មន្ត្រី​បរិស្ថាន​ចោទ​សកម្ម​ជន​មួយ​ចំនួន​ថា​តែងតែ​ផ្សព្វផ្សាយ​​បែប​កុហក​​ប្រាប់​ទៅ​ពិភព​​លោក​រឿង​កម្ពុជា​​អស់​ព្រៃ​ឈើ​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពី​ដំណើរការ​ថែរក្សា​បរិស្ថាន​ នៅ​វាលស្មៅ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ភូមិ​ពូ​រ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភព​លោក​ថាកម្ពុជា​អស់ព្រៃឈើហើយ ខណៈប្រសិនបើ​ព្រៃឈើ​​អស់​ដូចអ្វី​ដែល​គេឃោសនា​នោះ ប្រហែល​កម្ពុជាមិនមានលទ្ធភាពនៅក្នុង​ការលក់​​ឥណទានកាបូនឱ្យទៅក្រុមហ៊ុន​បរទេសធំៗនោះឡើយ។

ថ្លែងក្នុងឱកាសដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» នៅថ្ងៃទី២៣ ខែកញ្ញានេះ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រុមសកម្មជន​មួយ​ចំនួនតែងតែផ្សព្វផ្សាយ​ព័ត៌មាន​បែបកុហក​ប្រាប់ទៅពិភព​លោក​ថា កម្ពុជា​អស់ព្រៃឈើហើយ។

លោកចោទជាសំណួរថា ប្រសិនបើ​ព្រៃឈើនៅកម្ពុជាពិតជាអស់ដូចអ្វីដែលពួកគេឃោសនាមែន ​កម្ពុជានឹងមិនមានលទ្ធភាព​លក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនបរទេស​ឡើយ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ ​ «ហើយមួយទៀត បើសិនជាព្រៃឈើនៅកម្ពុជាអស់ដូចអ្វីដែលគេឃោសនាបែបបោកបញ្ឆោតនោះ ប្រហែលជាកម្ពុជារបស់យើងមិនមានលទ្ធភាពនៅក្នុងការលក់ឥណទានកាបូន ដែលបច្ចុប្បន្ននេះ ព្រៃឈើរបស់យើងបាននិងកំពុងតែដើរតួយ៉ាងសំខាន់ក្នុងការចូលរួមបន្សុទ្ធខ្យល់របស់ពិភពលោក។ ហើយក្រុមហ៊ុនធំៗដែលមានតួនាទីក្នុងការទទួលខុសត្រូវលើផ្នែកបរិស្ថាន បានមកទាក់ទងទិញ [កាបូន] ពីកម្ពុជារបស់យើង ដោយសារតែកម្ពុជាយើងរក្សាបាននូវព្រៃឈើឈរ […]»។

អ្នកនាំពាក្យក្រសួងបរិស្ថានដដែលបន្តថា របាយការណ៍ «ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» បង្ហាញថា សកម្មជនមួយចំនួនមិនអាចបន្តភូតកុហកទៅកាន់ពិភពលោកថាកម្ពុជាអស់ឈើទេ តែអ្នកទាំងនោះត្រូវតែទទួលស្គាល់នូវអ្វីដែលជាការពិត។

ក្រសួងបរិស្ថាន ក្រោមកិច្ចសហការពីកម្មវិធី​អ​ភិវឌ្ឍ​ន៍ស​ហ​ប្រ​ជា​ជាតិ (U​N​​​D​P​) ​​​និ​ងអង្គការស្បៀងអាហារនិងកសិកម្មនៃសហប្រជាជាតិ (FAO)​ ប្រចាំកម្ពុជា បានផលិតរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ ក្នុងគោលបំណងសង្ខេបអំពីស្ថានភាពបរិស្ថាននៅកម្ពុជា ដោយពិនិត្យស៊ីជម្រៅលើវិស័យតាមប្រធានបទចំនួន៧ រួមមាន គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ធនធានទឹកសាបលើដី ធនធានដីនិងគុណភាព ជីវចម្រុះ សំណល់ បរិស្ថាន និងសុវត្ថិភាពម្ហូបអាហារ។

សកម្មជនបរិស្ថានមួយរូប លោក ម៉ា ចិត្រា ​ ប្រាប់ វីអូឌី នៅថ្ងៃនេះថា អ្វីដែលសកម្មជនបរិស្ថានបានធ្វើមុន​ការផ្សាយ​អ្វីមួយ ​គឺមានភស្តុតាងនិងរបាយការណ៍យ៉ាងត្រឹមត្រូវ ពោលគឺមិនមែនចេះតែធ្វើដោយ​គ្មានអ្វីសម្អាងឡើយ។

លោក ម៉ា ចិត្រា និយាយថា៖ «អ្វីដែលគាត់ [អ្នកនាំពាក្យបរិស្ថាន] លើកឡើង ​គឺគ្រាន់តែក្នុងនាមជា​អ្នកនាំពាក្យទេ។ ហើយមែនទែន​ទៅ គាត់​មិនដែលចុះទៅមើលព្រៃ​ថាតើគេកាប់យ៉ាងម៉េច! គាត់ចេះ​តែយក​របាយការណ៍ពីកូន​ចៅ​គាត់ហ្នឹង​ឯង ហើយរបាយការណ៍ខ្លះមានកុហកផងក៏មិនដឹង។ ហើយអ្វីដែល​ពួកយើង [សកម្មជន​បរិស្ថាន] ធ្វើនេះ [លើកឡើងអីមួយ] យើងមានភស្តុតាង យើងមាន​រូបភាពអីគ្រប់គ្រាន់សម្រាប់អះអាងថា កម្ពុជាពិតជាមាន​ការ​បាត់បង់ព្រៃឈើមែន។ ដើមឈើ​ធំៗ​ហ្នឹង​ត្រូវ​បាន​គេកាប់សឹងតែនឹងអស់ហើយនៅក្នុងតំបន់ការពារ មានព្រៃឡង់អីជាដើមហ្នឹង។ ប្រទេសខ្មែរ គឺនៅ​មានព្រៃ តែចង់ឱ្យអស់ព្រៃទាំងមូលហ្មងបានគេហៅថាអស់ព្រៃឬយ៉ាងម៉េច?»

លោក ចិត្រា ថាបើសិនក្រសួងបរិស្ថានពិតជាមានភាពសុទិដ្ឋិនិយមមែន គួរតែបើកចំហឱ្យក្រុម​សកម្មជន​​​​បរិស្ថាន​​ចុះល្បាតនិងរកភស្តុតាងជាមួយមន្ត្រីក្រសួងបរិស្ថាន នោះគឺជារឿងគួរធ្វើដើម្បីជួយ​ការពារ​ព្រៃ ហើយក្រសួងគួរលើកទឹកចិត្តសកម្មជនបរិស្ថានវិញ ទើបជារឿងត្រឹមត្រូវ។

គណៈកម្មការសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារដែលសុំមិនបញ្ចេញឈ្មោះ និយាយថា តាមការសង្កេតរបស់អ្នកស្រី បទល្មើសកាប់ឈើខុសច្បាប់នៅតែកើតមាន។ យ៉ាងណា អ្នកស្រីថា កន្លងមកពួកគាត់មានការពិបាកក្នុងការធ្វើការ​ជាមួយ​អាជ្ញាធរមូលដ្ឋានមួយចំនួនដែល​មិន​គាំទ្រនូវការងារសហគមន៍ ពាក់ព័ន្ធការការពារនិងទប់ស្កាត់បទល្មើសព្រៃឈើនេះ។

សកម្មជនសហគមន៍រូបនេះថា៖ «វា [បទល្មើសព្រៃឈើ] មិនមែនអស់ទេ! កន្លែងណាក៏នៅមានដែរ តែមិនមែនបើកចំហទេ គឺវាលួច! អាជ្ញាធរស្រុកឬឃុំមួយចំនួនគាត់ថា សហគមន៍អត់មានសិទ្ធិចាប់ [បទល្មើសព្រៃឈើ] តាមផ្លូវ តាមដែនទេ! សហគមន៍មានសិទ្ធិតែការពារក្នុងព្រៃប្លុកខ្លួនឯងទេ។ អាហ្នឹងជាបញ្ហាមួយដែលខ្ញុំមិន​អាចទទួល​យកបានសម្រាប់ [ការលើកឡើងរបស់] អាជ្ញាធរស្រុកនិងឃុំមួយចំនួន»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង លើកឡើងថា ទាក់ទង​ការ​ចោទថា សកម្មជនមួយចំនួនផ្សាយព័ត៌មានមិនពិតនោះ ​ក្រសួងបរិស្ថានអាចសិក្សាដោយខ្លួនឯងបាន។ លោកបន្ថែមថា ជាក់ស្តែង ករណីលុបចោលគម្រោងទិញកាបូននៅខេត្តកំពង់ធំថ្មីៗនេះ គឺជាសញ្ញាណមួយដែលឆ្លុះបញ្ចាំងថា មានការមិនពេញចិត្តពីសំណាក់ក្រុមហ៊ុនដែលមានគម្រោងទិញកាបូន ពោលគឺលុបចោលដោយសារតែឃើញពីការកើនឡើងនៃភាពសឹករេចរឹល។

លោក ហេង គឹមហុង បន្តថា៖ «ខ្ញុំគិតថា មិនមែនជាពេលមួយដែលយើងចោទគ្នាថានរណាផ្សព្វផ្សាយព័ត៌មានពិត ឬអ្នកនោះផ្សាយព័ត៌មានមិនពិតទេ។ ប៉ុន្តែគួរជាពេលវេលាមួយដែលឈរលើស្មារតីអ្នកស្រឡាញ់ធនធានធម្មជាតិ គួរតែសហការគ្នារវាងអាជ្ញាធរសាធារណៈនិងពលរដ្ឋ ក្នុងការធ្វើយ៉ាងណារិះរកមធ្យោបាយទប់ស្កាត់កុំឱ្យមានបទល្មើស [ព្រៃឈើ] កើតឡើងតទៅទៀត។ ហើយបើសិនជាកម្ពុជាពិតជាមានគម្របព្រៃឈើធំមែន គួរតែរកមធ្យាបាយក្នុងការពង្រីកការលក់កាបូនរបស់ខ្លួនឱ្យកាន់តែច្រើនជាងមុនបន្ថែមទៀត និងរក្សាព្រៃឱ្យកាន់តែក្រាស់ជាដើម»។

កាលពីឆ្នាំ២០២០ ក្រសួងបរិស្ថានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនស្ម័គ្រចិត្តទៅឱ្យក្រុមហ៊ុនបរទេសមួយចំនួន ដោយទទួលបានចំណូលជាង១១លានដុល្លារ (១១,៦) ហើយតំបន់​ដែល​កម្ពុជា​បាន​លក់​ឥណទាន​កាបូននោះ​ រួមមាន ដែនជម្រកសត្វព្រៃ​កែវ​សី​មា ឧទ្យានជាតិ​ជួរភ្នំ​ក្រ​វាញខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​។​

យ៉ាងណាក៏ដោយ អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញរបាយការណ៍នៅខែមីនា ឆ្នាំ២០២១ ស្តីពីវិនាសកម្មព្រៃឈើនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយដែលមានអត្រាខ្ពស់បំផុត។ របាយការណ៍នោះបង្ហាញថា ព្រៃឈើក្នុងតំបន់ការពារជាង៥សែនហិកតា ស្មើនឹងជិត១២ភាគរយនៃគម្របព្រៃឈើសរុបលើផ្ទៃប្រទេស ត្រូវបានបាត់បង់។

តាមការវាយតម្លៃធនធានគម្របព្រៃឈើឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន បង្ហាញថា ផ្ទៃដីព្រៃឈើមានជាង៨លានហិកតា (៨ ៥១០ ៨០៧) ស្មើនឹងជាង៤៦ភាគរយ (៤៦,៨៦%) ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស ប៉ុន្តែលទ្ធផលនៃការវាយតម្លៃនេះរួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង នឹងដំណាំហូបផ្លែដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ