វិភាគ៖​ តើ​បញ្ហា​អ្វី​ខ្លះ​នឹង​កើត​ឡើង​នៅ​ពេល​​ដក​ហូត​កម្មសិទ្ធិ​ដី​ដោយ​​មិន​ផ្តល់​​​សំណង​សមរម្យ?​

ស្លាកដោតបញ្ឈរលើដីកំពុងមានទំនាស់រវាងពលរដ្ឋរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាមួយនឹងក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយពលរដ្ឋអះអាងថាមិនទាន់មានការដោះស្រាយនិងសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

មាត្រា៤៤​ នៃរដ្ឋធម្មនុញ្ញ ចែងថា៖ «កម្មសិទ្ធិឯកជន​ស្រប​ច្បាប់ ស្ថិតក្រោមការគាំពារនៃច្បាប់ ដែល​នឹង​ដ​​ក​ហូត​កម្មសិទ្ធិអំពី​ជន​ណាមួយបាននោះ លុះត្រាតែ​ប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែ​ល​ច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌»។

មួយវិញទៀត ច្បាប់ស្តីពីអស្សាមិករណ៍ (ដកហូត) ដែល​រដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់​ចាប់តាំង​ពី​ឆ្នាំ២០០៩ ត្រង់​មាត្រា២ ចែង​ដែរថា ច្បាប់នេះមានគោលបំណងជាអាទិ៍ «ធានាការដកសិទ្ធិស្របច្បាប់កម្មសិទ្ធិឯកជ​ន ដោយធានាការទូទាត់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌»

ប៉ុន្តែការអនុវត្តជាក់ស្តែងនាប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា ហាក់មិនបាន​អនុលោមទៅតាមច្បាប់ទាំងនេះទេ ដែល​ធ្វើឱ្យអ្នកតវ៉ាដីខ្លះត្រូវបានគេបាញ់ឱ្យរងរបួស និងខ្លះទៀតត្រូវបានចាប់ដាក់ពន្ធនាគារ នៅពេល​ស្វែងរក​កិច្ចអន្តរាគមន៍ឬចេញតវ៉ាប្រឆាំងនឹងការផ្តល់សំណងមិនសមរម្យ អំឡុងការអភិវឌ្ឍចូលទៅដល់តំបន់ដែលពួកគេរស់នៅ។

បើតាមកំណត់ត្រារបស់​អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ កាលពីខែមីនា​ ឆ្នាំ២០១៨ ​មនុស្សចំនួន៣​នាក់​បាន​ត្រូវ​​គ្រាប់​កាំភ្លើង ​នៅក្នុងខេត្តក្រ​ចេះ​ បន្ទាប់ពីកម្លាំងចម្រុះ​បានបាញ់​​ទៅលើប្រជាពលរដ្ឋ​ប្រមាណ​ជា​៣​០០​នាក់​ដែលកំពុងតវ៉ា​ប្រឆាំង​នឹងការប​ណ្ដេ​ញ​​ដោយហិង្សា។

កំណត់ត្រាដដែលបន្តថា នៅខែមករា​ ឆ្នាំ២០១៩ ករណីបាញ់​ប្រហារ​​ដូចគ្នានេះបានកើតឡើងទៅលើបុរសម្នាក់​បណ្តាលឱ្យ​គាត់​រងរបួស ​ខណៈកម្លាំងប្រដាប់អាវុធចុះអនុវត្តសាលដីការបស់​តុលាការកំពូល ពាក់ព័ន្ធ​ជម្លោះដីធ្លីមួយកន្លែងនៅ​ខេត្តព្រះសីហនុ​។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ​ទាហានមួយក្រុម​បានបាញ់ប្រហារ​​ទៅលើ​អ្នកតវ៉ាដីធ្លី​នៅក្នុង​ខេត្តកណ្ដាល​ បណ្ដាល​ឱ្យបុរសម្នាក់របួសត្រង់ស្មា ពាក់ព័ន្ធ​នឹងវិវាទដីធ្លីមួយ​កន្លែងនៅឃុំ​ទួលព្រេជ​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រឿងដាច់ដោយឡែកមួយទៀត ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល របស់ក្រុមហ៊ុន OCIC ពលរដ្ឋ៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែ​កញ្ញា​នេះ ក្រោមហេតុផល​ផ្ទុះអំពើ​ហិង្សាជាមួយ​សមត្ថកិច្ចដែលត្រូវបានគេដាក់ពង្រាយនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ជាតំបន់ដែលពលរដ្ឋមិនទាន់ទទួលយកសំណង។

យ៉ាងណា អ្នកដែលត្រូវចាប់ខ្លួន៩នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនា​គារជិតមួយសប្តាហ៍​ ក្រោម​​បទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ប្រឆាំងនឹងមន្ត្រីរាជការ» ក្រោយ​ពីពួកគេ​បដិសេធទទួលយកសំណង​ដែលក្រុម​ហ៊ុននិងអាជ្ញាធរ​កំណត់ឱ្យ​ត្រឹមតែ ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

ក្រុមពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តកណ្ដាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយមានការប៉ះទង្គិចរវាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងសាងសង់ព្រលានយន្តហោះ (OCIC) ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយាមកាមនៅទីតាំងដីមានទំនាស់។ (ផ្ដល់ឱ្យ)
ក្រុមពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តកណ្ដាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយមានការប៉ះទង្គិចរវាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងសាងសង់ព្រលានយន្តហោះ (OCIC) ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយាមកាមនៅទីតាំងដីមានទំនាស់។ (ផ្ដល់ឱ្យ)

បញ្ហានេះបង្កើតជាសំណួរថា តើនឹងមានបញ្ហាអ្វីកើតឡើង បើការដកហូតកម្មសិទ្ធិដីនៅតែមិនផ្តល់សំណង​សមរម្យតាមច្បាប់?

អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ហៅករណីនេះថា ជាការចាប់បង្ខំម្ចាស់កម្មសិទ្ធិឱ្យទទួលយកសំណងតាមការចង់បានរប​ស់​អាជ្ញាធរនិងក្រុមហ៊ុន មិនអនុលោម​តាមច្បាប់ និងថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកថា៖ «វាជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹងធ្ងន់ធ្ងរណាស់ បើនិយាយពីរឿងសិទ្ធិមនុស្ស អត់អនុវត្តទៅតាមច្បាប់ដែលបានលើកឡើងទេ អានេះវាដូចជាដាក់សម្ពាធឱ្យពួកគាត់ទទួលយកតែម្តង»។

លោក សុផាត យល់ថា បញ្ហានេះវានឹងបន្សល់ទុក​នូវការឈឺចាប់ដល់ពលរដ្ឋ ការអនុវត្តច្បាប់ខ្វះតម្លាភាព និងជំរុញឱ្យមានវិបត្តិសង្គម​ក៏អា​ច​ថាបាន បើគ្មានអ្វីកែលម្អទាន់ពេលទេនោះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ឃើញថា ការដកហូតកម្មសិទ្ធិស្របច្បាប់ក្រោមរូបភាពគំរាមកំហែង នឹងធ្វើឱ្យការប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេល​កន្លងមកគ្មានប្រសិទ្ធភាព ដូចជា ការដាក់ចេញ​នូវគោលនយោបាយដីធ្លីដើម្បីកាត់បន្ថយភាពក្រីក្រ និងយន្តការឱ្យក្រុមនិស្សិតចុះវាស់វែងដី ដើម្បី​ធ្វើបណ្ណកម្មសិទ្ធិដីធ្លី​ឱ្យប្រជាពលរដ្ឋអំឡុងឆ្នាំ២០១២មកនោះ ជាដើម។

លោកថា៖ «ប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភថា ប្រសិនបើកន្លែងណាមានការអភិវឌ្ឍដីដែលមិនទា​​ន់​មានប្លង់ គាត់រឹតតែព្រួយទៅទៀត ព្រោះឥលូវហ្នឹងដីដែលមានប្លង់ហើយក៏គាត់នៅតែព្រួយបារ​ម្ភ​ថាមិន​ដឹងធ្វើម៉េច! ដល់ដីមានប្លង់ទៅហើយនៅតែយកដីគាត់បានអ៊ីចឹងទៀត ដោយមិនមានសំ​ណងសមរម្យតា​មច្បាប់អ៊ីចឹងទៀត។ អ៊ីចឹងគាត់មានការព្រួយបាម្ភមែនទែន»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បាន​លើក​ឡើង​​ប្រហាក់ប្រហែលគ្នា​ដែរ​ថា កសិករមួយចំនួនដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ បាន​ទទួលយកសំណងតាម​ការ​ផ្តល់​ឱ្យ​របស់​ភាគីម្ខាងទៀតនិងអាជ្ញាធរ ជាថ្នូរនឹងការដោះដូរ​ដី​ ក្រោយមាន​ការគំរាមកំហែងនិងការបំភិតបំភ័យ។

លោក សាវឿន យល់ថា ការដកសិទ្ធិឯកជនទាំងមិនបានផ្តល់សំណងសមរម្យ នឹង​ជំរុញឱ្យមានកា​រ​កើនឡើងភាពក្រីក្រ ជាឱកាសពង្រីកអំពើពុករលួ​យរបស់មន្ត្រីខិលខូច និងធ្វើឱ្យពលរដ្ឋបា​ត់បង់​ជំនឿលើប្រព័ន្ធច្បាប់ ដែលការនេះ លោកថា នឹងបង្កើតជាការចោទសួរទៅលើការទទួលខុសត្រូ​វរបស់​រដ្ឋាភិ​បាលចំពោះមុខរដ្ឋធម្មនុញ្ញ។

លោកថា៖ «មួយវិញទៀត ភាពអយុត្តិធម៌សង្គមនឹងបង្កើនការឈឺចាប់សម្រាប់ប្រជាពលរដ្ឋ​ដែលជាអ្នករងគ្រោះហ្នឹងកាន់​តែផ្ទុះឡើងខ្លាំង ហើយវាអាចឈានទៅរកការជជែកទៅលើការទទួលខុសត្រូវ ឬក៏ទំនុកចិត្តខ្លាំងរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរសាធារណៈ ឬក៏មន្ត្រីរាជការក្នុងប្រព័ន្ធដឹកនាំចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ជាតិផងដែរ»។

មាត្រា២២ នៃច្បាប់អស្សាមិករណ៍ ចែង​ថា ប្រាក់សំណងដែលត្រូវផ្តល់ឱ្យដល់ម្ចាស់អចលនវត្ថុ ឬម្ចាស់​កម្មសិទ្ធិ ត្រូវគិតតាមតម្លៃ​ទីផ្សារ។ តម្លៃទីផ្សារត្រូវកំណត់ដោយគណៈកម្មការឬភ្នាក់ងារឯករាជ្យមួយតាមការជ្រើ​សរើសរបស់គណៈកម្មាធិការអស្សាមិករណ៍។

ច្បា​ប់នោះក៏បានចែងដែរថា៖ «មន្ត្រីមានសមត្ថកិច្ចដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួ​ល​​ទ​​ណ្ឌកម្មខាងរដ្ឋបាល ដោយមិនទាន់គិតពីទណ្ឌកម្មផ្សេងទៀត​ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន»។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា អាជ្ញាធរមិនបានចាប់បង្ខំពលរដ្ឋឱ្យ​ទទួល​យក​​សំណង​ទេ ហើយ​ការផ្តល់ឱ្យ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ផ្តល់សំណងដល់ពលរដ្ឋ​ដែល​រងផលប៉ះពាល់​ដោយសារ​ការ​​សាងសង់​​ព្រលានយន្តហោះថ្មីនេះ ត្រូវបានវាយតម្លៃដោយ​គណៈកម្ម​ការ​ចំពោះកិច្ច​មួ​យ និងភាគីក្រុ​មហ៊ុ​ន ដែលលោកគិតថាជាតម្លៃសមរម្យមួយ បើធៀបនឹងតម្លៃដីនៅពេលនោះមិនទាន់ឡើងថ្លៃ។

លោកថា៖ «ការដោះនេះមិនមែនមានន័យថាបង្ខិតបង្ខំទេ បងប្អូនណាព្រមក៏មកយកទៅ បងប្អូនណាមិនព្រមក៏ចាំយកក្រោយទៅ។ […] មានន័យថា វាមិនខុសនឹងច្បាប់ទេ វាស្ថិតនៅក្នុងកម្រិតនៃការគ្រប់គ្រងមួយ ហើយក៏ស្ថិតនៅក្នុងការយល់ស្របនិងព្រមព្រៀងគ្នាដែរ តែបើយើងមើលទៅថាវាខុស អាហ្នឹងវាពិបាកយល់ដែរ»។

មួយវិញទៀត​​ លោកថា ការចាប់ខ្លួនអ្នកតវ៉ានាពេលថ្មីៗនេះក៏មិនមែន​មក​ពីការមិនព្រមទទួលសំណង​​​​ដែរ​ តែដោយសារ​​ពួកគេបង្កហិង្សា​​ទៅលើក្រុមសមត្ថកិច្ច។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញ​ថា ការប្រើសម្ពាធ​ច្បាប់ដើម្បី​ចាប់ប​ង្ខំ​ម្ចាស់ដីឱ្យទទួលយកសំណងដែល​មិនយោងទៅលើច្បាប់ដែលមានស្រាប់ ជាគំរូមិនល្អមួយស​ម្រា​​ប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោ​ក ពិសី យល់ថា បញ្ហានេះ បើស្ថាប័នពាក់ព័ន្ធមិនពិនិត្យកែលម្អឡើងវិញទេ វានឹងធ្វើឱ្យពលរដ្ឋបា​ត់បង់​​ជំនឿទៅ​ប្រព័ន្ធ​ច្បាប់ បង្កើតឱ្យមានអំពើពុករលួយច្រើន អយុត្តិធម៌សង្គម និង​​រារាំងដល់ការទាក់ទាញអ្នកវិនិយោគធំៗឱ្យមករកស៊ីនៅកម្ពុជាទៀតផង។

លោកថា៖ «ចំណុចហ្នឹង ខ្ញុំគិតថា ក្នុងនាមប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយពង្រឹងនី​តិ​រដ្ឋ យើងគួរតែចាប់ផ្តើមពង្រឹងនីតិរដ្ឋ ពង្រឹងច្បាប់ ហើយបង្កើនជំនឿពីសំណាក់ប្រជាពលរដ្ឋក្នុងការបំពេញការងារជាស្ថាប័នសាធារណៈ»៕


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ