នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ទៅ​​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារ​ណា​ផ្អាក​ពិធី​បុណ្យ​ភ្ជុំ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩​នៅ​វត្ត​អារាម​មួយ​ចំនួន​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ឱ្យពិចារណាឡើងវិញ ចំពោះការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅឆ្នាំនេះ បន្ទាប់ពីរកឃើញមានផ្ទុះជំងឺកូវីដ-១៩ នៅតាមវត្តអារាមមួយចំនួនក្នុងអំឡុងពេលដំណើរការពិធីកាន់បិណ្ឌ​ពីរ​ថ្ងៃដំបូង។

ការលើកឡើង​របស់លោកនាយករដ្ឋមន្រី្ត ហ៊ុន​ សែន នេះ ធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២០១​នេះ។  

បើតាមលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេល២ថ្ងៃកន្លងមកនេះ  នៅតាមទីវត្ត​អារាម​មួយ​ចំនួន រួមទាំង​វត្តជំពុះក្អែក​ របស់សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ក៏បានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។

លោកបន្តថា ការរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅតាមវត្តអារាមជា​បន្តបន្ទាប់នេះ ជាសញ្ញាមិ​នល្អសម្រាប់​ការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺនេះ ខណៈជំងឺកូវីដ-១៩​បំប្លែងថ្មីប្រភេទ ដែលតា កំពុងឆ្លងរាលដាលនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ លោកថា ការឆ្លងជំងឺកូវីដ-១៩ថ្មីៗទៀតនេះ អាចបំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជា​បានខិតខំគ្រប់គ្រងនិងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមក។

ករណីនេះ លោកនាយករដ្ឋមន្ត្រីបានណែនាំទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង​ និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការ ចូលរួម​ពិនិត្យពិចារណាលើរឿងនេះឱ្យបានម៉ត់ចត់។

មួយវិញទៀត លោកបានណែនាំ​ឱ្យ​​​ពិចារណា​ក្នុងការផ្អាកពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែបើមិនអាច​​ផ្អាកបាន​ទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ ដោយអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅតាមទីអារាម​កាន់បិណ្ឌសម្រាប់​វេននីមួយៗ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺនិងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥលូវឃើញជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ-១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយ​សារ​ពេលនេះ អ្នកទីក្រុងចរាចរទៅជនបទ អ្នកជនបទចរាចរមកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»។

ក្រោយពីមានការថ្លែងសារពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ ក្រសួង​ធម្មការនិងសាសនា បានប្រកាសផ្អាកការជួបជុំផ្សេងៗនិងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅរហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប១០៥ ៩៨១នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ២១៤នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់មានចំនួន​ ២ ១៥៤​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ