​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង នៅ​ភូមិអណ្តូង​ក្រឡឹង លោក សុខា ថុត ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ជិត១០នាក់ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាទំហំប្រហែល១០០ហិកតា និងដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិចនៅក្បែរនោះជាង១២ហិកតា។

លោក​បន្តថា ពាក់ព័ន្ធសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃក្នុងតំបន់ការពារទាំងពីរនេះ ប្រជាសហគមន៍​មិន​បាន​ទៅ​ហាម​ឃាត់ឬ​រារាំង​នោះទេ ដោយ​សារបារម្ភពីសុវត្ថិ​ភាព ប៉ុន្តែពួកគាត់បានលួច​ថតពីសកម្មភាពឈូសឆាយនោះ ដើម្បីផ្សព្វផ្សាយឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការទប់ស្កាត់។

ប្រធានសហគមន៍រូបនេះបានបង្ហាញក្តី​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃឈើ​ បាត់បង់មុខរបររបស់​សហគមន៍​ជនជាតិដើម​ភាគ​តិច និងសត្វព្រៃ ជាដើម ប្រសិនបើអាជ្ញាធរ​ពុំមានការទប់ស្កាត់ទាន់ពេលវេលានោះទេ។

លោកបន្ថែមថា៖ «នៅតំបន់ហ្នឹងជាកន្លែងដែលសហគមន៍ជនជាតិភាគតិចរបស់ពួកខ្ញុំចូលទៅអាស្រ័យផល ដូចជា​ បោចវល្លិ រកផ្ដៅ រកផ្សិត និយាយទៅអាស្រ័យគ្រប់ប្រភេទ និងចេញចូលនៅកន្លែងហ្នឹង។ ប្រសិន​ជា​ពុំមាន​ការទប់ស្កាត់ទាន់ពេលវេលាទេ ខ្ញុំព្រួយបារម្ភពីការបាត់បង់ព្រៃឈើនិងសត្វព្រៃពីនៅតំបន់​ហ្នឹង​ សម្បូរសត្វព្រៃជាច្រើនប្រភេទ ហើយកន្លែងហ្នឹងក៏សម្បូរដើមឈើធំៗដែរ»

សមាជិកសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត លោក ម៉ាល់ ថាច និយាយថា គ្រឿងចក្របានធ្វើសកម្មភាពឈូសឆាយនិងកាយក្រវាត់យកដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដីព្រៃសហគមន៍ជនជាតិ​ដើមភាគ​តិច​នេះ បានកើតឡើងជាង១ខែហើយ ដោយពុំមានអាជ្ញាធរពាក់ព័ន្ធណាចុះទប់ស្កាត់ឡើយ។

ករណីនេះ លោក​​បានអំពាវនាវដល់អភិបាលខេត្តមណ្ឌលគិរី ប្រធានមន្ទីរបរិស្ថានខេត្ត និងនាយករដ្ឋបាល​ដែន​​ជម្រក​សត្វព្រៃកែវសីមា ឱ្យចុះពិនិត្យមើលនិងមានវិធានការទប់ស្កាត់ករណីនេះផង។

លោកបន្ថែមថា៖ «ខ្ញុំសូមសំណូម​ពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យគាត់ទប់ស្កាត់កុំឱ្យមានការឈូសឆាយនិងកាប់បំផ្លាញ​ព្រៃឈើនៅតំបន់ហ្នឹង ដើម្បីកុំឱ្យ​​​ប៉ះពាល់ដល់ប្រជាសហគមន៍នៅតំបន់ហ្នឹង។ បើសិនគេកាប់​ព្រៃនិង​ឈូសឆាយព្រៃអស់ តើប្រជាពលរដ្ឋរស់ពឹងអីទៀត? បើប្រជាពលរដ្ឋអាស្រ័យផលលើព្រៃនេះតាមរយៈបោចវល្លិ រកបន្លែផ្សេងៗហ្នឹង និងមួយប៉ះពាល់ដល់គម្រោងរ៉េតបូកទៀតផង បើកន្លែងហ្នឹងអស់ព្រៃ គេលែងជួយដល់សហគមន៍យើងហើយ»

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រាប់ វីអូឌី ថាលោកទទួលបានដំណឹងពាក់ព័ន្ធគ្រឿងចក្រឈូសឆាយដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃនេះហើយ ហើយ​លោក​បានចាត់ឱ្យមន្ត្រីចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យមើលករណីនេះហើយដែរ​ ដើម្បីឈានទៅរកការទប់ស្កាត់ឬមានវិធានការផ្សេងទៀត។

លោកបន្ថែមថា៖ «ខ្ញុំបានឱ្យមន្ត្រីខ្ញុំទៅពិនិត្យហើយ ប៉ុន្តែរកទីតាំងហ្នឹងមិនទាន់ឃើញ។ យ៉ាងណា រឿងនេះ​ ខាងខ្ញុំនឹងបន្តស្រាវជ្រាវទៀត»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគិរី មានបទល្មើសរំលោភយកដីព្រៃរបស់រដ្ឋ ដីតំបន់​ភ្នំ និងដីតំបន់ការពារជាច្រើនកន្លែងផ្សេងទៀត ដោយមិនមានការចាត់វិធានការច្បាប់តឹងរ៉ឹងណាមួយចំពោះជនល្មើសឡើយ។ លោកថា អ្នកដែលហ៊ានរំលោភនិងប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដីទាំងនេះ មានតែអ្នកមានលុយមានអំណាចតែប៉ុណ្ណោះ ហើយថា សកម្មភាពទាំងនោះអាចធ្វើទៅបាន គឺអាច​មានជាប់ពាក់ព័ន្ធអំពើពុករលួយណាមួយរវាងជនល្មើសនិងអាជ្ញាធរ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា តាមច្បាប់ស្តីពីតំបន់​ការពារ ការរំលោភ​យកនិងការឈូសឆាយដីតំបន់ភ្នំនិងដីតំបន់ការពារ ជា​បទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ។

លោកបន្ថែមថា៖ «យើងមើលឃើថា មានអ្នកមានអំណាយជាអ្នកបញ្ជាពីក្រោយនៃការឈូសឆាយដីព្រៃទាំងអស់ហ្នឹង។ ប្រជាពលរដ្ឋធម្មតា គាត់មិនធ្វើទេរឿងបែបនេះ។ នៅក្នុងខេត្តមណ្ឌលគិរី មិនមែនមានតែករណីតែមួយនេះទេ គឺមានច្រើនណាស់! ដែលយើងមើលឃើញថា រហូតមកដល់ពេលនេះ ទាំងអាជ្ញាធរ​ ទាំង​នគរបាលយុត្តិធម៌​ ហាក់ដូចជាសម្ងំស្ងៀម មិនហ៊ានចាត់វិធានការលើរឿងហ្នឹងទេ។ ទោះបីជាមានបទបញ្ជាឬលិខិតពីក្រសួងបរិស្ថានក៏ដោយ ដូចជាខ្លាចអំណាចរបស់អ្នករំលោភទាំងអស់ហ្នឹង»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះបាន លុះត្រាតែមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមលោក សុខា ថុត សហគមន៍ព្រៃឈើជនជាតិដើមភាគតិចពូនង ភូមិអណ្តូងក្រឡឹង មាន​ទំហំ១ ៤២៦ហិកតា បានបញ្ជូលជាដីសមូហភាព ទទួលស្គាល់​ដោយ​រដ្ឋាភិបាលកាលពី​ឆ្នាំ​២០០៧ ដោយ​ស្ថិតក្រោម​ការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ១៨៣គ្រួសារ នៅឃុំសែនមនោរម្យ។

ចំណែកដែនជម្រកសត្វព្រៃ​កែវសីមា គ្របដណ្តប់លើ​ផ្ទៃដី​ចំនួន២៩២ ៦៩០ហិកតា ស្ថិត​នៅតាមបណ្តោយ​ជើង​ភ្នំអាណា​ម៉ាយណ៍ និងមានទីតាំងនៅភាគខាង​កើត​ប្រទេស​កម្ពុជា ក្នុងនោះមួយ​ផ្នែក​ធំស្ថិត​នៅ​ក្នុងស្រុកកែវសីមា ស្រុកសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី និង​មួយ​ផ្នែកតូច​ស្ថិត​ក្នុងស្រុកស្នួល ​ខេត្តក្រចេះ បង្កើតឡើងដោយ​អនុក្រឹត្យ​នៃរដ្ឋាភិបាលកាលពីឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ