លុះត្រាតែប្រជាពលរដ្ឋ​មានជំនាញច្បាស់លាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាជាដើម។ មួយវិញទៀត លោកថា កម្ពុជាត្រូវលុបបំបាត់អំពើពុករលួយ ​ ហើយ​លើកកម្ពស់ការធ្វើអាជីវកម្មឱ្យស្មើភាពគ្នា។

លោក​ថា ការកែលម្អបែបនេះ នឹងនាំឱ្យកម្ពុជាក្លាយជាទីផ្សារមួយ ដែលមានការប្រកួតប្រជែងស្មើភាពគ្នានិងជំរុញឱ្យមានការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឱ្យកម្ពុជាឈានទៅដល់ការពង្រឹងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។

លោកផ្ដល់អនុសាសន៍ថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ ត្រូវរៀបចំផ្នែកហិរញ្ញវត្ថុ ដោយការបង្កើនការប្រមូលចំណូលតាមរយៈពន្ធ និងចំណូលផ្សេងៗទៀត ព្រមទាំងត្រូវប្រើប្រាស់ចំណូលដែលប្រមូលបាននោះ ឱ្យចំគោលដៅ ជាពិសេសត្រូវលុបបំបាត់អំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជាតិ ព្រមទាំងរៀបចំហេដ្ឋរចនាសម្ព័ន្ធសង្គមឱ្យកាន់តែប្រសើរជាដើម។

លោក ប៉ិច ពិសី ថ្លែងថា«ត្រូវធ្វើការតភ្ជាប់ពីប៉ូលសេដ្ឋកិច្ចមួយទៅប៉ូលសេដ្ឋកិច្ចមួយនៃប្រទេសកម្ពុជា ជាពិសេសពីខេត្តសំខាន់ៗយើងត្រូវធ្វើផ្លូវឱ្យមានគុណភាព ដើម្បីតភ្ជាប់សេដ្ឋកិច្ចពីតំបន់ហ្នឹង មកតំបន់ដែលមានសេដ្ឋកិច្ចទូលំទូលាយដូចជានៅភ្នំពេញ។ យើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដើម្បីតភ្ជាប់សេដ្ឋកិច្ច ហើយអាចឈានទៅដល់ការជំរុញការនាំចេញ។ មួយទៀត ការចំណាយលើភ័ព្វភា មានន័យថា អ្នកវិនិយោគដែលគាត់មកធ្វើការផលិតនៅកម្ពុជាមានតម្លៃថោក ពលកម្មថោក យើងផលិតមានគុណភាពល្អ ហើយគេចំណាយដើមទុនតិច។ អ៊ីចឹងអ្នកវិនិយោគគេចូលចិត្តមកវិនិយោគក្នុងដែនដីបែបហ្នឹង អ៊ីចឹងហើយការវិនិយោគគេផ្ដោតទៅលើការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ ហើយនឹងការកសាងសមត្ថភាពពលរដ្ឋ ទៅលើជំនាញដែលខ្ញុំជម្រាបជូនមិញហ្នឹងសំខាន់ណាស់ ដើម្បីឱ្យសមត្ថភាពផលិតយើងមានខ្ពស់ជាងបច្ចុប្បន្ន»។

កាលពីខែមេសានា ADB ធ្លាប់បានព្យាករសេដ្ឋកិច្ចកម្ពុជាម្តងរួចមកហើយ ដោយថា កម្ពុជានឹងមានកំណើន ៤ភាគរយ(៤,០%) ក្នុងឆ្នាំ២០២១នេះ ប៉ុន្តែពេលនេះធនាគារអភិវឌ្ឍន៍អាស៊ីមួយនេះ បន្ថយការព្យាកររបស់ខ្លួនមកនៅក្រោម ២ភាគរយវិញ។

បើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅឆ្នាំ២០២០ ធនាគារនេះ​បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ៥០០​លានដុល្លារ(៤៧៧,២លាន​ដុល្លារ)​ដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន ជិត ៣០០​លាន​ដុល្លារ(២៨១,៣លានដុល្លារ​)ទៀត តាមរយៈសហហិរញ្ញប្បទាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ