មន្ត្រីថាសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងជួយធានាគុណភាពទំនិញនិងសុខុមាលភាពអ្នកប្រើប្រាស់

កិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤(រូបភាពពីហ្វេសប៊ុកផេក(ក្រសួងពាណិជ្ជកម្ម Ministry of Commerce)

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពី «ការប្រកួតប្រជែង» ដែលទើបនឹងត្រូវបានព្រឹទ្ធសភាអនុម័តកាលពីពេលថ្មីៗនេះ អាចជួយធានាគុណភាពទំនិញ និងសុខុមាលភាព​អ្នកប្រើប្រាស់ ដោយក្នុងនោះ ច្បាប់នេះនឹងបង្កើតឱ្យមានទីលានប្រកួតប្រជែងដោយស្មើភាពគ្នា ហើយធ្វើ​ឱ្យ​ទំនិញនិង​សេវា មាន​តម្លៃទាប មាន​គុណភាពល្អប្រសើរ មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់។

ការលើកឡើងនេះ ក្រោយពេលក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ កាលពីថ្ងៃទី​២០ ខែ​កញ្ញាកន្លង​ទៅ។

សេចក្តីព្រាងច្បាប់ទាំង៣នោះ មានដូចជា សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប), សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្រសួងពាណិជ្ជកម្ម លោក ផាន អូន​ ​ថ្លែងប្រាប់ VOD តាមប្រព័ន្ធទំនាក់ទំនង​តេឡេក្រាម​នៅថ្ងៃទី២២ ខែកញ្ញានេះថា គោលបំណងនៃការបង្កើតច្បាប់ ស្តីពី ការប្រកួតប្រជែងនេះឡើង គឺដើម្បីលើកកម្ពស់ដំណើរការ និងប្រតិបត្តិការ​នៃសេដ្ឋកិច្ចទីផ្សារប្រកួតប្រជែង​ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្កើតឱ្យ​មានទីលានប្រកួតប្រជែងដោយស្មើភាពរវាងគូប្រកួតប្រជែង។

លោក ផាន អូន បន្តថា «ក្នុងន័យនេះ គូប្រកួតប្រជែងនៅក្នុងទីផ្សារ នឹងព្យាយាមប្រកួតប្រជែងគ្នាដោយស្មើភាព តាមរយៈការធ្វើឱ្យទំនិញនិងសេវារបស់ខ្លួន មានតម្លៃទាប មានគុណភាពល្អប្រសើរ មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់ និងជំរុញឱ្យមានការច្នៃប្រឌិត ឬការបង្កើតធុរកិច្ចថ្មីៗ។ ជាលទ្ធផលចុងក្រោយ អ្នកប្រើប្រាស់ទទួលបាននូវផលប្រយោជន៍និងកិច្ចការពារនានា»

យ៉ាងណា លោកថា ច្បាប់ស្តីពីការប្រកួតប្រជែងនេះ មិនមានវិសាលភាពអនុវត្តទោសទណ្ឌចំពោះម្ចាស់អាជីវកម្មណា ដែលលក់ផលិតផលក្លែងក្លាយ ឬខូចគុណភាពនោះទេ ប៉ុន្តែ​ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ដែលបានចូលរួមក្នុងការព្រមព្រៀង ការបំពានលើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា។

លោកបន្តថា «សម្រាប់ការដាក់ទោសទណ្ឌទៅលើម្ចាស់អាជីវកម្មដែលលក់ផលិតផលក្លែងក្លាយ ឬខូចគុណភាព គឺត្រូវអនុវត្តតាមទោសទណ្ឌ ដែលមានចែងក្នុងច្បាប់ចំនួន៣ រួមមាន៖ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ និងចុងក្រោយគឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា»

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរួចអស់ហើយ កាល​ពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ និងបាន​បញ្ជូនត្រឡប់ទៅរដ្ឋសភារួចហើយដែរ។ យ៉ាងណា លោកមិនដឹង​ថា​តើរដ្ឋសភានឹង​បញ្ជូនសេចក្តីព្រាងច្បាប់​នេះ ថ្វាយ​ព្រះមហាក្សត្រឡាយ​ព្រះហស្ថលេខា​នៅពេលណានោះទេ។

លោក​ថា «ហ្នឹងហើយ ព្រឹទ្ធសភាអនុម័តហើយអស់ហើយ ជាស្ថាពរហើយ ខាងព្រឹទ្ធសភាបានរៀបចំបញ្ជូនទៅរដ្ឋសភាតាំងពីម្សិល។ អឹចឹងគឺពេលដែលដល់ហើយ គឺរដ្ឋសភាគេរៀបចំដើម្បី​​បញ្ជូនទៅបន្តទៀត តែមិនដឹងថារដ្ឋសភាគេបញ្ជូនទៅពេលណា? ហើយព្រះមហាក្សត្រឡាយព្រះហស្ថនៅពេលណាទេ ពីព្រោះវាផុតពីដៃព្រឹទ្ធសភាហើយ

លោក ​វន់ ពៅ​ ​ប្រធាន​សមាគមឯករាជ្យនៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ លើកឡើងថា ក្នុងការ​រៀបចំ​តាក់តែងច្បាប់​នេះ ប្រសិនបើខ្វះ​តំណាងអ្នកប្រើប្រាស់ចូលរួម នោះច្បាប់នេះនឹងមិន​មានលក្ខណៈ​ពេញលេញគ្រប់​គ្រាន់​ ក្នុងការកាពារប្រយោជន៍អ្នកប្រើប្រាស់បានទេ។ យ៉ាង​ណា​​ លោកថា បើខ្លឹមសារនៃច្បាប់នេះ អាច​ការពារ​អ្នកផលិត និងអ្នកប្រើប្រាស់ ពោលគឺការពារគ្រប់ភាគី​នោះ ​ជារឿងល្អ។

លោក ​វន់ ពៅ មានប្រសាសន៍ថា «បើសិនជាបង្កើតច្បាប់នេះ ហើយអាចមានខ្លឹមសារគ្រប់គ្រាន់ក្នុងការការពារអ្នកប្រើប្រាស់ និងការពារអ្នក​​ផលិត វាជារឿងល្អ។ តែដើម្បីឱ្យប្រសើរថែមទៀតនោះ [គឺ] ត្រូវតែរាល់ការអនុវត្តច្បាប់ទាំងអស់ [គឺត្រូវអនុវត្តឱ្យមាន] ប្រសិទ្ធភាព ព្រោះស្រុកយើងច្បាប់ច្រើនណាស់ដែលបានបង្កើតមក ពេលខ្លះបង្កើតទៅ វាគ្រាន់តែសរសេរតែល្អនៅលើក្រដាស [បាន] តែក្នុងអត្ថបទនៃច្បាប់ ប៉ុន្តែអាការអនុវត្តវាអត់មាន។ អាហ្នឹងគឺយើងចង់ឱ្យខាងណាបង្កើតច្បាប់ ត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយការអនុវត្តហ្នឹងគឺត្រូវការពារដល់ប្រយោជន៍ពលរដ្ឋស្លូតត្រង់ ផលិតករស្លូតត្រង់ មានន័យថាគោលការណ៍ស្មារតីនៃច្បាប់កាលណាបង្កើតមក [សម្រាប់] ការពារគ្រប់ភាគីទាំងអស់»

បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប លើកឡើងថា សុខុមាលភាពអ្នកប្រើប្រាស់ សំដៅដល់អត្ថប្រយោជន៍របស់ បុគ្គលដែលទទួលបានពីការប្រើប្រាស់ទំនិញ ឬសេវា។ លើសពីនេះ​ ដើម្បីធានាបាននូវសុខុមាលភាពរបស់ពលរដ្ឋឱ្យ​បាន​ពេញលេញ ទាមទារឱ្យ​មានការអនុវត្តច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឱ្យបានប្រសិទ្ធភាពខ្ពស់  ព្រោះនៅក្នុងបរិបទតំបន់និងអន្តរជាតិ ច្បាប់ទាំងពីរគឺត្រូវអនុវត្តព្រមគ្នា និងបំពេញឱ្យ​គ្នាទៅវិញទៅមក ដើម្បីធានាគោលបំណងរួម គឺកិច្ចការពារអ្នកប្រើប្រាស់ និងប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ កាលពីថ្ងៃទី២០ ខែ​កញ្ញា​ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្រសួង​ប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ អន្តរជាតិ និងវិស័យ​ឯកជនឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង និងច្បាប់ទាំង៣នេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ