ជប៉ុន​នឹង​បង្កើន​ការ​ផ្តល់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ-១៩​ ទ្វេដង​ដល់​ប្រទេស​ដទៃ​ទៀត

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ក្នុងកិច្ចប្រជុំពិភាក្សាមួយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Prime Minister’s Office of Japan)

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេស​ជប៉ុនគ្រោង​នឹង​ផ្តល់​វ៉ាក់​សាំង​​ការ​ពារ​​ជំងឺ​កូវីដ-១៩ទ្វេដង ចំនួន៦០​លាន​ដូស​ដល់​ប្រទេស​ផ្សេង​ទៀត ធៀប​ទៅនឹងការសន្យាផ្ដល់កាលពីពេលកន្លងទៅចំនួន៣០លាន​ដូស។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីនាយករដ្ឋមន្រ្តីរូបនេះ​ដែលបានថ្លែងតាមរយៈសារវីដេអូនៅក្នុង​កិច្ចប្រជុំកំពូល​កូវីដ-១៩ជាសកល រៀបចំឡើងដោយសហរដ្ឋអាមេរិកថា៖ «ថ្ងៃនេះ ខ្ញុំសូមធ្វើការប្រកាសថា ជាមួយនឹងការរួមចំណែកបន្ថែមទៀត ជប៉ុននឹងបន្តផ្តល់វ៉ាក់សាំងសរុបប្រមាណ៦០លានដូសទៀតដល់ប្រទេសនានា»។

ក្នុងចំណោមវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ចំនួន៣០លានដូសដែលជប៉ុនបានប្ដេជ្ញាផ្ដល់ដំបូង ក្នុង​នោះមាន​ចំនួន​ប្រមាណ​ជា២៣លានដូសរួចទៅហើយដែលបានផ្ដល់ជូន ហើយ​​ភាគច្រើនផ្តល់​ទៅកាន់ប្រទេសក្នុងតំបន់អាស៊ី រួមមាន កោះតៃវ៉ាន់ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម។

ប្រទេសជប៉ុនដំបូងឡើយស្ថិតនៅពីក្រោយប្រទេសឧស្សាហកម្មដទៃទៀត ទាក់ទងទៅនឹងតួលេខចាក់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន។

ទោះជាយ៉ាងណា ប្រជាជនរបស់ប្រទេសនេះនាពេលបច្ចុប្បន្ន​ចំនួន ៥៥% ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​សហរដ្ឋអាមេរិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ