អង្គការ​យូនីសេហ្វ​៖​ របប​អាហារ​របស់​កុមារ​​នឹង​កាន់​តែ​ដុនដាប​ថែម​ទៀត​ក្នុង​បរិបទ​​កូវីដ-១៩​

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) បានលើកឡើងថា របបអាហាររបស់កុមារគ្មានភាពប្រសើរឡើងនោះទេនៅទស្សវត្សរ៍ចុងក្រោយនេះ ហើយនឹងអាចកាន់តែដុនដាបបន្ថែមទៀតនៅក្នុងបរិបទជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ ចុះថ្ងៃទី២​២ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា បើតាមការ​អង្កេតស្រាវ​ជ្រាវ​មួយ​ដោយ​យូនី​សេហ្វ​ កម្ម​វិធីស្បៀងអាហារពិភពលោក និង​ដៃគូ​ផ្សេង​ទៀត ចាប់ពី​ខែ​សីហា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ បានរកឃើញថា គ្រួសារចន្លោះពី ៤០-៥០% មានបញ្ហាចំណូលថយចុះ ដែលនាំឱ្យពួកគេត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើន​ជាង​មុន ជុំវិញការបរិភោគអាហារ ដែលបានបង្កផលប៉ះពាល់ដល់គុណភាពនៃរបបអាហាររបស់ពួកគេ។

អង្គការដដែលនេះជំរុញឱ្យរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធគប្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងនិងផ្តល់នូវរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យដល់កុមារគ្រប់រូប ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការរបស់ពួកគេ។

អង្គការយូនីសេហ្វ (UNICEF)៖ «អំពាវនាវឱ្យរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងដៃគូមនុស្សធម៌ ព្រមទាំងគ្រួសារ ពួតដៃគ្នាធ្វើការផ្លាស់ប្តូរប្រព័ន្ធស្បៀងនិងផ្តល់នូវរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យដល់កុមារគ្រប់រូប។ របបអាហារចម្រុះផ្តល់លទ្ធភាពឱ្យកុមារធំលូតលាស់ អភិវឌ្ឍន៍ និងរៀនសូត្របានល្អប្រសើរ ដើម្បីសម្រេចសក្តានុពលរបស់ពួកគេឱ្យបានពេញលេញ»។

​អង្គការយូនីសេហ្វ​ដដែល បន្ថែមថា កុមារអាយុក្រោម២ឆ្នាំ ជាក្រុមដែលងា​យរងគ្រោះបំផុត ដោយសារបញ្ហា​កង្វះ​អាហារូបត្ថម្ភគ្រប់ទម្រង់ ដូចជា ក្រិសក្រិន ស្គមស្គាំង និងការខ្វះមីក្រូសារជាតិជាដើម (លើសទម្ងន់ និងធាត់ជ្រុល) ដែលកើតឡើងដោយរបបអាហារមិនសមស្រប ខណៈកុមារនៅក្នុងវ័យនេះត្រូវការសារជាតិចិញ្ចឹម​សំខាន់ចាំបាច់ក្នុងមួយគីឡូក្រាមនៃទម្ងន់​របស់ពួកគេ ច្រើនជាងមនុស្សនៅវ័យផ្សេងទៀត។

មួយវិញទៀត អង្គការយូនីសេហ្វ ថាការយល់ដឹងអំពីបញ្ហាអាហារូបត្ថម្ភនៅមានកម្រិត ស្របពេលដែលការផ្សព្វផ្សាយផលិតផលជំនួសទឹកដោះម្តាយយ៉ាងគំហុក ដែល​កត្តានេះជាការរួមចំណែក​ធ្វើឱ្យរបបអាហារសម្រាប់​កុមារមានកម្រិតទាប និងធ្វើឱ្យថមថយនូវការបំបៅកូនដោយទឹកដោះម្តាយ។ លើស​ពី​នេះ ការកាត់បន្ថយ​ប្រាក់ឈ្នួលការងារនាពេលថ្មីៗនេះ ក៏បានធ្វើឱ្យបញ្ហាដែលកំពុងមានស្រាប់នោះរឹតតែធ្ងន់ធ្ងរបន្ថែមទៀត។

នាយិកាយូនីសេហ្វប្រចាំកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​នោះ​ថា ទីភ្នាក់ងារសហប្រជាជាតិនានាដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល​កម្ពុជា បានវាយ​តម្លៃ​លើការ​ពង្រីក​សកម្មភាព​ការអនុវត្តកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់ ដើម្បីកាត់បន្ថយទុក្ខលំបាក ជាពិសេសលើវិស័យគាំពារមាតានិងអាហារូបត្ថម្ភរបស់កុមារ។

លោកស្រីបន្តថា បច្ចុប្បន្ន អង្គការយូនីសេហ្វបានបន្តវិនិយោគ ដើម្បីផ្តល់ការគាំទ្រដល់រយៈពេល១ ០០០​ថ្ងៃដំបូង​របស់​ទារក ដែល​ជារ​យៈពេលដ៏សំខាន់បំផុត​នៃជីវិតរបស់​ពួកគេ ហើយ​​​ការវិនិយោគទាំងនេះ​ក៏រួមចំណែក​បង្កើនកម្រិតការអប់រំនិងផលិតភាពរបស់កុមារម្នាក់ៗសម្រាប់អនាគតនៃជីវិតពួកគេ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បន្ថែមថា៖ «ឥលូវនេះ​ គឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ ដែលចាំបាច់ត្រូវបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភ។ តាមរយៈការសហការជាមួយនឹងដៃគូបច្ចុប្បន្នរបស់យើង យើងនឹងគាំទ្រដល់ការពន្លឿនអនុវត្តផែនការជាតិបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី​២ គោល​នយោបាយ​និង​ផែន​ការ​សកម្ម​ភាពជាតិ​ស្តីពីកា​រគាំពារនិងអភិវឌ្ឍន៍កុមារតូច ផែនទីបង្ហាញផ្លូវស្តីពី GAP និងផែនទីបង្ហាញផ្លូវដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គនាយករងក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្មនិង​ជនបទ និង​ជាប្រធាន​អង្គភាពសន្តិសុខស្បៀងនិង​អាហារូបត្ថម្ភកម្ពុជា លោក សុខ ស៊ីឡូ និង​អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទេ នៅថ្ងៃ​នេះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា ស្ថានភាពស្បៀងអាហារនិងសុខភាពរបស់កុមារនៅតាមតំបន់ជនបទនិងសហគមន៍ក្រីក្រ នាពេល​កន្លងមក មិនទាន់មានភាពប្រសើរឡើងនៅ​ឡើយ ក្នុងនោះ មួយផ្នែកមកពីចំណីអាហារ និងខ្វះការអប់រំដល់ឪពុកម្ដាយពីរបៀបនៃការថែទាំកូនផងដែរ។ លោកបន្តថា កុមារដែលមិនបានទទួលរបបអាហារគ្រប់គ្រាន់ មិនត្រឹមប៉ះពាល់តែសុខភាពនោះទេ វាក៏បានប៉ះពាល់ដល់ការសិក្សារបស់កុមារដែរ បើសិនជាកុមាររូបនោះក្រិស​ក្រិននិងស្គមស្គាំងនោះ។

លោក​ថា៖ «ទី១ រដ្ឋាភិបាលគួរតែប្រញាប់ប្រញាល់ ដើម្បីទទួលយកមើលរបាយការណ៍លម្អិត ថាតើគេបាននិយាយអំពីរឿងអីខ្លះ ហើយធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើការនៅកៀកជាមួយនឹងក្មេង ហើយសុខភាពរបស់កេ្មង ដើម្បីធ្វើម៉េចដើម្បីរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីផ្ដល់ស្បៀងអាហារបន្ថែមដល់កុមារនៅទូទាំងប្រទេស»។

អង្គការយូនីសេហ្វ បញ្ជាក់ថា តាមប្រេវ៉ាឡង់​នៃភាពក្រិសក្រិន មានការ​​កើនឡើងយ៉ាងឆាប់រហ័ស​លើកុមារដែល​មាន​អាយុ​ចន្លោះ​ពី៦ខែទៅ២​ឆ្នាំ នៅពេលដែលរបបអាហាររបស់ពួកគេ​​ពុំបានតាមទាន់តម្រូវការអាហារូបត្ថម្ភដែល​​បម្រើដល់ការលូតលាស់របស់ពួកគេ។ អង្គការនេះបន្តថា នៅប្រទេសកម្ពុជា កុមារម្នាក់ក្នុងចំណោម៣​នាក់បានក្រិសក្រិន និង​ម្នាក់ក្នុងចំណោម១០នាក់បានស្គមស្គាំង។

​អង្គការអន្តរជាតិមួយនេះបានផ្ដល់អនុសាសន៍ថា ដើម្បីផ្តល់របបអាហារដែលសម្បូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យដល់កុមារគ្រប់រូបនោះ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ព្រមទាំងប្រព័ន្ធគាំពារសង្គម។ ការផ្លាស់ប្តូរតាមរយៈការដឹកនាំការអនុវត្តសកម្មភាពសំខាន់ៗ ដូចជា បង្កើនជម្រើសនិងធ្វើឱ្យអាហារដែលសម្បូរសារធាតុចិញ្ចឹមមានតម្លៃសមរម្យ ដូចជា បន្លែផ្លែឈើ ស៊ុត ត្រី សាច់ និងអាហារដែលមានមីក្រូសារជាតិ ដោយផ្តល់ការលើកទឹកចិត្តដល់ផលិតកម្ម ការចែកចាយ និងការលក់រាយនូវអាហារទាំងនេះ។

មួយវិញទៀត ត្រូវ​ប្រើប្រាស់បណ្តាញអប់រំផ្សព្វផ្សាយចម្រុះ ដើម្បីបញ្ជូនសារសំខាន់ៗដល់ឪពុកម្ដាយនិងកុមារ ដោយប្រើប្រាស់ភាសាច្បាស់លាស់និងងាយស្រួលយល់។

អង្គការនេះក៏បានជំរុញ​ដល់រដ្ឋាភិបាល​កម្ពុជា ​អនុវត្តស្តង់ដារនិងនីតិកម្មថ្នាក់ជាតិ ដើម្បីការពារកុមារពីអាហារនិងភេសជ្ជៈកែច្នៃធម្មតានិងកែច្នៃដោយក្រុមហ៊ុនធំៗដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងត្រូវបញ្ចប់ការផ្សាយពាណិជ្ជកម្មដែលអាចបង្កគ្រោះថ្នាក់ចំពោះកុមារនិងគ្រួសារ ជាពិសេសតាមរយៈការបង្កើនការអនុវត្តច្បាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មយ៉ាងគំហុកអំពីផលិតផលជំនួសទឹកដោះម្តាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ