អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ដល់​ជាង​៨០០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​២០​នាក់​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៨០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជាង២០​​នាក់​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៨២២​នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១០៦នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៩៤នាក់។

អត្រាឆ្លងមានការកើនឡើងនេះ ស្របពេលដែលកម្ពុជាកំពុងប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

ករណីនេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្ទាន់មួយកាលពីយប់ថ្ងៃម្សិល​មិ​ញនេះ ដោយសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែកញ្ញា​ស្អែក​នេះ។

ការ​ផ្អាក​នេះធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈរដ្ឋាភិបាល​បាន​សង្កេតឃើញ​ថា ក្នុង​រយៈ​ពេល​ពីរថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយ​មិន​មាន​ការ​ធានា​បាន​នូវ​ការអនុវត្តបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឡើយ។

រដ្ឋាភិបាលបារម្ភ​ថា ការ​ជួបជុំនេះនឹងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែង​ខ្លួន​ថ្មីប្រភេទ ​ដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១០៧ ៤៤១នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៩ ៦២៨នាក់ និងអ្នកស្លាប់កើនដល់​ចំនួន​២ ១៩៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៤៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ