រដ្ឋា​ភិបាល​ផ្អាក​ពិធី​​បុណ្យ​កាន់​បិណ្ឌ​និង​​ភ្ជុំ​បិណ្ឌ ខណៈ​វត្ត​អារាម​មួយ​ចំនួន​​ឆ្លង​​ជំងឺ​​កូវីដ-១៩

ពុទ្ធបរិស័ទប្រគេនចង្ហាន់និងទេយ្យវត្ថុដល់ព្រះសង្ឃ នាឱកាសថ្ងៃកាន់បិណ្ឌទី១ នៅវត្តមួយស្ថិតនៅខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបន្ទាន់មួយកាលពីយប់ថ្ងៃម្សិល​មិ​ញនេះ ដោយសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែកញ្ញា​ ស្អែក​នេះ។

ការ​ផ្អាក​នេះធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈរដ្ឋាភិបាល​បាន​សង្កេតឃើញ​ថា ក្នុង​រយៈ​ពេល​ពីរថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយ​មិន​មាន​ការ​ធានា​បាន​នូវ​ការអនុវត្តបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឡើយ។

រដ្ឋាភិបាលបារម្ភ​ថា ការ​ជួបជុំនេះនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែង​ខ្លួន​ថ្មីប្រភេទ​ ដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

បើទោះបីជាពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌត្រូវ​ផ្អាក​មែន តែ​រដ្ឋាភិបាល​បាន​រក្សាការ​ឈប់សម្រាក​រយៈ​ពេល​៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះនៅដដែល។ បន្ថែមលើនេះ គណៈអភិបាល​រាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួល​ជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

តាមរយៈសារសំឡេងកាលពីថ្ងៃទី២៣ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ឱ្យពិចារណាឡើងវិញ ចំពោះការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅឆ្នាំនេះ បន្ទាប់ពីរកឃើញមានផ្ទុះជំងឺកូវីដ-១៩ នៅតាមវត្តអារាមមួយចំនួនដូចជា ​វត្តជំពុះក្អែក​ និងវត្តនាគវ័ន្ត នៅរាជធានីភ្នំពេញជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ